អានតួអត្ថបទ
អ៊ុយក្រែន-គ្រាប់​មីន

បាក់ទំនប់ទឹកនៅអ៊ុយក្រែន៖ កាកបាទក្រហមព្រួយបារម្ភ អំពី​​គ្រាប់មីនដែលត្រូវទឹកហូរនាំ​រាយប៉ាយ

ករណីបាក់ទំនប់ទឹកដ៏ធំ នៅភាគខាងត្បូងអ៊ុយក្រែន មិនត្រឹមតែបាន​បង្កឲ្យ​មនុស្ស​រាប់ពាន់នាក់ត្រូវភៀសខ្លួន​ ព្រមទាំងបង្ក​ឲ្យ​មានការព្រួយ​បារម្ភ អំពី​មហន្តរាយ​ធម្មជាតិ​ប៉ុណ្ណោះទេ តែពេលនេះ គឺមានការបារម្ភដ៏ធំមួយទៀត ទាក់ទិននឹងគ្រាប់មីនរាប់ពាន់គ្រាប់ ដែលនៅរាយ​ប៉ាយក្នុងតំបន់នេះ​។ យោងតាម​អង្គការកាកបាទក្រហមអន្តរជាតិ ទឹកទន្លេជន់លិចក្រោយ​បាក់ទំនប់​ បានហូរនាំ​គ្រាប់មីនជាច្រើនគ្រាប់ ​ឲ្យ​រសាត់រាយប៉ាយ​ បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុវត្ថិភាពនៅតំបន់នេះ​។

សត្វត្រីរាប់សិបក្បាលងាប់ ក្រោយទំនប់ Kakhovka បានបាក់ និង​បាន​បណ្តាល​​ឲ្យ​ទឹក​ជន់លិចនៅតាមដងទន្លេ Dniepr ក្នុងតំបន់​Kherson។ ថ្ងៃទី ៧ មិថុនា ២០២៣​
សត្វត្រីរាប់សិបក្បាលងាប់ ក្រោយទំនប់ Kakhovka បានបាក់ និង​បាន​បណ្តាល​​ឲ្យ​ទឹក​ជន់លិចនៅតាមដងទន្លេ Dniepr ក្នុងតំបន់​Kherson។ ថ្ងៃទី ៧ មិថុនា ២០២៣​ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

យោងតាមលោក Erik Tollefsen អ្នកជំនាញ​ផ្នែកបោសសំអាតអាវុធជាតិផ្ទុះ នៃអង្គការកាកបាទក្រហមអន្តរជាតិ គឺ​គ្រាប់មីនជាច្រើនគ្រាប់ ត្រូវបាន​ភាគីជម្លោះទាំងសងខាង ដាក់​បង្កៃកប់ក្រោមដី នៅតំបន់ Kherson ជាប់ដងទន្លេ Dniepr ដែលជា​ខ្សែសមរភូមិជួរមុខ។ ក្រុមការងារកាកបាទក្រហម បាន​បើកប្រតិបត្តិការ​ ដាក់ផ្លាកសញ្ញាសំគាល់ ទីតាំង ដែល​មានគ្រាប់មីន បានមួយ​ផ្នែក​ហើយ ដើម្បីរងចាំការបោសសំអាត។ ក៏ប៉ុន្តែ ក្រោយ​ហេតុការណ៍ បាក់ទំនប់ទឹក Kakhovka កាលពីថ្ងៃអង្គារកន្លងទៅ តំបន់នេះត្រូវទឹកជន់លិចហួរគួចត្របាញ់ នាំយកទាំងផ្លាកសញ្ញា ហើយ​អាចប្រហែលជាគ្រាប់មីន​ជាច្រើនគ្រាប់ ឲ្យ​រសាត់រាយ​ប៉ាយ ទៅតាមខ្សែទឹក។

អ្នកជំនាញរូបនេះបាន​ថ្លែងការបារម្ភថា ចាប់ពីពេលនេះទៅ គេមិនដឹងថាគ្រាប់មីនទាំងអស់នោះ ត្រូវបានទឹកហូរនាំទៅដល់ត្រង់ណាខ្លះទេ។ វាគឺជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់​ក្រុមសង្គ្រោះ ដែលចូលទៅជួយ​ប្រជាពលរដ្ឋ នៅតំបន់ដែលត្រូវទឹកជន់លិច។ គ្រាប់មីនខ្លះ អាចត្រូវទឹកហូរនាំទៅឆ្ងាយ​នៅខាងក្រោម គំរាមដល់សុវត្ថិភាពប្រជាជន។​

សូមបញ្ជាក់ថា ទំនប់វារីអគ្គីសនី Kakhovka ត្រូវបាន​បាក់ធ្លាយ ដោយ​ការបាញ់ប្លោងគ្រាប់ចំ។ អ៊ុយក្រែន និងរុស្ស៊ីចោទគ្នាទៅវិញទៅមក ថាជាអ្នកធ្វើរឿងនេះ។ ប្រជាជនជាច្រើនពាន់នាក់ ត្រូវបាន​អាជ្ញាធរទាំងសងខាងជម្លៀសចេញ ខណៈទឹកបាន​ជន់លិចភូមិ និង​ទីក្រុងមួយចំនួន ក្នុងតំបន់Kherson។ យោងតាមកាកបាទក្រហមអន្តរជាតិ ទោះមិនមានតួលេខច្បាស់ក៏ដោយ តែគេជឿថាតំបន់Kherson នេះ ត្រូវបាន​កងទ័ពទាំងសងខាងកប់បង្កៃគ្រាប់មីនក្នុងចំនួន​ដ៏សន្ធឹក។

បញ្ហា​ប្រើប្រាស់គ្រាប់មីនកប់​ក្នុងដី នៅតាមសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន ត្រូវបាន​អង្គការសហប្រជាជាតិទាញសញ្ញាអាសន្ន​រួចហើយ និងបានអំពាវនាវ ឲ្យ​ភាគីជម្លោះត្រូវតែ​បញ្ឈប់ជាបន្ទាន់។ ប្រតិបត្តិការ​បោសសំអាតទឹកដីអ៊ុយក្រែនពីគ្រាប់មីន គឺជា​អ្វីដែល​សហគមអន្តរជាតិ បានផ្តោតការយកចិត្តទុកដាក់។ យ៉ាងណាមិញ នៅទីស្នាក់ការអង្គការកាកបាតក្រហមអន្តរជាតិ ក្បែរក្រុងហ្សឺណែវ អ្នកជំនាញ​ទើបតែបានបង្ហាញយានដ្រូនប្រភេទថ្មី ដែលអាចហោះពីលើ ដឹងថាត្រង់ណាមានមីនក្នុងដី តាមរយៈការចាំកំដៅ។​ យោងតាមលោកស្រីប្រធាន​កាកបាទក្រហមអន្តរជាតិ មនុស្ស​ម្នាក់អាចដើររាវរកគ្រាប់​មីន ក្នុងបរិវេណ​៥០ម៉ែត្រការ៉េក្នុងមួយថ្ងៃ  តែយានដ្រូនពិសេសនេះវិញ អាចធ្វើបាន​ ក្នុងទំហំដល់ទៅ ​ ១សែនម៉ែត្រការ៉េ ក្នុងមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ