អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអាមេរិកធានាជួយគាំទ្រអ៊ុយក្រែនយូរអង្វែង

លោក​ឡូយដ៍​អូស្ទីន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​កៀវ នៅថ្ងៃ​ចន្ទទី ២០​វិច្ឆិកា​២០២៣​នេះ។ ជា​ទស្សនកិច្ច​ដែល​មិន​ប្រាប់​ឱ្យ​ដឹង​មុន និង​ក្នុង​បំណង​បញ្ជាក់​អំពី​ការ​គាំទ្រ​ឥត​ងាក​រេ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​។

លោកប្រធានាធិបតី​អ៊ុយក្រែន និង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ថ្ងៃទី ២០ វិច្ឆិកា​២០៣២
លោកប្រធានាធិបតី​អ៊ុយក្រែន និង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ថ្ងៃទី ២០ វិច្ឆិកា​២០៣២ via REUTERS - UKRAINIAN PRESIDENTIAL PRESS SER
ផ្សាយពាណិជ្ជកម្ម

មិន​​ជូន​ដំណឹង​ជាមុន​ក្រោម​ហេតុផល​សុវត្ថិភាព ​​ទស្សនកិច្ច​ជា​លើក​ទី​ពីរ​របស់​លោករដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាមេរិក​ឡូយដ៍​អូស្ទីន​នៅអ៊ុយក្រែន​គិត​ចាប់​តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនមក​ មានកម្មវត្ថុ​ពង្រឹង​ជំហរ​គាំទ្រ​ឥត​ងាក​រេ​របស់​អាមេរិក​ចំពោះ​ការ​តស៊ូ​ដើម្បី​សេរីភាពរបស់​​អ៊ុយក្រែន​។ ​អាមេរិក​នឹង​បន្ត​ផ្គត់ផ្គង់​ជំនួយយោធា​តាម​សេចក្តី​ត្រូវ​ការ​របស់​អ៊ុយក្រែន​​សម្រាប់​ការពារ​សន្តិសុខជាតិ​​ពី​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​មន្ទីរ​បញ្ចកោណអាមេរិក។

ចេញ​ដំណើរ​​ពី​ប៉ូឡូញ​តាម​រថភ្លើង លោក ឡូយដ៍​ អូស្ទីន ​ បាន​ទៅ​ដល់​ក្រុង​កៀវ​ នៅ​ព្រឹក​ថ្ងៃចន្ទ​ទី​២០​វិច្ឆិកានេះ។ ក្រៅ​ពី​ជួប​ពិភាក្សា​ជាមួយលោករ៉ូស្តឹម អ៊ូមេរ៉ូហ្វ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន និង​មេបញ្ជាការ​កងទ័ព​អ៊ុយក្រែន​លោក​វ៉ាឡេរី ហ្សាឡូនី លោកអូស្ទីន​​ក៏បាន​​ចូល​ជួប​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គីទៀត។ “ជា​ទស្សនកិច្ច​ដ៏​សំខាន់​” នេះ​ជា​ប្រសាសន៍​របស់​លោក​ហ្សេឡេនស្គី​ទៅ​កាន់​លោក​អូស្ទីន​ដែលធានា​​ថា​ការ​គាំទ្រ​អាមេរិក​នឹង​ជា​ជំនួយ​យូរ​អង្វែង។

តាំង​ផ្ទុះ​សង្គ្រាម​ភ្លាម​ អាមេរិក​ជាអ្នក​​ផ្តល់​​ជំនួយយោធាដល់​​​អ៊ុយក្រែនដ៏​​ច្រើន​​ជាង​គេ​ ក្នុង​ទំហំ​ដល់​ទៅ​រាប់​សិប​ពាន់​លានដុល្លារ និង​សន្យាហើយ​សន្យា​ទៀត​ថាទោះ​ត្រូវ​បើ​ពេល​យូរ​យ៉ាង​ក៏​ដោយ ​​ក៏​អាមេរិក​នឹង​ជួយ​អ៊ុយក្រែន​ជា​រៀង​រហូត​ទៅ​។ ប៉ុន្តែ​ពាក្យ​សន្យា​ត្រូវ​រួញ​លិប​ដោយ​ចរន្ត​ប្រឆាំងកាន់​តែ​ច្រើន​ឡើងៗក្នុង​ចង្កោម​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​​ ​​ដែលមានសំឡេង​​ភាគ​ច្រើន​នៅក្នុង​សភា និង​ដោយ​សង្គ្រាម​អ៊ីស្រាអែល​-ហាម៉ាសផង។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ហ្សេឡេនស្គី​បាន​ទទួល​ស្គាល់​ថា​ សង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាស​បាន​ពង្វាង​ចំណាប់​អារម្មណ៍ចេញ​ពី​អ៊ុយក្រែន និង​ពន្យឺត​ការ​ដឹកជញ្ជូន​អាវុធ​និង​គ្រាប់​កាំភ្លើង​ធំ​សម្រាប់​យោធា​អ៊ុយក្រែន​ខ្លាំង​ណាស់។ ​

​សម្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិអាមេរិក ក៏​ដូច​ជា​លោក​ប្រមុខ​ការ​ទូត​ គ្មាន​ជំនួយ​អាមេរិក​ រុស្ស៊ី​របស់​លោក​ពូទីន​នឹងឈ្នះ។ ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន​កាន់តែ​ចាំ​បាច់​ខ្លាំង​ទៀត​សម្រាប់​ពេល​នេះ ព្រោះ​យុទ្ធនាការ​វាយបកដណ្តើម​យក​ទឹក​ដី​មក​វិញ​កាលពី​រដូវ​ក្តៅមិន​បាន​​ជោគជ័យ ហើយ​រុស្ស៊ី​ទំនង​កំពុង​រៀប​ផែនការ​វាយប្រហារបកលើ​​​អ៊ុយក្រែន​​ជា​ថ្មីនា​រដូវរងារ​នេះផង​។ ជាក់​ស្តែង នៅ​ថ្ងៃចន្ទ​នេះ ​ស្ថានភាព​កំពុង​តាន​តឹង​យ៉ាង​ខ្លាំង។ ឃែរសុន ក្រុងធំ​ប្រចាំ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ដែលយោធា​រុស្ស៊ី​​បាញ់​ប្រហារ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ បាន​រង​គ្រាប់​ផ្លោង​ស្លាប់​មនុស្ស​យ៉ាង​ហោច​ពីរនាក់ និង​របួស​ជា​ច្រើន​នាក់។ នៅភាគ​ខាង​កើត ក្នុង​តំបន់​ដូណេស្កត៍​ទាហាន​រុស្ស៊ី​កំពុងប៉ុន​ប៉ង​​ឡោម​ព័ទ្ធ​យក​មជ្ឈមណ្ឌល​ឧស្សាហកម្ម​Avdiïvka៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ