អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែន​ប្តូរ​មេទ័ព​ថ្មី ជាមួយ​​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ឈ្នះ​សង្គ្រាម

មួយ​ថ្ងៃ​ក្រោយ​ទទួល​តំណែង​ជា​មេទ័ព​នៃកងកម្លាំង​យោធា​អ៊ុយក្រែន លោក អូឡេក សៀរស្គី បាន​បង្ហាញ​ផែន​ការ​ដ៏​ច្បាស់​លាស់​មួយ​ក្នុង​ការ​ធ្វើ​សង្គ្រាមរុញ​ច្រាន​រុស្ស៊ី គឺ​សម្រិត​សម្រាំង​កម្លាំងទ័ព​និង​មធ្យោបាយ​ ​ដើម្បី​ឈ្នះ​សង្គ្រាម។ ប៉ុន្តែ​សម្រាប់​មូស្គូ​ ការ​ប្តូរ​ផ្លាស់​ក្បាល​ម៉ាស៊ីន​កងទ័ព​របស់​ក្រុង​កៀវនឹង​​មិន​ប្តូរ​ផ្លាស់​ស្ថានការណ៍​លើ​សមរភូមិ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​និង​មេទ័ព​ដែល​ទើប​ដក​ចេញ​ពី​តំណែង​  នៅថ្ងៃទី​៨​កុម្ភៈ​២០២៤
ប្រធានាធិបតី​អ៊ុយក្រែន​និង​មេទ័ព​ដែល​ទើប​ដក​ចេញ​ពី​តំណែង​ នៅថ្ងៃទី​៨​កុម្ភៈ​២០២៤ AP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈ​ដែលជំនួយ​យោធាអាមេរិក​កំពុង​ជាប់គាំង​នៅសភា ហើយ​​​កងទ័ព​អ៊ុយក្រែនហាក់​រុល​ទៅ​មុខលើ​សមរភូមិ​យ៉ាង​លំបាក អ៊ុយក្រែន​បានសម្រេច​ធ្វើ​ការ​​ផ្លាស់​ប្តូរ​មេទ័ព​ថ្មី ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្មី។ ​លោកឧត្តមសេនីយ៍​Valery Zaloujny មេទ័ព​ចាស់ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ចំណោម​យោធា​​ ​ត្រូវ​បាន​ផ្លាស់ចេញនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កុម្ភៈ​២០២៤​ និង​​​ជំនួស​មក​វិញដោយ​​​មេទ័ព​ថ្មីគឺ​​លោក Oleksandre Syrsky។ ពីរ​ឆ្នាំ​ក្រោយ​សង្គ្រាម ​អ៊ុយក្រែន​ចាំ​បាច់​​ត្រូវ​តែ​ធ្វើ​ការ​ប្តូរផ្លាស់។ នេះ​ជា​ប្រសាសន៍​បំភ្លឺ​របស់​​លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី ដោយ​បញ្ជាក់​ថា លោក អូឡេកសង់ សៀរស្គី ជាឧត្តមសេនីយ៍​​ដ៏​មាន​បទ​ពិសោធន៍​ខ្ពស់​ជាង​គេ​បំផុត​នៅអ៊ុយក្រែន។

ប្រឈម​នឹង​ក្តី​ព្រួយ​បារម្ភ​ខ្លាច​ជំនួយ​លោក​ខាង​លិច​ថយ​ចុះ​​បណ្តាល​មក​ពី​ចរន្ត​ប្រឆាំង​ផ្ទៃ​​ក្នុង​អាមេរិក​និង​អឺរ៉ុប ​​លោក​ហ្សេឡេនស្គី​ក៏​​បាន​ទាមទារ​​​​ភ្លាមដែរ ឱ្យ​មេទ័ព​ថ្មី បង្ហាញ​ផែនការ​ប្រយុទ្ធ​ “អាច​សម្រេច​​បាន”សម្រាប់​ឆ្នាំ​២០២៤។

តើ​ផែនការ​យក​ឈ្នះ​មាន​ខ្លឹមសារ​យ៉ាងណា?

​គឺ​ជា​ផែនការ​ដែល​មាន​រៀប​រាប់​យ៉ាង​​លម្អិតនិង​​យ៉ាង​ច្បាស់​លាស់​នូវ​រាល់​គ្រប់​សកម្មភាព​របស់​ផ្នែក​នីមួយៗ​។ នេះ​បើ​តាម​លោក​សៀរស្គីដែល​ថ្លែង​ជា​សាធារណៈ​ជា​លើ​ក​ទី​មួយ​​ក្នុង​នាម​ជា​មេទ័ព ដោយ​​អះអាងទៀត​​ថា មាន​តែ​ការ​ប្តូរផ្លាស់​និង​សម្រិត​សម្រាំងប្រកប​ដោយ​សុក្រិតភាព​​មធ្យោបាយ​និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​ជាប់​រហូតទេ​ទើប​អាច​យក​ឈ្នះ​បាន​​។ ប៉ុន្តែ​បញ្ហាដ៏ចម្បង​​សម្រាប់ពេល​នេះ គឺ​​យោធា​អ៊ុយក្រែន​ខ្វះ​គ្រាប់​រំសេវ។ ការ​ចែកចាយ​និង​បញ្ជូន​គ្រាប់ឱ្យ​បាន​លឿន​រហ័ស​និង​គ្រប់​ចំនួន​ជា​ប្រការ​ចាំបាច់​សម្រាប់​កងពល​​ប្រយុទ្ធ​ ជា​និង​នៅ​តែ​ជា​អាទិភាព​គោល​។ បើ​តាម​លោក​មេទ័ព​សៀរស្គី​ដែល​ធ្លាប់ជា​មេបញ្ជាការ​កងកម្លាំង​ទ័ព​ជើងគោក ​កំរិតការ​បាត់​បង់​ជីវិត​ និង​គិត​គូរ​ដល់សុខភាពកងទ័ព ​​ក៏​ជា​គោលការណ៍គ្រឹះ​​របស់​យោធា​អ៊ុយក្រែន​ដែរ។

​រុស្ស៊ី​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ប្តូរផ្លាស់​មេដឹកនាំ​កងទ័ព​ជា​ច្រើន​ដង​នោះ បាន​បញ្ចេញ​ប្រតិកម្ម​តប​ថា ការ​ប្តូរផ្លាស់​មេទ័ព​នៅ​អ៊ុយក្រែន​ មិន​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ក្រេមឡាំង​ក្នុង​បន្ត​ប្រតិបត្តិការ​យោធាពិសេស​​នៅ​​អ៊ុយក្រែន និង​មិនមែន​ជា​កត្តា​នាំឱ្យ​ស្ថានភាព​នៅលើ​សមរភូមិ​ប្រែប្រួល​ឡើយ។ ​នេះ​បើតាម​សំដី​របស់​អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង​នៅ​ថ្ងៃសុក្រ​ម្សិលមិញ។ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ក៏​បាន​អះអាង​ប្រាប់​អ្នកកាសែត​អភិរក្ស​និយម​អាមេរិក​ស្និទ្ធ​នឹងលោកដូណាល់ត្រាំ​​​ដោយ​ផ្ទាល់​ដែរ​ថា រុស្ស៊ី​មិន​អាច​ចាញ់​សង្គ្រាម​នៅអ៊ុយក្រែន​ទេ។

សូម​បញ្ជាក់ថា ប្រឈម​នឹង​កង្វះ​គ្រាប់​កាំភ្លើង​ដ៏​ចាំបាច់​សម្រាប់​តតាំង​នឹង​ការ​វាយលុក​របស់​រុស្ស៊ី យោធា​អ៊ុយក្រែន​ពេល​នេះ ផ្ចង់ការវាយប្រហារ​ដោយ​ប្រើដ្រូន​និង​មីស៊ីល​ទៅ​លើ​ទីតាំង​យោធា​និង​ថាមពល​ក្នុង​ទឹក​ដីរុស្ស៊ី​ ដើម្បី​បង្ខំ​រុស្ស៊ី​ឱ្យ​ដក​កម្លាំង​ទ័ព​និង​អាវុធ​ខ្លះ​​ចេញ​ពី​សមរភូមិ​ទៅ​ការពារ​ខ្សែ​ត្រៀម​ខាង​ក្រោយ​។ ម្សិលមិញ កងទ័ពពិសេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​ខូចខាត​​ទីតាំង​ប្រេង​ឥន្ធនៈ​​ពីរ​កន្លែង​សម្រាប់ផ្គត់ផ្គង់​ប្រេង​ដល់​កងពល​​រុស្ស៊ី​នៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ