អានតួអត្ថបទ
អឺរ៉ុប-ថាមពលបៃតង

សហភាពអឺរ៉ុប​អនុម័ត​ផែនការ​ឧស្សាហក​ម្ម​បៃតង​ ​ប្រជែង​ចិន​និង​អាមេរិក

សភា​អឺរ៉ុប​និងរដ្ឋ​ជា​សមាជិក​សហភាព​ទាំង​២៧​បាន​ព្រមព្រៀង​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី ៦កុម្ភៈ​២០២៤ បន្ធូរ​បន្ថយ​បទ​ប្បញ្ញត្តិដើម្បី​​​ពង្រឹង​ភាព​ប្រកួត​ប្រជែងនឹង​ចិន​ព្រមទាំង​សហរដ្ឋ​អាមេរិក ក្នុង​ផ្នែក​បច្ចេកវិទ្យា​​ឧស្សាហកម្ម​បៃតង។ ហើយ​​អឺរ៉ុប​ក៏​មិន​រើង​អើង​លើ​​​វិស័យ​ថាមពល​នុយក្លេអ៊ែរទៀត​ដែរ ក្នុង​បុព្វហេតុ​អព្យាក្រិត្យ​កាបូន​នេះ។

ផ្ទាំង​សូឡាផលិត​ចរន្ត​អគ្គិសនី​នៅ​ស្រុក Chambéry ប្រទេស​បារាំង
ផ្ទាំង​សូឡាផលិត​ចរន្ត​អគ្គិសនី​នៅ​ស្រុក Chambéry ប្រទេស​បារាំង © AFP - Jean-Pierre Clatot
ផ្សាយពាណិជ្ជកម្ម

ដើម្បី​សម្រេច​កម្មវត្ថុ​អព្យាក្រិត្យ​កាបូន​ នៅ​ឆ្នាំ​២០៥០ កាត់​បន្ថយថាមពល​ផូស៊ីល​​ដែល​បំពុល​បរិយាកាស​ខ្លាំង ឱ្យ​បាន​៨០%​នៅ​ឆ្នាំ​២០៤០ និង​​​​អធិបតេយ្យភាព​ថាមពល​ លែង​រំពឹង​លើ​ប្រេង/ឧស្ម័ន​​រុស្ស៊ី​ សភា​អឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​បាន​អនុម័ត​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​៦​កុម្ភៈ​២០២៤ផែន​ការ​ឧស្សាហកម្ម​បៃតង ដែលធានា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​ឧស្សាហកម្ម។ អឺរ៉ុប​​ផ្តល់​អាទិភាព​ដល់​វិស័យ​ថាមពល​ស្អាត គឺ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថាមពល​ព្រះ​អាទិត្យ (​ផ្ទាំង​សូឡា)​ ថាមពលវាយោ (កង្ហារ) អាគុយ និង​បច្ចេកវិទ្យា​អ៊ីដ្រូហ្សែន​កើត​ឡើង​វិញ ...។

ប្រឈម​នឹង​ចិនដែល​តែង​ផ្តល់​​ជំនួយ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន ​និង​សហរដ្ឋ​អាមេរិក​ដែល​មាន​​ច្បាប់​កាត់​បន្ថយ​អតិផរណា​Inflation Reduction Act ​អឺរ៉ុប​ត្រូវ​តែ​ការ​ពារ​ឧស្សាហកម្ម​របស់​ខ្លួន​ដែរ។​ ផែនការទើប​អនុម័ត​នេះ នឹង​ផ្តល់​ជំនួយ​ផ្នែក​​​​បទ​ប្បញ្ញត្តិ ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​​បច្ចេកវិទ្យា​បៃតងផង ដើម្បី​ពង្រឹង​ផលិតកម្ម​ថាមពល​ស្អាត​នៅ​លើ​ទឹក​ដី​អឺរ៉ុប​ឱ្យ​បាន​ច្រើន​ជាងមុន​ផង និង​ដើម្បី​បង្កើន​​ចំណែក​​នៅ​លើ​ទីផ្សារ​ថាមពល​ ឱ្យ​បានមួយ​ជា​បី​ ពោល​គឺ​​ក្នុង​ទំហំ​៦០០​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០។ ​​អឺរ៉ុប​សង្ឃឹម​ពន្លឿន​សកម្មភាព​ និង​សម្រេច​កម្មវត្ថុ​ឈាន​ទៅ​ប្រើ​ថាមពល​អគ្គិសនី​ផលិត​នៅក្នុង​ទឹក​ដី​អឺរ៉ុបខ្លួន​ឯង​ ​បាន​៤០%​នៃ​សេចក្តី​ត្រូវការ នៅឆ្នាំ​២០៣០ ​ទល់​នឹង​២២%​នៅពេល​បច្ចុប្បន្ន​។ ​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ថាមពល​កើត​ឡើង​វិញ ច្រើន​​តែ​ផលិត​នៅ​ក្រៅ​សហភាព​អឺរ៉ុប។ ជាក់ស្តែង ៩០%​នៃ​ផ្ទាំងសូឡាប្រើនៅ​​អឺរ៉ុប ផលិត​នៅ​ចិន។

ស្រប​តាម​បទ​ប្បញ្ញត្តិ​បំពាក់​ឧស្សាហកម្ម​គ្មាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដំណើរ​បែបបទសុំ​បង្កើត​​រោង​ចក្រ​ផលិត​គ្រឿង​ផ្សំ​នៃ​វិស័យ​យុទ្ធសាស្ត្រ ត្រូវ​បាន​សម្រួល​ឱ្យ​មាន​លក្ខណៈ​សាមញ្ញ​​ជាង​មុន​និង​ប្រើ​រយៈ​ពេល​ខ្លី​ ត្រឹម​១៨​ខែ​សម្រាប់គម្រោង​​ឧស្សាហកម្ម​ធំ និង​១២​ខែ​សម្រាប់​គម្រោង​តូច​ល្មម។

ផ្ទុយ​ពី​សំណើ​កាលពី​ឆ្នាំ​២០២៣ ផែនការ​ថ្មី​បាន​បញ្ចូល​​​ថាមពល​នុយក្លេអ៊ែរ​ ​ក្នុង​បញ្ជី​បច្ចេកវិទ្យា​យុទ្ធសាស្ត្រ​ដែរ​ តែ​រដ្ឋ​ជា​សមាជិក​នីមួយៗ​មាន​សេរីភាព​​ក្នុង​ការ​ជ្រើសរើសបច្ចេកវិទ្យាឬ​​ច្រាន​ថាមពល​នុយក្លេអ៊ែរ ​ក្នុង​ការ​សម្រេច​ផែនការទ្រទ្រង់​ឧស្សាហកម្ម​បៃតង។ ប៉ុន្តែ​បើ​និយាយ​អំពី​ហិរញ្ញវត្ថុ​វិញ អឺរ៉ុប​មាន​មហិច្ឆតា​ទាប​ណាស់។ ផែនការ​មាន​ទឹក​ប្រាក់​តែ​១៥០០​លាន​អឺរ៉ូ​ប៉ុណ្ណោះ និង​ជា​កញ្ចប់​ទឹក​លុយ​ដែល​មាន​ស្រាប់ គ្រាន់តែ​បង្វិល​បង្វែរ​ប្រើ​ក្នុង​កន្លែង​ផ្សេង​ដូច​ជា​ជួយ​ដល់​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជា​ដើម។ សហភាព​​នៅ​មិន​ទាន់សម្រេច​បាន​ ​អធិបតេយ្យភាព​មូលនិធិ​អឺរ៉ុប​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ