អានតួអត្ថបទ

នាយករដ្ឋមន្រ្តីកាណាដាស្តីបន្ទោសរុស្ស៊ីក្នុងរឿងបំផ្លាញទំនប់វារីអគ្គិសនីអ៊ុយក្រែន

នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ​បាន​បំពេញ​ទស្សនកិច្ច​ដោយ​មិន​បាន​ព្រាង​ទុក​នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​នា​ថ្ងៃ​សៅរ៍ ទី១០ មិថុនា។ វត្តមាន​របស់​លោក​ទ្រុយដូ​ក្នុង​ទឹកដី​អ៊ុយក្រែន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បំផ្ទុះ​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka ក្នុង​តំបន់ Kherson ដែល​រុស្ស៊ី និង​អ៊ុយក្រែន​បន្ត​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា។ ផលវិបាក​កើត​ចេញ​ពី​ការ​បំផ្ទុះ​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka គឺ​លំហូរ​ទឹក​ទៅ​លិច​តាម​តំបន់​ដែល​ស្ថិត​ក្រោម​កាន់កាប់​របស់​អ៊ុយក្រែន និង​តំបន់​ដែល​កាន់កាប់​ដោយ​រុស្ស៊ី។

នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ (រូបឆ្វេង) និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គីក្នុង​ទីក្រុង​កៀវ ថ្ងៃទី១០ មិថុនា ២០២៣។
នាយករដ្ឋមន្រ្តី​កាណាដា​លោក​ហ្សូសស្តាំង ទ្រុយដូ (រូបឆ្វេង) និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គីក្នុង​ទីក្រុង​កៀវ ថ្ងៃទី១០ មិថុនា ២០២៣។ AP - Frank Gunn
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី នាយករដ្ឋមន្រ្តី​កាណាដា​លោក​ទ្រុយដូ​មិន​បាន​ចង្អុល​ចំ​មុខ​រុស្ស៊ី​ជា​អ្នកទទួល​ខុស​ត្រូវ​នៃ​ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka ទេ។ តែ​បាន​យល់​ឃើញ​ថា ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី​មួយ​នេះ​ជា​ផលវិបាក​ផ្ទាល់​ដែល​កើត​ចេញ​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ អ្វី​ដែល​លោក​ទ្រុយដូ​ចង់​មាន​ន័យ​គឺ​ថា បើ​រុស្ស៊ី​មិន​បាន​សម្រេច​ចិត្ត​ចូល​ឈ្លានពាន​អ៊ុយក្រែន​ទេ ម្ល៉េះ​ក៏​ទំនប់​វារីអគ្គិសនី Kakhovka មិន​ទទួល​រង​ការ​បំផ្លាញ​ដែរ។ គួរ​បញ្ជាក់​ថា ទំនប់​វារីអគ្គិសនី​អ៊ុយក្រែន​មួយ​នេះ​បាន​ផ្ទុះ​បាក់​ធ្លាយ​ក្នុង​ថ្ងៃទី៥ មិថុនា។

ផលវិបាក​នៃ​ការ​ផ្ទុះ​បាក់​មួយ​នេះ​កាល​ណោះ គឺ​បង្ក​ឲ្យ​មាន​ទឹកជំនន់​លិច​ភូមិ ស្រុក​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​អ៊ុយក្រែន និង​តំបន់​ដែល​កាន់កាប់​ដោយ​រុស្ស៊ី រួម​ទាំង​មាន​មនុស្ស​ស្លាប់ និង​របួស។ ក្រៅ​ពី​ស្តីបន្ទោស​រុស្ស៊ី​ក្នុង​រឿង​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka នាយករដ្ឋមន្រ្តី​កាណាដា​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន ១០លានដុល្លារ​ឲ្យ​អ៊ុយក្រែន​នៅ​ក្នុង​រឿង​នេះ និង​បន្ថែម ៥០០លានដុល្លារ​សម្រាប់​ជំនួយ​យោធា។ ទន្ទឹម​គ្នា​នេះ លោក​ទ្រុយដូ​ក៏​បាន​ប្រកាស​ពី​ការ​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច​ក្នុង​ការ​បង្ហាត់បង្រៀន​អ្នកបើកបរ​យន្តហោះ​ចម្បាំង​អ៊ុយក្រែន និង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ថែទាំ និង​គាំទ្រ​យន្តហោះចម្បាំង​អ៊ុយក្រែន។

នៅ​មុន​ជំនួប​ជាមួយ​លោក​ហ្សេឡេស្គី លោក​ទ្រុយដូ​ក៏​បាន​ជួប​សន្ទនា​ជាមួយ​អនុរដ្ឋមន្រ្តី​ការពារជាតិ​អ៊ុយក្រែន និង​ក្រុម​ទាហាន​អ៊ុយក្រែន​ដែល​បាន​ទទួល​ការ​ហ្វឹកហាត់​នៅ​កាណាដា។ គួរ​បញ្ជាក់​ថា កាណាដា​ដែល​មាន​សហគមន៍​អ៊ុយក្រែន​រស់នៅ​យ៉ាង​សំខាន់​ជា​ប្រទេស​មួយ​ដែល​បាន​គាំទ្រ និង​ផ្តល់​ជំនួយ​ច្រើន​ឲ្យ​អ៊ុយក្រែន ពិសេស​ជំនួយ​យោធា និង​ការ​ហ្វឹកហាត់​ទាហាន​អ៊ុយក្រែន​ជាង ៣៦ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ