អានតួអត្ថបទ
បែលហ្ស៊ិក-ភេរវកម្ម

បន្ទាប់ពីបារាំង បែលហ្ស៊ិកប្រកាស​អាសន្នភេរវនិយម​ក្រោយការបាញ់សម្លាប់​មនុស្ស​២នាក់

តាមប្រមាញ់​ពេញយប់ថ្ងៃ​ចន្ទ ប៉ូលិស​បែលហ្ស៊ិក​បាញ់សម្លាប់ នៅព្រឹកថ្ងៃអង្គារ ជនសង្ស័យ​ម្នាក់​ដែល​បាន​បាញ់រះ​សម្លាប់​មនុស្ស​២នាក់ ដែលអ្នកគាំទ្រ​កីឡាបាល់ទាត់ ស៊ុយអែត កាលពីថ្ងៃ​យប់​ថ្ងៃចន្ទទី ១៦​តុលា។ តាម​នាយករដ្ឋមន្រ្តីបែលហ្ស៊ិក ជនសង្ស័យបាញ់សម្លាប់ជនជាតិ​ស៊ុយអែត កាលពីថ្ងៃ​ចន្ទ មាន​សញ្ជាតិ​ទុយនីស៊ី រស់នៅខុសច្បាប់ ក្នុងប៊ែលហ្សិក និង​ត្រូវ​ប៉ូលិស តាមដាន​ក្នុងនាមជា​អ្នកជួញដូរ​មនុស្សខុសច្បាប់ ប៉ុន្តែមិន​ស្ថិតក្នុងបញ្ជី​ក្រុមជ្រុលនិយម របស់ប៉ូលិស​បែលហ្ស៊ិក។

ប៉ូលិសបែលហ្សិក​នៅ​សង្កាត់​ដែលគេបាញ់សម្លាប់​ជនដៃដល់​ដែលបាញ់រះសម្លាប់ជនជាតិស៊ុយអែត​កាលពីយប់ថ្ងៃចន្ទទី ១៦​តុលា ២០២៣
ប៉ូលិសបែលហ្សិក​នៅ​សង្កាត់​ដែលគេបាញ់សម្លាប់​ជនដៃដល់​ដែលបាញ់រះសម្លាប់ជនជាតិស៊ុយអែត​កាលពីយប់ថ្ងៃចន្ទទី ១៦​តុលា ២០២៣ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​តាម​ប្រមាញ់​ចាប់ពេញ​មួយ​យប់ ប៉ូលិស​បែលហ្ស៊ិក​បាញ់សម្លាប់​ជនសង្ស័យ ​ដែលបាន​បាញ់​សម្លាប់អ្នកគាំទ្រកីឡាបាល់ទាត់ ស៊ុយអែត នៅទីក្រុង​ព្រុយស៊ែល កាល​ពី​យប់ថ្ងៃចន្ទម្សិលមិញ។ តាមរាជអាជ្ញាប៊ែលហ្សិក នៅក្នុងពេល​បាញ់តដៃជាមួយ​ប៉ូលិស ដែល​ចូលឡោមព័ទ្ធអគារមួយនៅភាគខាងជើង​ទីក្រុង​ព្រុចស៊ែល នៅព្រឹកថ្ងៃ​អង្គារនេះ ជនសង្ស័យត្រូវ​គ្រាប់កាំភ្លើង និង​ស្លាប់​ដោយសារ​មុខរបួស។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បែលហ្ស៊ិក​បាន​បញ្ជាក់ថា កាំភ្លើងដែលគេរកឃើញ​នៅជាប់ខ្លួន​ជនសង្ស័យ ដូចគ្នា​នឹង​អាវុធ​ដែលគេប្រើបាញ់សម្លាប់​មនុស្ស​កាលពីយប់ថ្ងៃ​ចន្ទ និងថា គេ​កំណត់​បានអត្តសញ្ញាណ​របស់ជនដៃដល់។

តាមរដ្ឋមន្រ្តីយុត្តិធម៌ ជនសង្ស័យ​ដែល​បាន​បាញ់​សម្លាប់ជនជាតិ​ស៊ុយអែត ពីរនាក់ និងធ្វើ​ឲ្យរបួសធ្ងន់ អ្នកបើកឡានតាក់ស៊ីម្នាក់ មាន​សញ្ជាតិ​ទុយនីស៊ី អាយុ ៤៥ឆ្នាំ និង​កំពុង​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​ប៊ែលហ្សិក។ តាម​អាជ្ញាធរ​ប៊ែលហ្សិក​ដដែល ជនសង្ស័យ​ធ្លាប់​ជាប់ក្នុង​បញ្ជីរបស់​ប៉ូលិស ក្នុងរឿងជួញដូរ​មនុស្ស​ខុសច្បាប់​ក្នុងទឹកដីបែលហ្ស៊ិក ប៉ុន្តែ មិន​ស្ថិតក្នុងបញ្ជីក្រុមជ្រុលនិយម ដែល​ទាមទារ​ការតាមដាន​ពិសេស​ពីសំណាក់ក្រុមប្រយុទ្ធប្រឆាំង​អំពើភេរវនិយម។

នៅក្រោយ​ហេតុការណ៍​បាញ់សម្លាប់ កាលពីយប់ថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​បែលហ្ស៊ិក លោក​Alexandre de Croo ថ្កោលទោស ចាត់ទុក ការបាញ់សម្លាប់​មនុស្ស ថា ជា​អំពើ​ភេរវកម្ម​ដ៏ឆ្កួតលីលា និង​បាន​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន​ភេរវនិយម។ សាលារៀន​ជាច្រើន​នៅក្នុង​ទីក្រុង​ព្រុចស៊ែល​ត្រូវ​បិទទ្វារ ពេញមួយ​ថ្ងៃ​អង្គារ។

បើតាម​រាជអាជ្ញា ដោយ​យោងទៅលើ​វីដេអូរបស់​ជនដៃដៃល់ ដែល​រូបគេផ្ទាល់ ​បង្ហោះផ្សាយ នៅលើបណ្តាញសង្គម នៅក្រោយ​ការបាញ់​សម្លាប់ នៅយប់ថ្ងៃ​ចន្ទ ជនជាតិ​ស៊ុយអែត​គឺជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ។ នៅក្នុង​វីដេអូ ជនដៃដល់​អះអាងថា ខ្លួនដើរតាម​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក្រុមជីហាតជ្រុលនិយម ដោយ​បាន​សម្លាប់ជនជាតិស៊ុយអែត​៣នាក់។ នៅក្នុង​ខែ្សវីដេអូមួយទៀតដែលបង្ហោះមុន ការវាយប្រហារ ជនដៃដល់​ដែលពាក់​មុខបិទជិត បាន​និយាយ​ថា គម្ពី​កូរ៉ាន របស់​ព្រះអាឡា ជា​បន្ទាត់ក្រហម។

មានរូបភាពធ្លាក់ចុះអាក្រក់ នៅក្នុងពិភពអ្នកកាន់សាសនា​អ៊ីស្លាម ស៊ុយអ៊ែត​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ភេរវនិយម តាំង​ពី​ខែ សីហា បន្ទាប់ពី គម្ពីកូរ៉ាន​ត្រូវ​គេដុតនៅក្នុង​បាតុកម្មជាច្រើនដង​នៅក្នុងទឹកដីស៊ុយអែត។

ការបាញ់រះសម្លាប់​ជនជាតិ​ស៊ុយអែត ក្នុងទីក្រុង​ព្រុចស៊ែល នៅយប់​ថ្ងៃចន្ទ កើតឡើង​នៅ​ប៉ុន្មាន​នាទី​មុន ការប្រកួត​ជម្រុះកីឡាបាល់ទាត់អឺរ៉ុប ឆ្នាំ ២០២៤។ ហេតុការណ៍បាញ់សម្លាប់​មនុស្ស បានបណ្តាល​ឲ្យ​ការប្រកួត​រវាងក្រុមប៊ែលហ្សិក និងស៊ុយអែត​ត្រូវ​ផ្អាកពាក់កណ្តាលទី ចំណែក​អ្នកចូលមើលជាង ៣ម៉ឺននាក់ ត្រូវរង់ចាំជាច្រើនម៉ោងនៅក្នុង​ស្តាត ដើម្បី​សុវត្ថិភាព។

សូមបញ្ជាក់ដែរ ហេតុការណ៍​បាញ់សម្លាប់​មនុស្ស នៅប៊ែលហ្សិក កើតឡើង​នៅ​តែ ៤ថ្ងៃ​ក្រោយ បារាំង​រងការវាយប្រហារ​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម បន្ទាប់ពី ជនជ្រុលនិយម ដើមឆេឆិន ចូលចាក់សម្លាប់គ្រូបង្រៀនម្នាក់ នៅ​សាលាភាគខាងជើង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ