អានតួអត្ថបទ
បារាំង-នយោបាយ

រដ្ឋាភិបាលបារាំង​​ថ្មី បន្ថយ​​រដ្ឋមន្ត្រី និង​មាន​ទំនោរ​ស្តាំនិយម

ថ្ងៃសុក្រ ទី​១២ មករា ប្រមុខរដ្ឋាភិបាលបារាំង​ថ្មី​ លោក ហ្កាប៊្រី​យែល​ អាតតាល់ បាន​កោះប្រជុំ​គណៈរដ្ឋមន្ត្រីថ្មី ជាលើកដំបូង​ ក្រោយ​ពីបាន​ប្រកាស​តែងតាំង​សមាជិក​រដ្ឋាភិបាល​ កាលពី​ថ្ងៃទី​១១មករា។ រដ្ឋាភិបាលបារាំងថ្មី ក្រោម​ការ​ដឹកនាំរបស់នាយក​រដ្ឋមន្ត្រីវ័យ​ក្មេង  គឺ​បាន​បន្ថយចំនួនរដ្ឋមន្ត្រី និងត្រូវ​គេមើលឃើញថា មានទំនោរស្តាំនិយម។ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​​ថ្មីនេះ ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល ម៉ាក្រុង​ ​ ក៏​បង្ហាញវត្តមានដែរ។ ​​

រដ្ឋាភិបាលបារាំងថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ្កាប៊្រីយែល អាតតាល់ ។
រដ្ឋាភិបាលបារាំងថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ្កាប៊្រីយែល អាតតាល់ ។ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

​រដ្ឋាភិបាល​បារាំងថ្មី ដឹកនាំដោយ​​នាយករដ្ឋមន្ត្រី​ ហ្កាប៊្រី​យែល​ អាតតាល់ គឺបាន​កាត់បន្ថយ​ចំនួន​​ក្រសួង មកត្រឹមតែ ១១ ក្រសួង។ ជាក់ស្តែង ក្រសួង​សិក្សាធិការជាតិ និង ក្រសួង​កីឡា ត្រូវ​ច្របាច់​បញ្ចូល​គ្នា មកជា​ក្រសួងតែមួយ ក្រោម​រដ្ឋមន្ត្រីថ្មី គឺ លោកស្រី អាមេលី អ៊ូដេអា កាស្តេរ៉ា ។ រីឯ ក្រសួង​ការងារ និងក្រសួង​សុខាភិបាល ច្របាច់​បញ្ចូល​គ្នា​ ហើយ​ដាក់ក្រោម​រដ្ឋមន្ត្រីថ្មី គឺ លោក ស្រី កាទ្រីន វូត្រាំង ។ ក្រសួង​ការបរទេស ត្រូវ​ប្តូរ​ប្រមុខ​ការទូត។​ ក្រសួង​ផ្សេងៗទៀត ខ្លះ​ត្រូវ​កែឈ្មោះ និង​ត្រូវ​ទទួល​បន្ទុកការងារ​បន្ថែម។

ការផ្លាស់ប្តូរ​​សមាជិក​រដ្ឋាភិបាលបារាំងថ្មី នៅលើក​នេះ ក៏​ត្រូវ​គេចោទប្រកាន់​និង​វាយ​តម្លៃ​ថាជា​រដ្ឋាភិបាលទំនោរ​​ស្តាំ​និយម។ នេះក៏ព្រោះតែ​ ការតែងតាំង​រដ្ឋមន្ត្រី​ ២ នាក់ ដែល​ជាបុគ្គលស្តាំនិយមដ៏លេច​ធ្លោ។ ទីមួយ គឺរដ្ឋមន្ត្រីការងារ​ សុខាភិបាល និង​សាមគ្គីភាព ​លោកស្រី កាទ្រីន វូត្រាំង។ លោកស្រី​ ជាអតីត​រដ្ឋមន្ត្រី របស់​ប្រធានាធិបតី​ស្តាំនិយម ហ្សាក់ ស្ហៀរ៉ាក់ ។​

មួយរូបទៀត គឺ ​រដ្ឋមន្ត្រីវប្បធម៌ថ្មី ​លោកស្រី​ រ៉ាឈីដា ដាទី ដែល​អ្នក​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ ហើយ​និងជា អតីត​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ របស់​អតីតប្រធានាធិបតីស្តាំនិយម នីកូឡា សាកូហ្ស៊ី។ លោកស្រីរដ្ឋមន្ត្រីវប្បធម៌​ថ្មីរូបនេះ​ មាន​ជាប់​រឿង​អាស្រូវ​ច្រើន ជុំវិញ​ការប្រើឥទ្ធិពលអំណាច​ និងសំណុំរឿងពុករលួយ​។​ ក្រោយលេច​ដំណឹង​តែងតាំង​លោកស្រី​ឲ្យ​ចូល​​រួម​ជីវភាព​នយោបាយ​ជាមួយរដ្ឋាភិបាលថ្មី​ គឺ​ត្រូវ ​ប្រធានបក្ស​សាធារណរដ្ឋ អេរីក ស៊ីយ៉ូទី បណ្តេញនិង​លុប​ឈ្មោះ​ចេញពីបក្សភ្លាមៗ។​

រីឯ រដ្ឋមន្ត្រី​នៃ​ក្រសួង​សំខាន់ៗ ផ្សេងទៀត គឺ​នៅរក្សាទុកដដែល ដូចជា ក្រសួង​យុត្តិធម៌ ការពារជាតិ​ កសិកម្ម​ ក្រសួង​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ ហើយ​ជា​ពិសេស ក្រសួង​មហាផ្ទៃ និង ហិរញ្ញវត្ថុ ​ត្រូវ​រក្សាទុក​រដ្ឋមន្ត្រី​ដដែល បើទោះបីជា​រដ្ឋមន្ត្រី​ ២ នាក់​នេះ ត្រូវ​គេ​សម្លឹង​មើលថា​ជាគូប្រជែង​តំណែងនាយករដ្ឋមន្ត្រី​ ក៏ដោយ​ក្តី។​

ដោយឡែក ប្រសិន​បើគិតពី​សមភាព​ភេទបុរសស្ត្រី​ ​ក្នុង​ចំណោម​រដ្ឋមន្ត្រី​កាន់ក្រសួង​ទាំង ១១ គឺមានប្រុស ៧ នាក់ និងស្រី ៤ នាក់។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ៣នាក់ទៀត គឺ​សុទ្ធតែស្រី។ ដូច្នេះ គឺ​ឃើញថា ស្របតាម​ទម្លាប់​ចាស់ជាប្រពៃណី​ ចំនួន​រដ្ឋមន្ត្រីបារាំង​ ​មាន​ចំនួន​ស្មើគ្នា​ដដែល​ រវាង​ប្រុស​និងស្រី។

នៅមុខ​ការបើកកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីមួយថ្ងៃ គឺ​ក្នុងបទសម្ភាស​ជាមួយ​ទូរទស្សន៍​បារាំង TF1 កាលពីថ្ងៃ​ព្រហស្បិ៍ លោកនាយករដ្ឋមន្ត្រីថ្មី​ ហ្កាប៊្រីយែល អាតតាល់ បាន​សន្យា​ព្យាយាម​កាត់បន្ថយ​ពន្ធ ចំពោះប្រជាជនដែលមាន​កម្រិតជីវភាព​មធ្យម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ