អានតួអត្ថបទ

អ្នកទទួលខុសត្រូវអាមេរិក៖នាយក CIA លោក William Burns បានទស្សនកិច្ចស្ងាត់ៗនៅអ៊ុយក្រែន

នៅ​អាមេរិក អ្នកទទួលខុសត្រូវ​ម្នាក់​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់ AFP ក្នុង​ថ្ងៃ​សុក្រ ទី៣០ មិថុនា​ថា នាយក CIA លោក William Burns បាន​ទៅ​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​អ៊ុយក្រែន​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន លោក William Burns បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស៊ើបការណ៍​សម្ងាត់ និង​ប្រធានាធិបតី​លោក​ហ្សេឡេនស្គី។ គួរ​បញ្ជាក់​ថា ព័ត៌មាន​ស្តីពី​ទស្សនកិច្ច​ស្ងាត់ៗ​របស់​នាយក CIA អាមេរិក​នៅ​អ៊ុយក្រែន​ត្រូវ​បាន​កាសែត​អាមេរិក The Washington Post ទម្លាយ​មុន​គេ។

នាយក CIA អាមេរិក លោក William Burns
នាយក CIA អាមេរិក លោក William Burns AP - Graeme Jennings
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​លោក William Burns ត្រឡប់​ដល់​ទឹកដី​អាមេរិក​វិញ​ទើប​អ្នកទទួលខុសត្រូវ​អាមេរិក​ម្នាក់​បញ្ជាក់​ពី​ទស្សនកិច្ច​របស់​លោក Burns នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ទស្សនកិច្ច​ដែល​មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អ៊ុយក្រែន​កំពុង​បន្ត​ការ​វាយ​បក​ទៅ​លើ​ទ័ព​រុស្ស៊ី​នៅ​ប៉ែកខាងកើត និង​ប៉ែកខាងត្បូង​ប្រទេស។ តាម​អ្នកទទួលខុសត្រូវ​អាមេរិក​មិន​ព្រម​បញ្ចេញ​ឈ្មោះ លោក Burns បាន​បញ្ជាក់​ជា​ថ្មី​ប្រាប់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ពិសេស​ប្រធានាធិបតី​លោក​ហ្សេឡេនស្គី​ពី​ការ​សន្យា​របស់​អាមេរិក​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ដើម្បី​ជួយ​អ៊ុយក្រែន​ឲ្យ​ការពារ​ខ្លួន​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ អ្នកទទួលខុសត្រូវ​អាមេរិក​រូប​នេះ​ដដែល​បាន​បន្ថែម​ថា លោក Burns ឧស្សាហ៍​ទៅ​អ៊ុយក្រែន​តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាម​ជាង ១ឆ្នាំ​កន្លង​ទៅ។

ចំណែក​កាសែត​អាមេរិក The Washington Post ដែល​បាន​ទម្លាយ​ព័ត៌មាន​រឿង​ទស្សនកិច្ច​របស់​លោក Burns នៅ​អ៊ុយក្រែន​មុន​គេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​អ៊ុយក្រែន​បាន​បង្ហាញ​លោក Burns នូវ​ផែនការ​ចំនួន ២ចំណុច ទី១ វាយ​ដណ្តើម​យក​វិញ​នូវ​ទឹកដី​ដែល​រុស្ស៊ី​កំពុង​កាន់កាប់ និង​ទី១ ផ្តើម​កិច្ចចរចា​ស្តីពី​បទឈប់បាញ់​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២៣។ តាម​អ្នកទទួលខុសត្រូវ​អាមេរិក​ដដែល នាយក CIA លោក William Burns បាន​ទៅ​អ៊ុយក្រែន​នៅ​មុន​ផ្ទុះ​ព្រឹត្តិការណ៍​បះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner ដឹកនាំ​ដោយ​លោក​ព្រីហ្គោហ្ស៊ីន​ក្នុង​ថ្ងៃទី២៤ មិថុនា។ តែ​រឿងរ៉ាវ​មួយ​នេះ​មិន​ត្រូវ​បាន​លោក Burns លើក​យក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​ទេ។

ម្យ៉ាង​ទៀត និង​បើ​តាម​បណ្តាញ​សារព័ត៌មាន​អាមេរិក​ធំៗ​មួយ​ចំនួន លោក Burns បាន​ទូរស័ព្ទ​ប្រាប់​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​របស់​រុស្ស៊ី​ថា អាមេរិក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ទេ។ ដោយឡែក The Washington Post បាន​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី៣០ មិថុនា​នូវ​កិច្ចសន្ទនា​ជាមួយ​មេបញ្ជាការ​កងទ័ព​អ៊ុយក្រែន​លោក Valery Zaloujny។ នៅ​ក្នុង​កិច្ចសន្ទនា លោក Valery Zaloujny បាន​ប្រាប់​ពី​ការ​ខ្វះ​អាវុធ ពិសេស​យន្តហោះចម្បាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ