អានតួអត្ថបទ
បារាំង-អង់គ្លេស

សោកនាដកម្ម​ថ្មី​របស់ជន​​អន្តោប្រវេសន៍ឆ្លង​សមុទ្ទ​​ពី​បារាំង​​ទៅអង់គ្លេស

​ទោះ​ជា​មាន​គ្រោះថ្នាក់​យ៉ាងណា​ ក៏​ជន​អន្តោប្រវេសន៍មិន​ខ្លាច​នឹង​ប្រថុយ​ជីវិត​ដែរ។ នៅ​ថ្ងៃសៅរ៍​ទី ១២​សីហា​ម្សិលមិញ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ជន​អន្តោប្រវេសន៍​អាហ្វហ្កានីស្ថាន៦នាក់ ដែលប៉ុន​ប៉ង​​​ឆ្លង​សមុទ្ទ​ពី​បារាំង​ទៅអង់គ្លេស និង​យ៉ាង​ហោច​ម្នាក់​ឬក៏​​ពីរ​នាក់​ផ្សេង​ទៀត​​បាត់​ខ្លួន ក្នុង​គ្រោះ​លិច​ទូក​ពោង។ រដ្ឋាភិបាល​បារាំង​បាន​ចង្អុលមុខ​ក្រុមជួញ​អន្តោប្រវេសន៍​ថា​ជា​ឧក្រិដ្ឋជននាំ​មនុស្ស​ទៅ​ស្លាប់។

ក្រុម​សង្គ្រោះ ស្រង់​អន្តោប្រវេសន៍​បាន​៥៨នាក់ និង​មាន​ស្លាប់​យ៉ាង​ហោច​៦នាក់ស្លាប់ក្នុង​គ្រោះ​លិច​ទូកឆ្លង​ទៅអង់គ្លេស ថ្ងៃទី ១២​សីហា២០២៣
ក្រុម​សង្គ្រោះ ស្រង់​អន្តោប្រវេសន៍​បាន​៥៨នាក់ និង​មាន​ស្លាប់​យ៉ាង​ហោច​៦នាក់ស្លាប់ក្នុង​គ្រោះ​លិច​ទូកឆ្លង​ទៅអង់គ្លេស ថ្ងៃទី ១២​សីហា២០២៣ © Stuart Brock / Reuters
ផ្សាយពាណិជ្ជកម្ម

​ទូកពោង​​ទំនងផ្ទុកមនុស្ស​ហួសចំណុះ ​ប្រមាណ​៦៥ទៅ​៦៦​នាក់​ ភាគ​ច្រើន​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន និង​ស៊ូដង់​ពីរបីនាក់ ក្មេង​មិន​ទាន់​វ័យ​ពីរ​បី​នាក់​ដែរ និង​បាន​ធ្លាយ​លិច​នៅ​ក្នុង​សមុទ្ទManche ខណ្ឌ​ចែក​បារាំង​និង​អង់គ្លេស នៅថ្ងៃ​សៅរ៍​ម្សិលមិញ។ ក្រុម​អ្នក​សង្គ្រោះស្រង់​បាន​អន្តោប្រវេសន៍​ប្រហែល​៥៨-៥៩នាក់ (៣៦នាក់​ខាង​បារាំង​និង​២២នាក់​ខាង​អង់គ្លេស)ឱ្យ​រួច​ជីវិត ​និង​បន្ត​ស្វែង​រក​ជន​បាត់​ខ្លួន​ម្នាក់​ឬពីរ​នាក់​ទៀតរហូត​ដល់​យប់​ជ្រៅ។

នៅចំពោះ​មុខ​ក្រុម​អ្នក​សង្គ្រោះ​ រដ្ឋ​លេខាធិការ​ទទួល​បន្ទុក​កិច្ចការ​សមុទ្ទ​បារាំង លោក Hervé Berville ដែល​ចុះ​ទៅ​ពិនិត្យស្ថានការណ៍​ផ្ទាល់​នឹង​កន្លែង បាន​ទម្លាក់​ទំនួល​ខុស​ត្រូវ​លើ​ពួក​ឧក្រិដ្ឋជន​រក​ស៊ីចម្លង​អន្តោប្រវេសន៍​ថា​បាន​បញ្ជូន​មនុស្ស​ឱ្យ​ទៅ​ស្លាប់ និង​បាន​សន្យា​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​នេះ​ឱ្យ​ខ្ទេច។ ចំណែក​លោកស្រី​នាយករដ្ឋមន្ត្រី​បារាំង បាន​ផ្ញើ​សារ​ចែក​រំលែក​​ការ​ក្រៀមក្រំ​ជាមួយ​ជន​រងគ្រោះ។ ប៉ុន្តែ​សម្រាប់​សមាគមជួយ​ជន​​អន្តរប្រវេសន៍ សោកនាដកម្ម​ក្នុង​សមុទ្ទ​នេះបណ្តាល​មក​ពី​គំនាប​និង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​អន្តោប្រវេសន៍តឹង​តែង​ពេក​​ដែល​ជំរុញ​ឱ្យ​ពួក​គេត្រូវ​​ប្រថុយនឹង​គ្រោះ​ថ្នាក់​​កាន់​តែ​ខ្លាំង​។

តាំងពី​ថ្ងៃពុធ​សប្តាហ៍​នេះ​មក ដោយ​មេឃ​ចាប់​ផ្តើម​ស្រលះ​ល្អ សកម្មភាព​ប៉ុនប៉ង​ឆ្លង​សមុទ្ទ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ឡុងដ៍​បាន​រាប់​ឃើញ​មាន​អន្តោប្រវេសន៍​៧៥៥នាក់​បាន​ឆ្លង​តាម​ទូក​ទៅ​ដល់​​អង់គ្លេស​ ក្នុង​មួយ​​ថ្ងៃ​ព្រហស្បតិ៍​ទី ១០​សីហា ពោល​ជា​ចំនួន​ច្រើន​បំផុតប្រចាំ​ថ្ងៃ​​គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​២០២៣​មក និង​៣៣០០នាក់ សម្រាប់តែ​មួយ​ខែ​កក្កដា​២០២៣។ ២០២២ជា​ឆ្នាំ​មាន​អន្តោប្រវេសន៍​ឆ្លង​ដល់​អង់គ្លេស​ច្រើន​ជាង​គេ​បំផុត គឺ​ដល់​ទៅ ៤៥០០០នាក់។ គ្រោះ​លិច​ទូកដែល​មាន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​ច្រើន​ជាង​គេ គឺ​នៅ​ខែ​វិច្ឆិកា​២០២១ ដែលជំរុញ​ឱ្យ​បារាំង​និង​អង់គ្លេស​មើល​មុខ​គ្នា​ស្ទើរ​មិន​ចំ​កាលណោះ​​។

បើ​តាម​តួលេខ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង មាន​អន្តោប្រវេសន៍​ជាង​១០ម៉ឺននាក់​បាន​ឆ្លង​សមុទ្ទ​Manche​ ដោយប្រើ​​ទូកពោង​ដែល​ក្លាយ​ជា​មធ្យោបាយដ៏​ពេញ​និយម​របស់​ឈ្មួញ​អន្តោប្រវេសន៍​តាំងពី​ឆ្នាំ​២០១៨។ ​​គ្រោះលិច​ទូក​ស្លាប់​មិន​បាន​បង្អាក់​ឆន្ទៈ​របស់​ជន​អន្តោប្រវេសន៍​ដែល​ចង់​ស្វែង​រក​អនាគត​នៅអង់គ្លេស​ទេ។ បើ​តាម​អាជ្ញាធរ​ បច្ចុប្បន្ន​នេះ​មាន​ជន​អន្តោប្រវេសន៍​ប្រមាណ​១ពាន់នាក់​កំពុង​រង់​ចាំ​រត់​ឆ្លង​សមុទ្ទ​នៅភាគ​ខាង​ជើង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ