អានតួអត្ថបទ
សហភាពអឺរ៉ុប-អ៊ុយក្រែន

អឺរ៉ុបនៅលើផ្លូវដ៏វែងឆ្ងាយ ដើម្បីអាចក្លាយជាឃ្លាំងផ្គត់ផ្គង់ អាវុធ​ឲ្យអ៊ុយក្រែន

ឆន្ទៈធំ​ហួសមាឌ ហួស​សមត្ថភាពដែលខ្លួនមាន។ នៅ​ចំពោះមុខ​សង្រ្គាមរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន នៅក្បែររបង​របស់ខ្លួន សហភាពអឺរ៉ុបធ្លាប់​ប្រកាសជួយ​អ៊ុយក្រែន តាមគ្រប់មធ្យោបាយ។ នៅ​ខែ​មីនាឆ្នាំមុន សហភាពអឺរ៉ុប​សម្រេច​ផ្តល់កញ្ចប់​ជំនួយ ២ពាន់លាន​អឺរ៉ូ​សម្រាប់​ការបញ្ជូនសព្វាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន ដែលនៅក្នុង​នោះ មានគ្រាប់ប្លោង ១លាន​គ្រាប់ ក្នុង​រយៈពេល​ឆ្នាំ។ ប៉ុន្តែ នៅលើ​ទីតាំង​ជាក់ស្តែង ការអនុវត្ត​មិន​ដូច​ការសន្យា​ព្រោះថា មានគ្រាប់ប្លោងតែ ជាង​៣សែន​គ្រាប់ប៉ុណ្ណោះ ​ដែល​អឺរ៉ុប​បាន​ផ្តល់​ទៅ​ឲ្យអ៊ុយក្រែន។ នៅក្នុង​កាលៈទេសៈ​ដែល​អ៊ុយក្រែន​សព្វថ្ងៃ ​កាន់តែ​ខើច ខ្វះ​អាវុធ​ធ្វើសង្រ្គាម ចំណែក រដ្ឋបាល​អាមេរិក​កំពុង​ទ័លច្រក​មិន​អាច​ផ្តល់​កញ្ចប់ជំនួយយោធា ៦០ពាន់លាន​ដុល្លារ ដល់​អ៊ុយក្រែន ដោយសារ​តែ​ការប្រឆាំង​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​សភា។ អឺរ៉ុប​គ្មានជម្រើសច្រើន​ក្រៅតែពី​ពឹងលើវិស័យឧស្សាហកម្មផលិត​អាវុធ​ក្នុងទឹកដីអឺរ៉ុប ដើម្បី​ធានា​ផ្តល់អាវុធ​ដល់​អ៊ុយក្រែន។ ប៉ុន្តែ​សួរថា តើអឺរ៉ុប​អាច​មានសមត្ថភាព បន្តវេន ជំនួស​អាមេរិក ក្នុងរឿង​បញ្ជូន​អាវុធ​ទៅជួយអ៊ុយក្រែន​ដែរឬទេ? 

នៅ​ខែមីនា ឆ្នាំមុន អឺរ៉ុប​ធ្លាប់​សន្យា​ផ្តល់​គ្រាប់ប្លោង​១លានគ្រាប់​ទៅ​ឲ្យ​អ៊ុយក្រែន ក្នុង​រយៈពេល​មួយឆ្នាំ ប៉ុន្តែ គិត​ត្រឹម​ចុងឆ្នាំ​មុន អ៊ុយក្រែន​បាន​ទទួលតែ ជាង​៣សែនគ្រាប់ប៉ុណ្ណោះ
នៅ​ខែមីនា ឆ្នាំមុន អឺរ៉ុប​ធ្លាប់​សន្យា​ផ្តល់​គ្រាប់ប្លោង​១លានគ្រាប់​ទៅ​ឲ្យ​អ៊ុយក្រែន ក្នុង​រយៈពេល​មួយឆ្នាំ ប៉ុន្តែ គិត​ត្រឹម​ចុងឆ្នាំ​មុន អ៊ុយក្រែន​បាន​ទទួលតែ ជាង​៣សែនគ្រាប់ប៉ុណ្ណោះ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

អាមេរិកជា​ប្រទេស​ផ្តល់ជំនួយយោធា​ធំបំផុត​របស់​អ៊ុយក្រែន។ ចាប់តាំង​ពី​រុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅខែ​កុម្ភៈ ឆ្នាំ ២០២២ អាមេរិក​ផ្តល់អាវុធ តម្លៃ ៤៤,៥ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​អ៊ុយក្រែន។ ប៉ុន្តែ ចាប់តាំង​ពី​កញ្ចប់ជំនួយថ្មី​សម្រាប់​អ៊ុយក្រែន ប្រមាណ ៦០ពាន់លាន​ដុល្លារ នៅ​ជាប់​ក្នុងសភាអាមេរិក ដោយសារ​តែ​ការលើកដៃ​ប្រឆាំង​របស់​គណបក្ស​សាធារណរដ្ឋ ចំណែក​លោក​ដូណាល់ ត្រាំ​អាច​ឈ្នះឆ្នោត ត្រលប់​មក​ដឹកនាំ​អាមេរិកសាជាថ្មី សំពាធ​បាន​ធ្លាក់​មក​លើ​អឺរ៉ុប។

គិត​តាំងពីពេល​ដែលកងទ័ពរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន សហភាពអឺរ៉ុប ដែលមាន​២៧ប្រទេស​បាន​ប្រមែប្រមូលថវិកា ២៨ពាន់លាន​អឺរ៉ូ​សម្រាប់​ជួយ​កងទ័ព​អ៊ុយក្រែន។ នៅ​ខែ​មីនា​ឆ្នាំមុន អឺរ៉ុប​នៅ​បាន​សន្យា​ផ្តល់​កញ្ចប់​ជំនួយ​យោធា ២០ពាន់លាន​អឺរ៉ូ​សម្រាប់ជួយ​អ៊ុយក្រែន ក្នុង​ឆ្នាំ ២០២៤។

អាល្លឺម៉ង់​ដែលផ្តល់ជំនួយ​យោធា​ច្រើន​ជាងគេ​នៅអឺរ៉ុប ប្រមាណ ៧ពាន់លាន​អឺរ៉ូ​ទៅ​ឲ្យ​អ៊ុយក្រែន​ទាមទារ​ឲ្យសមាជិក​អឺរ៉ុប បង្កើនជំនួយ​បន្ថែមទៀត ជួយ​អ៊ុយក្រែន ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល​អ៊ុយក្រែន កំពុង​ត្រូវការ​អាវុធ​បន្ទាន់ ហើយកញ្ចប់ជំនួយ​យោធា​របស់អាមេរិក​សម្រាប់​អ៊ុយក្រែន​ក៏​កំពុង​ជាប់គាំង នៅ​សភា​អាមេរិក។

ប៉ុន្តែ ការអំពាវនាវ​របស់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ដែល​ចង់​ឲ្យ​អឺរ៉ុប​ប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់អាវុធ​ជួយអ៊ុយក្រែន គ្មាន​ប្រយោជន៍ទេ។ នៅ​ខែមីនា ឆ្នាំមុន អឺរ៉ុប​ធ្លាប់​សន្យា​ផ្តល់​គ្រាប់ប្លោង​១លានគ្រាប់​ទៅ​ឲ្យ​អ៊ុយក្រែន ក្នុង​រយៈពេល​មួយឆ្នាំ ប៉ុន្តែ គិត​ត្រឹម​ចុងឆ្នាំ​មុន អ៊ុយក្រែន​បាន​ទទួលតែ ជាង​៣សែនគ្រាប់ប៉ុណ្ណោះ។

អឺរ៉ុប​ផ្តល់​គ្រាប់ប្លោង​មិន​គ្រប់ចំនួន តាមកាលកំណត់ ទៅ​ឲ្យ​អ៊ុយក្រែន ដោយសារតែអឺរ៉ុប​មានការយឺតយ៉ាវ​ខ្លាំង នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​អាវុធ។ នៅ​ក្នុង​រង្វង់​សហភាពអឺរ៉ុប មានប្រទេស​អឺរ៉ុប​ចំនួន​១១ មាន​រោងចក្រ​ផលិត​គ្រាប់ប្លោង ប៉ុន្តែ ប្រទេស​នីមួយៗ​ផលិត​ និង​លក់​នាំចេញ​ទៅបរទេស រៀងៗខ្លួន ពោលគឺ​មិន​បាន​និយាយសម្របសម្រួលគ្នា ដើម្បី​ផលិតទុក​សម្រាប់​តែ​អ៊ុយក្រែន។ នៅត្រង់ចំណុចនេះ ប្រមុខការបរទេស​អឺរ៉ុប លោក​ហ្សូសេហ្វ បូរែល​បាន​អំពាវនាវ​ឲ្យ​សមាជិក​អឺរ៉ុប​ផ្អាក​លក់អាវុធ​ទៅ​ឲ្យប្រទេស​ដែល​គ្មានសង្រ្គាម ប៉ុន្តែ ទុក​សម្រាប់​បញ្ជូន​ទៅ​ជួយកងទ័ពអ៊ុយក្រែន។

ហេតុផលមួយទៀត​ដែលធ្វើ​ឲ្យ​អឺរ៉ុប​មិនអាច​បញ្ជូន​សព្វាវុធ ទាន់ពេលវេលា និងគ្រប់ចំនួន​ទៅ​ឲ្យអ៊ុយក្រែន តាមការសន្យា​របស់ខ្លួន នោះគឺរហូតមកដល់ពេលនេះ គ្មាន​ប្រទេស​ណាមួយ​ដែលមាន​ឧស្សាហកម្ម​ផលិតអាវុធ​ធំដុំ​នោះទេ សូម្បីអាល្លឺម៉ង់ បារាំង​និងអ៊ីតាលី ដែល​ជា​ក្បាលម៉ាស៊ីនសេដ្ឋកិច្ច​របស់​អឺរ៉ុប។

សម្រាប់អ្នកជំនាញ​អាល្លឺម៉ង់ លោក​Christian Mölling ប្រទេស​នៅអឺរ៉ុប​លែង​មាន​​សមត្ថភាព​ផលិត​អាវុធ​ក្នុង​ទ្រង់ទ្រាយធំ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ពេលមាន​សង្រ្គាម ព្រោះថា មូលដ្ឋានគ្រឹះ​នៃ​ឧស្សាហកម្ម​ផលិតអាវុធ​របស់អឺរ៉ុប​ត្រូវ​បាន​រុះរើ កាត់បន្ថយ លែង​ជាអាទិភាព នៅក្រោយសម័យសង្រ្គាមត្រជាក់។

ដោយ​គិតតែ​ផ្តោត ជំរុញ​វិស័យ​សេដ្ឋកិច្ច អឺរ៉ុប​វិនិយោគ​តិចតួច​ណាស់​លើ​ឧស្សាហកម្ម​ផលិត​អាវុធ។ ដើម្បី​ការពារ​ខ្លួន ប្រទេស​នៅ​អឺរ៉ុប​សុខចិត្ត​ចំណាយ​លុយ​ទៅ​អាវុធពីបរទេស ឬ​ពឹងផ្អែក​លើ​កញ្ចប់ថវិកា​ការពារ​ជាតិ​អឺរ៉ុប ដើម្បី​ទិញអាវុធពីអាមេរិក។ តាម​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ និងយុទ្ធសាស្រ្ត នៅក្នុង​ចំណោម​ថវិកា ១០០ពាន់លាន​អឺរ៉ូ​ដែល​អឺរ៉ុប​ចំណាយ​សម្រាប់​ទិញ អាវុធ​ពី​ប្រទេស​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ ៦៣%​សម្រាប់ទិញអាវុធ​ពី​អាមេរិក ចំណែក​១៣​%​ពី​កូរ៉េខាងត្បូង។

អឺរ៉ុប​ត្រូវការ​ពឹងផ្អែក​លើ​អាវុធ​អាមេរិក ដោយសារ​តែ​មិន​អាច​មិន​ពង្រឹង​ឧស្សាហកម្ម​ផលិត​អាវុធ​ក្នុង​ស្រុក។ មិនអាចជំរុញ​ឧស្សាហកម្មផលិតអាវុធ ដោយសារ​តែ​គ្មានការលើកទឹកចិត្ត​ជំរុញ​ការវិនិយោគ​ពីរដ្ឋាភិបាល និង​សហភាពអឺរ៉ុបខ្លួនឯង។ នេះគេនៅមិនទាន់​និយាយ​ពី​ភាពអាត្មានិយម ជាតិនិយម​របស់​ប្រទេស​សមាជិកអឺរ៉ុបនីមួយៗ ដែល​ចង់​ពឹងផ្អែក​លើ​កញ្ចប់​ថវិការួមរបស់អឺរ៉ុប ជាជាង​ចេញ​លុយ​ពី​ហោប៉ៅ​ផ្ទាល់ខ្លួន។ ហេតុផល​ទាំងអស់នេះ​ដែលធ្វើ​ឲ្យ​សហភាពអឺរ៉ុប មាន ២៧ប្រទេស មិនអាច​ផ្តួចផ្តើម​គំនិតគ្នា​ជាធ្លុងមួយ ដើម្បីពង្រឹង​ឧស្សាហកម្មផលិត​អាវុធ​ឲ្យធំដុំដូចអាមេរិក។ ជាលទ្ធផល នៅចំពោះមុខ​តម្រូវការទាមទារចង់បាន​របស់អ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមតទល់រុស្ស៊ី អឺរ៉ុប​នៅស្ថិតនៅលើ​ផ្លូវដើរ​ដ៏វែងឆ្ងាយទៀត ដើម្បី​អាច​ជំនួស អាមេរិក នៅក្នុង​រឿងផ្តល់ជំនួយសព្វាវុធ​ទៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ