អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

អាកាសធាតុ៖ ​រង​សម្ពាធ​​មកពី​តំបន់​ប៉ូល ​អឺរ៉ុបធ្លាក់​ត្រជាក់​ខ្លាំង​មិនធ្លាប់មាន

រលក​ខ្យល់ត្រជាក់ខ្លាំង​ជា​ធម្មតា​នៃ​​តំបន់ប៉ូល កំពុង​រាលដាល​មក​ដល់​អឺរ៉ុប​។ ជា​បាតុភូតធម្មជាតិ ដ៏​កម្រ​​ ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​ធ្លាក់​ចុះ​ជា​គំហុក និង​ត្រជាក់​ក្រោម​ដល់​ក្រោម​សូន្យស្ទើរ​ពេញ​អឺរ៉ុប។ សីតុណ្ហភាព​ចុះ​ត្រជាក់ខ្លាំង​បំផុត​​នៅ​ថ្ងៃ​អង្គារ​ស្អែក នៅ​ប្រទេស​បារាំង។ ​តើ​រលក​ខ្យល់​ត្រជាក់​នេះ​មាន​ពាក់ព័ន្ធ​នឹងការ​ប្រែប្រួល​អាកាសធាតុ​ដែរឬទេ?

ទិដ្ឋភាព ឈូង​សមុទ្ទ​​​Oslo ប្រទេសន័រវែស ក្នុង​សីតុណ្ហភាព​-២២អង្សា ថ្ងៃទី​៥​មករា​២០២៤
ទិដ្ឋភាព ឈូង​សមុទ្ទ​​​Oslo ប្រទេសន័រវែស ក្នុង​សីតុណ្ហភាព​-២២អង្សា ថ្ងៃទី​៥​មករា​២០២៤ AFP - OLIVIER MORIN
ផ្សាយពាណិជ្ជកម្ម

ជា​បាតុភូត​ដ៏​កម្រមែន តែ​ជា​បាតុភូត​ធម្មជាតិ​ពិតៗ។ ជា​រៀង​រាល់​រដូវ​រងារ សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​តំបន់​ប៉ូល ហើយ​បង្កើត​ជា​ចរន្ត​​ត្រជាក់​នៅ​រយៈ​កម្ពស់​៣០គីឡូម៉ែត្រ​ដែល​គេ​ហៅ​ថាខ្យល់​ត្រជាក់​នៃ​តំបន់​ប៉ូល។ ប៉ុន្តែ​យូរៗម្តង​ ខ្យល់​ក្តៅ​បាន​មកចោះ​រំខាន​ចរន្ត​ខ្យល់​ប៉ូល​ ច្រាន​ភាព​ត្រជាក់​ឱ្យរាល​​ធ្លាក់​មក​ដល់​តំបន់ខ្សែស្រប​ក្រោមៗ​ ពោល​គឺ​វា​នឹង​ធ្វើ​មាន​រលក​សីតុណ្ហភាព​ត្រជាក់​ខ្លាំងខុស​ប្រក្រតី​​នៅ​​អឺរ៉ុប​។

ជា​ឧទាហរណ៍​ជាក់​ស្តែង​ ដោយ​សារ​បាតុភូត​ក៏​កម្រ​នេះ សីតុណ្ហភាព​នៅ​ប្រទេសស៊ុយអែត បាន​ធ្លាក់​ដល់​-៤៣,៦​អង្សា ក្រោម​សូន្យ។ នេះជា​លើក​ទី​មួយ​ហើយគិត​ចាប់​តាំងពី​២៥​ឆ្នាំ​មក​​ដែល​អឺរ៉ុប​ខាង​ជើង​ (ស៊ុយអែត ន័រវែល ដាណឺម៉ាក)​ ​ជួប​សីតុណ្ហភាព​ទាប​ខ្លាំង​ដូច្នេះ។ ភាព​ត្រជាក់​អម​ដោយ​ការ​ធ្លាក់​ព្រិល​ ទឹក​កក​សំឡី​យ៉ាង​សម្បូរបែប បានរំខាន​សកម្មភាពរស់​នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង ដូច​ជា​រថភ្លើង​រអាក់រអួល​យឺតយ៉ាវ លុប​ជើង​យន្តហោះ​ជាច្រើន បណ្តាញ​ទុយយោទឹក​ស្អាត​ត្រូវ​កក ឬ​ស្ទះ​ចរាចរណ៍​ខ្លាំង។

រលក​ត្រជាក់​ជា​បាតុភូត​ធម្មតា​របស់តំបន់​​អឺរ៉ុប​ទេ និង​ជាផល​​វិជ្ជមាន​សម្រាប់ប្រព័ន្ធ​​រុក្ខជាតិ​ ប៉ុន្តែ​អ្វី​ដែលខុសប្រក្រតី​គឺ​ភាព​មិន​ត្រជាក់​ និង​ការ​ប្តូរ​ផ្លាស់​សីតុណ្ហភាព​​ក្តៅ​ត្រជាក់​​ឡើង​ចុះដ៏​លឿន​រហ័ស​ជ្រុល។ ពី​​១០អង្សា ទៅ​​​ដប់​អង្សាក្រោម​សូន្យ​ ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ។  

​ថ្វីបើ​អឺរ៉ុប​ខាង​ជើង ឬ​អឺរ៉ុប​ទាំង​មូល​កំពុង​រង​រលក​ត្រជាក់​សីតុណ្ហភាពចង្អុល​ក្រោម​សូន្យ​ស្ទើរ​គ្រប់​ទិសទីពេល​នេះ​មែន ប៉ុន្តែ​​គេមិនភ្លេច​ទេ​ថាសីតុណ្ហភាព​​តំបន់​អឺរ៉ុប​និង​តំបន់​ប៉ូល​ខាង​ជើង​និង​ខាង​ត្បូង ឡើង​កម្តៅ​លឿន​ជាងតំបន់​ណាៗ​ទាំងអស់។ សីតុណ្ហភាព​នឹង​ឡើងខ្ពស់​​​វិញ​នៅ​សប្តាហ៍ក្រោយ​ ខ្ពស់​លើ​សូន្យ​អង្សា​ផងនៅ​តំបន់​អាកទិក។ សីតុណ្ហភាពគ្មាន​ស្ថិរភាព ​ឡើង​ចុះ​កាន់​តែ​ខ្លាំង កាន់​តែ​ញឹក ចុះ​ត្រជាក់ដល់​​កកមួយភ្លែត​រួច​​ឡើង​ក្តៅភ្លាម​ បាន​ធ្វើ​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ទឹក​ស្អាត... រង​សម្ពាធ​យ៉ាង​ខ្លាំង។ សម្រាប់​ផែន​ដីវិញ ការ​ឡើង​ចុះៗម្តង​​ត្រជាក់ម្តង​ក្តៅ​ជុំ​វិញ​សីតុណ្ហភាព​សូន្យ​អង្សា នឹង​ធ្វើឱ្យ​ស្រទាប់​ដី​លែង​សូវហាប់ ដើមឈើ​លែង​រឹងមាំ​ដោយ​រង្គើ​​ឫស និង​ងាយ​មាន​ការ​បាក់ដី​​ស្រុត នៅពេល​មាន​ភ្លៀង​ខ្លាំង។

កាន់​តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទៀត គឺ​សីតុណ្ហភាព​វិជ្ជមាន​នៅ​ជុំ​វិញ​តំបន់​ប៉ូល​ក្នុង​រដូវ​រងារ​ដែល​ប្រព័ន្ធ​អេកូសាស្ត្រ​ធ្លាប់​តែ​ត្រជាក់​ខ្លាំង។ អស្ថិរភាព​សីតុណ្ហភាព​នេះ​ជាលក្ខណៈ​សម្គាល់​នៃការ​ប្រែប្រួល​អាកាសធាតុ​នៅ​តំបន់ប៉ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ