អានតួអត្ថបទ
កូវីដ១៩

WHO បានស្នើឲ្យចិនបើកផ្លូវឲ្យធំសម្រាប់ក្រុមអ្នកជំនាញដើម្បីស្វែងរកប្រភពដើមកូវីដ១៩

លោក​ទេដ្រូស ប្រមុខ​អង្គការ​សុខភាពពិភពលោក​បាន​ថ្លែង​ក្នុង​ថ្ងៃ​អាទិត្យ ទី១៧ កញ្ញា​ថា លោក​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បញ្ជូន​ក្រុម​អ្នកជំនាញ​ទៅ​បំពេញ​បេសកកម្ម​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន។ គោលដៅ គឺ​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ពិត និង​ប្រភព​ចម្លង​របស់​វីរុស​កូវីដ១៩។ លោក​ទេដ្រូស​បាន​លើក​ឡើង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​បទសម្ភាស​មួយ​ឲ្យ​កាសែត​អង់គ្លេស Financial Times។

លោក​ទេដ្រូស ប្រមុខ​អង្គការ​សុខភាពពិភពលោក​ WHO។
លោក​ទេដ្រូស ប្រមុខ​អង្គការ​សុខភាពពិភពលោក​ WHO។ AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

« យើង​ជំរុញ​ឱ្យ​ប្រទេស​ចិន​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ក្រុម​អ្នកជំនាញ និងស្នើ​ឱ្យ​ប្រទេស​នានា​លើក​បញ្ហា​នេះ​ទៅ​និយាយ​ជាមួយ​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ចិន​ដើម្បី​លើក​ទឹកចិន​ឲ្យ​ចូលរួម » នេះ​ជា​ការ​លើក​ឡើង​របស់​ប្រមុខ​អង្គការ​សុខភាពពិភពលោក WHO នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អង់គ្លេស Financial Times។ អ្វី​ដែល​ប្រមុខ​អង្គការ​សុខភាពពិភពលោក​ចង់​បាន គឺ​បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅ​កាន់​ចិន​ជា​ថ្មី​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ពិត និង​ប្រភព​ចម្លង​របស់​មេរោគ​កូវីដ១៩។ តាម​កាសែត​អង់គ្លេស Financial Times ដដែល លោក​ទេដ្រូស​បាន​ដាក់​សំណើ​នេះ​ទៅ​ចិន​ជា​លាយលក្ខណ៍អក្សរ និង​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ទៅ​ចិន បើ​ចិន​អនុញ្ញាត។

គួរ​បញ្ជាក់​ថា ជាង ៣ឆ្នាំ​ក្រោយ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ អាថ៌កំបាំង​ជុំវិញ​ជំងឺ​ឆ្លង​សកល​មួយ​នេះ​កំពុង​មាន​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​ពិត និង​ប្រភព​ចម្លង​របស់​វា​នៅ​ឡើយ​ទេ។ មាន​ការ​​លើក​ឡើង​នូវ​សម្មតិកម្ម​ចំនួន​ពីរ​មក​ដល់​សព្វថ្ងៃ ទី១ មេរោគ​កូវីដ១៩​បាន​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​ចិន​ក្នុង​ក្រុង​វូហាន រួច​ឆ្លង​ទៅ​មនុស្ស និង​ទី២ មេរោគ​កូវីដ១៩ បាន​ឆ្លង​ចេញ​ពី​សត្វ​ប្រចៀវ​ទៅ​សត្វ​មួយ​ទៀត រួច​បន្ត​ឆ្លង​ទៅ​មនុស្ស​នៅ​ក្នុង​ផ្សារ​លក់​សត្វ​ព្រៃ​មួយ​ក្នុង​ក្រុង​វូហាន។ កាល​ពី​ដើម​ឆ្នាំ ២០២១ ក្រុម​អ្នកជំនាញ​របស់ WHO បាន​ទៅ​ចិន​ម្តង​ហើយ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ជាមួយ​ក្រុម​អ្នកជំនាញ​ចិន​ក្នុង​រឿង​ជំងឺ​កូវីដ១៩ នេះ។

នៅ​ក្នុង​របាយការណ៍​រួម​មួយ​កាល​ណោះ ពួក​គេ​បាន​ផ្តោត​លើ​សម្មតិកម្ម​ដែល​ថា មាន​សត្វ​មួយ​បាន​ដើរ​តួនាទី​ជា​អ្នក​ចម្លង​មេរោគ​កូវីដ១៩​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស។ តែ​ប្រមុខ WHO លោក​ទេដ្រូស​បាន​បញ្ជាក់​កាល​ណោះ​ថា គេ​មិន​អាច​ទាត់​ចោល​សម្មតិកម្ម​ណា​មួយ​ទេ ក្នុង​នោះ​ក៏​មាន​រឿង​មេរោគកូវីដ១៩ ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​ចិន​ក្នុង​ក្រុង​វូហាន​មួយ​ដែរ។ លោក​ទេដ្រូស​ធ្លាប់​បាន​បញ្ជាក់​ច្រើន​ដង​នា​ពេល​កន្លង​មក​ថា WHO នឹង​មិន​បោះបង់​ចោល​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ទេ និង​បាន​អំពាវនាវ​ច្រើន​ដង​ឲ្យ​ចិន​មាន​តម្លាភាព​នៅ​ក្នុង​ការ​ស៊ើបអង្កេត និង​ការ​ចែក​រំលែក​ទិន្នន័យ​ស្តីពី​ជំងឺ​កូវីដ១៩។

ពិត​ណាស់​សព្វថ្ងៃ និង​ដោយ​មាន​ថ្នាំវ៉ាក់សាំង​បង្ការ រួម​ទាំង​ថ្នាំ​ព្យាបាល ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​ឆ្លង​សកល​មួយ​នេះ​បាន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា និង​ចំ​ពេល​រដូវ​ស្លឹក​ឈើជ្រុះ​រំកិល​ចូល​មក អត្រា​នៃ​ការ​ឆ្លង​កំពុង​កើន​ឡើង​ជា​ថ្មី​នៅ​តំបន់​ប៉ែក​ខាង​ជើង រួម​ទាំង​ការ​លេច​ចេញ​នូវ​មេរោគបំប្លែង​ខ្លួន​ថ្មីៗ​ទៀត។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា កូវីដ១៩ នៅ​បន្ត​វិលវិល​ដោយ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ