អានតួអត្ថបទ

ប្រធានាធិបតីកូរ៉េខាងត្បូងបំពេញទស្សនកិច្ចឥតព្រាងទុកនៅអ៊ុយក្រែន និងបង្កើនជំនួយឲ្យអ៊ុយក្រែន

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​បាន​បំពេញ​ទស្សនកិច្ច​ឥត​ព្រាង​ទុក​នៅ​អ៊ុយក្រែន​នា​ថ្ងៃ​សៅរ៍ ទី១៥ កក្កដា។ នា​ឱកាស​នៅ​អ៊ុយក្រែន លោក​យូន ស៊ុកយោល​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ប៊ូតឆា និង​ក្រុង​អៀពីន ហើយ​បាន​ចូល​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ក្នុង​ទីក្រុង​កៀវ។ លោក​យូន ស៊ុកយោល​បាន​សន្យា​បង្កើន​ជំនួយ​មនុស្សធម៌ និង​ជំនួយ​យោធា។ គួរ​បញ្ជាក់​ថា តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន នេះ​ជា​លើកទី១ ដែល​លោក​យូន ស៊ុកយោល​បាន​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​ (រូបឆ្វេង) និងប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ក្នុង​ទីក្រុង​កៀវថ្ងៃទី១៥ កក្កដា ២០២៣។
ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​ (រូបឆ្វេង) និងប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ក្នុង​ទីក្រុង​កៀវថ្ងៃទី១៥ កក្កដា ២០២៣។ AP - Jae C. Hong
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទៅ​កាន់​ក្រុង​ប៊ូតឆា និង​ក្រុង​អៀពីន​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​ជា​ដំណើរ​មិន​អាច​ខ្វះ​បាន ព្រោះ​ទី១ ក្រុង​ប៊ូតឆា​ជា​ទីកន្លែង​សម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​ពី​សំណាក់​កងទ័ព​រុស្ស៊ី និង​ទី២ ក្រុង​អៀពីន​ជា​ទីកន្លែង​ដែល​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​បាន​សំដៅ​តែ​លើ​តំបន់​របស់​ប្រជាជន។ បន្ទាប់​មក លោក​យូន ស៊ុកយោល​បាន​ដាក់​កម្រង​ផ្កា​នៅ​ស្តូប​គោរពវិញ្ញាណក្ខន្ទ​ចំពោះ​អ្នក​ស្លាប់​ក្នុង​សង្រ្គាម។ មុន​នឹង​ចាកចេញ​ពី​អ៊ុយក្រែន លោក​យូន ស៊ុកយោល​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេស្គី​ក្នុង​ទីក្រុង​កៀវ។

នា​ឱកាស​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ប្រកាស​បង្កើន​ជំនួយ​មនុស្សធម៌​ឲ្យ​អ៊ុយក្រែន​ដល់ ១៥០លានដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ពោល​កើន​បន្ថែម​ចំនួន ៥០លានដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ ២០២២។ ក្រៅ​ពី​ជំនួយ​មនុស្សធម៌ ក្រុង​សេអ៊ូល​ក៏​បាន​ផ្តល់​ឲ្យ​ក្រុង​កៀវ​នូវ​ជំនួយ​យោធា​ក្រៅ​ពី​អាវុធ ដូច​ជា​មួក​សុវត្ថិភាព និង​អាវពាក់ការពារ​គ្រាប់។ ជា​ការ​ឆ្លើយ​ការ​តប​វិញ លោក​ហ្សេឡេនស្គី​បាន​អរគុណ​ចំពោះ​កិច្ចសន្ទនា​ប្រកប​ដោយ​អត្ថន័យ និង​អរគុណ​ចំពោះ​ការ​គាំទ្រ​រឹងមាំ​របស់​លោក​យូន ស៊ុកយោល។ ទន្ទឹម​គ្នា​នេះ លោក​ហ្សេឡេនស្គី​ក៏​បាន​អរគុណ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​លោក​យូន ស៊ុកយោល​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ បច្ចេកទេស និង​មនុស្សធម៌​ឲ្យ​អ៊ុយក្រែន។

ក្រៅ​ពី​នេះ លោក​ហ្សេឡេនស្គី និង​លោក​យូន ស៊ុកយោល​ក៏​បាន​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅ​ក្នុង​វិស័យ​ថាមពល ចំណីអាហារ និង​សេដ្ឋកិច្ច​ដែរ។ កូរ៉េខាងត្បូង​ក្នុង​នាម​ជា​ប្រទេស​នាំ​អាវុធ​ចេញ​លំដាប់​ទី៩ ក្នុង​លោក​បាន​ផ្តល់​ជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយក្រែន និង​បាន​លក់​រថក្រោះ រួម​ទាំង​គ្រាប់កាំភ្លើង​ឲ្យ​ប៉ូឡូញ​ដែល​ជា​សម្ព័ន្ធមិត្ត​គន្លឹះ​របស់​អ៊ុយក្រែន។ ក្រុង​សេអ៊ូល​មិន​ផ្តល់​អាវុធ​ឲ្យ​ក្រុង​កៀវ ព្រោះ​ក្រុង​សេអ៊ូល​បាន​ប្រកាន់​យក​នយោបាយ​មិន​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​កាន់​តំបន់​ដែល​កំពុង​មាន​ជម្លោះ។ តែ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ទម្លាយ​នា​ដើម​ឆ្នាំ ២០២៣ នេះ​ថា ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ប្រឆាំង​ជនស៊ីវិល​អាច​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ប្តូរ​នយោបាយ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ