អានតួអត្ថបទ
ហូឡង់-ទាសភាព

ស្តេច​ហូឡង់​សុំ​ទោស ជា​ផ្លូវការ ​ចំពោះការ​ប្រព្រឹត្ត​​ទង្វើ​ទាសភាព​ កាលពី​១៥០ឆ្នាំ​មុន

ក្នុង​ពិធី​រំលឹក​ខួប១៥០ឆ្នាំ​​​នៃការ​បិទ​បញ្ចប់​ទាសភាព មហាក្សត្រ​ប្រទេស​ហូឡង់បាន​ថ្លែង​សុំ​ទោស​ជា​ផ្លូវការ ដែល​ប្រទេស​និង​រាជាវង្ស​ហូឡង់មុន​ បណ្តោយ​ឱ្យ​មាន​ទង្វើ​ទាសភាព​​នៅក្នុង​បណ្តា​ប្រទេស​រង​អាណានិគម។ រដ្ឋាភិបាល​ហូឡង់ ក៏​បាន ​សុំទោស​ រួច​ហើយ ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០២២។

ស្តេច​ហូឡង់ Willem-Alexanderក្នុង​ពីធី​រំឭកខួប​១៥០ឆ្នាំនៃ​ការ​បញ្ចប់​របប​ទាសភាព
ស្តេច​ហូឡង់ Willem-Alexanderក្នុង​ពីធី​រំឭកខួប​១៥០ឆ្នាំនៃ​ការ​បញ្ចប់​របប​ទាសភាព AP - Remko de Waal
ផ្សាយពាណិជ្ជកម្ម

“ក្នុង​នាម​ជា​ស្តេច និង​ជា​សមាជិក​រដ្ឋាភិបាល​ ខ្ញុំ​សូម​ការ​អភ័យ​ទោស និង​សោក​ស្តាយ​ជា​ពន់​ពេក ដែល​ស្តេច​ហូឡង់​ជំនាន់​មុន​ មិន​រារាំង​អំពើ​ទាសភាព។ ខ្ញុំ​សូម​ទោស​ចំពោះ​ភាព​អសកម្ម​នេះ។” នេះ​ជា​ប្រសាសន៍​របស់​ព្រះ​មហាក្សត្រ​ហូឡង់ ក្នុង​ពិធីរំឭក​ប្រារព្វ​ខួប​ទី​១៥០​ នៃ​ការ​បិទ​បញ្ចប់​អំពើ​ទាសភាព ដោយ​ បញ្ជាក់​ទៀត​ថា អំពើ​ទាសភាព​ ការ​ជួញ​ដូរ​ទាសករ​ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

សម្រាប់​ ពលរដ្ឋ​​​​ស៊ូរីណាម ដែល​មាន​ដូនតា​ធ្លាប់​ជា​ទាសករ​របស់​ប្រទេស​ហូឡង់ និង​ដែល​បាន​​ចូល​រួមក្នុង​កម្មវិធី​រំឭកខួប​នេះ​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ផង បាន​អប​អរ​ និង​​ទទួល​ចំពោះ​ពាក្យ​​សុំ​ទោស​ជា​ផ្លូវការ​ របស់​ព្រះ​មហាក្សត្រ និង​រដ្ឋាភិបាល​ហូឡង់ ហើយ​សង្ឃឹម​ថា​នឹង​មាន​ការ​គិត​គូរ​ដល់​ថ្មី​ដល់​ជន​ស្បែក​ខ្មៅ។

ទន្ទឹម​គ្នា​នោះ​ដែរ ប្រធានាធិបតី​ស៊ូរីណាម ដែល​ប្រារព្វ​ខួប​នៃ​ការ​បិទ​បញ្ចប់​អំពើ​ទាសភាព​ ​ ក្រោម​វត្តមានផ្ទាល់​​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហូឡង់​ បាន​ប្រកាស​​​ទទួល​ស្គាល់​ឆន្ទៈ​ល្អ​ របស់​ហូឡង់​តាម​រយៈការ​ទទួល​ស្គាល់​ទុក្ខ​វេទនា​របស់​ទាសករ​ ថា​ក៏​ជា​ទង្វើ​ជា​ប្រវត្តិសាស្ត្រ​ដែរ។

សូម​បញ្ជាក់​ថា នៅ​សតវត្សរ៍​ទី ១៦ និង​១៧ ប្រទេសហូឡង់រុងរឿង​ខ្លាំង​ ដោយសារ​ជំនួញ​តាម​ផ្លូវ​សមុទ្ទ និង​ជំនួញ​ទាសករ។ ក្នុង​អំឡុង​ពេល​នោះ ហូឡង់​ បាន​ជួញ​ដូរ​ទាសករ​អាហ្វ្រិក ប្រមាណ​៦សែន​នាក់ ភាគ​ច្រើ​ន​មក​ពី​ទ្វីប​អាមេរិក​ខាង​ត្បូង និង​តំបន់​ការ៉ាអ៊ីប។ បើ​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ហូឡង់ ស្តេច​ហូឡង់​ ដែល​ត្រូវ​ដូន​តា​នៃ​រាជវង្ស​ស្តេច​ហូឡង់​បច្ចុប្បន្ន មាន​ចំណែក​យ៉ាង​សកម្ម និង​ជា​ប្រព័ន្ធ ក្នុង​ទង្វើ​ទាសភាព។ ក្នុង​សម័យ​ជួញ​ទាសករដ៏ពេញ​និយម ​ចន្លោះ​ពី​ឆ្នាំ​១៦៧៥​ដល់​១៧៧០ ​របប​អាណានិគម​ហូឡង់ បាន​នាំ​ចំណូល​ឱ្យ​គ្រួសារ​ស្តេច ​ប្រមាណ​៥៤៥​លាន​អឺរ៉ូ​។

ប្រទេស​ហូឡង់​បានប្រព្រឹត្ត​អំពើ​ទាសភាព​រយៈ​ពេល​២៥០​ឆ្នាំ និង​បាន​បិទ​បញ្ចប់​របប​អាណានិគម​ជា​ផ្លូវការ​កាលពី​១៦០​ឆ្នាំ​មុន តែ​របប​ទាសភាព​ត្រូវ​បាន​លុប​បំបាត់​ដោយ​ជាក់​ស្តែង​ នៅ​ឆ្នាំ​១៨៧៣ ពោលគឺ​​១៥០ឆ្នាំមុន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ