អានតួអត្ថបទ
អង់គ្លេស-បារាំង

ឡុងដ៍​អំពាវនាវ​សុំ​កិច្ចសហ​ការពី​​​បារាំង​ប្រឆាំង​នឹង​​ឈ្មួញ​អន្តោប្រវេសន៍

ក្នុង​ខណៈ​ដែល​បារាំង​ កំពុង​ជួប​ប្រជុំ​បន្ទាន់​ជាមួយ​អឺរ៉ុប​ស្តី​ពី​​បញ្ហា​អន្តោប្រវេសន៍ ដោយ​មិន​ឱ្យ​ភាគី​អង់គ្លេសចូល​រួម ឡុងដ៍​បាន​ប្រកាស​អំពាវនាវ​ជា​ថ្មី​ សុំ​កិច្ចសហការ​ពី​បារាំង​ ក្នុង​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ជួញដូរ​អន្តោប្រវេសន៍​​ឆ្លង​សមុទ្ទ​Manche។ អង់គ្លេស​កំពុង​ស្វះ​ស្វែង​ពន្លត់​កំហឹង​បារាំង ក្រោយ​ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​បង្ហោះសារលិខិត​មិន​សមរម្យ។

ទូក​​អន្តោប្រវេសន៍​ឆ្លង​សមុទ្ធ​​ពី​បារាំង​ទៅ​អង់គ្លេស
ទូក​​អន្តោប្រវេសន៍​ឆ្លង​សមុទ្ធ​​ពី​បារាំង​ទៅ​អង់គ្លេស REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

“យើង​ត្រូវ​តែ​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កម្ចាត់​គំរូ​សេដ្ឋកិច្ច​ជួញដូរ​មនុស្ស។ ហើយ​ដើម្បីសម្រេច​បំណង យើង​ត្រូវ​ការ​កិច្ចសហប្រតិបត្តិការ​ស្អិត​ល្មួត​ជាមួយ​មិត្ត​បារាំង”។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស​ នៅក្នុង​កញ្ចក់​ទូរទស្សន៍​Sky news ដោយ​ឆ្លៀត​ការពារ​លោក​​នាយក​រដ្ឋមន្ត្រី​អង់គ្លេសថា​ នៅ​ក្នុង​លិខិត​ផ្ញើ​ជូនប្រធានាធិបតី​បារាំង​ជា​សាធារណៈ លោក​បូរីស​ ចន​ស៊ុន​ បាន​ស្នើ​សុំ​បញ្ចេញ​សកម្មភាព​រួម​ជា​ច្រើន​ជាមួយ​បារាំង​ មាន​អាទិ៍​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ឆ្មាំ​ការពារ​ឆ្នេរ​ត្រើយ​ខាង​បារាំង។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ទៀត​ថា អង់គ្លេស​មាន​នយោបាយ​ច្បាស់​លាស់ ចង់​​បញ្ឈប់​មិន​ឱ្យ​មាន​ទូក​អន្តោប្រវេសន៍​អាច​មក​តោង​ដល់​ឆ្នេរ​អង់គ្លេស​បាន។ ​អង់គ្លេស​មិន​អាច​សម្រេចកម្មវត្ថុ​នេះ ​តែ​ម្នាក់​ឯង​បាន​ឡើយ គឺ​ចាំបាច់​ត្រូវ​តែ​មាន​កិច្ចសហការ​ជាមួយ​បារាំង។

ក្រៅអំពី​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស លោកស្រី Priti Patel ក៏អំពាវនាវ​សុំ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ច្រើនឡើង​ជាមួយ​បារាំង។ ជាមួយ​នឹង​​ការ​សោក​ស្តាយ​ដែលមិន​​អាច​មក​ចូល​រួម​ប្រជុំ​ជាមួយ​បារាំង​និង​អឺរ៉ុប ស្តីពី​វិបត្តិអន្តោប្រវេសន៍​បាន លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស​ បាន​រំលឹក​ នៅ​ក្នុង​ទំព័រ​​សារព័ត៌មាន​អង់គ្លេស​ The Sun ​ថា កិច្ច​សហប្រតិបត្តិការរួម​បារាំង​-អង់គ្លេស កន្លង​មក​បាន​បញ្ចៀស​សកម្មភាព​ឆ្លង​សមុទ្ទ​តាម​ទូក​បាន​ជាង ២ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំ​នេះ​ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជាង​៤០០​ករណី​លើ​ស​ឆ្នាំ ២០២០។ អង់គ្លេស​នឹងកោះ​ប្រជុំ​បន្ទាន់​មួយ​ដែរ ជាមួយ​សមភាគី​អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​សោកនាដកម្ម​ថ្មី​ទៀត​កើត​ឡើង​នៅ​ច្រក​សមុទ្ទ​Manche​ ដូច​សោកនាដកម្ម​ស្លាប់​ជន​អន្តោប្រវេសន៍​២៧នាក់​កាលពី​ថ្ងៃពុធ​ទី ២៤​វិច្ឆិកា​២០២១​ទៀត។

សូម​បញ្ជាក់​ថា ទំនាក់ទំនង​តាន​តឹង​និង​ធ្លាក់​ដុនដាប​ខ្លាំងរវាង​បារាំង​និ​ងអង់គ្លេស​ មិនមែន​ដោយ​ហេតុ​តែ​​បញ្ហា​អន្តោប្រវេសន៍​មួយ​នេះ​ទេ។ ទំនាក់ទំនង​បារាំង​អង់គ្លេស​មាន​ភាព​ស្មុគស្មាញ​តាំងពី​ដើម​មក ជាមិត្តផង ជា​ដៃគូផង និង​ជា​គូប្រជែង​គ្នាផង។ នៅពេល​​អង់គ្លេស​បែក​ចេញ​ពី​សហភាព​អឺរ៉ុប ប្រទេស​ទាំង​ពីរ​​មាន​វិវាទ​នឹង​គ្នា​កាន់​តែច្រើន ​ផ្តើម​ដោយ​ជម្លោះ​ក្នុង​វិស័យ​នេសាទ។ បារាំង​បាត់​បង់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំងទៀត​ នៅ​ពេល​ប៉ារីស​រក​ឃើញ​ថា​អាមេរិក អង់គ្លេស និង​អូស្ត្រាលី​ លួច​ចរចា​គ្នាបង្កើត​កិច្ចព្រមព្រៀង​ជា​ដៃគូយុទ្ធសាស្ត្រ​​ដោយ​ស្ងាត់ៗ​ រហូត​ធ្វើ​ឱ្យ​បារាំង​របូត​កិច្ចសន្យា​លក់​នាវា​មុជ​ទឹក​ទៅ​ឱ្យ​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ