អានតួអត្ថបទ
រុស្ស៊ី-គ្រីមេ

កងទ័ព​អ៊ុយក្រែន​បាញ់​ពន្លិច​នាវាចម្បាំង​របស់​រុស្ស៊ី​មួយគ្រឿង​ទៀត នៅ​តំបន់ទឹកគ្រីមេ

នៅក្នុង​ដំណើរចុះជួប​កងទ័ព នៅ​សមរភូមិ នៅថ្ងៃពុធទី ១៤​កុម្ភៈនេះ ​មេទ័ពថ្មី​របស់​អ៊ុយក្រែន​ព្រមាន​ថា សមរភូមិជួរមុខ ស្មុគស្មាញ និង​ពិបាក​បំផុត។ លោកអូឡេកសង់ សៀរស្គី ដែលទើប​ចូលកាន់តំណែង​ជាមេទ័ពថ្មី​ដឹកនាំ​កងកម្លាំងយោធាអ៊ុយក្រែន កាលពីសប្តាហ៍មុន ទទួលស្គាល់ថា កងទ័ពរុស្ស៊ី​មានប្រៀប ក្នុង​ផ្នែក​ធនធានមនុស្ស។ នៅទឹ្រង មិនអាច​វាយទម្លុះ​ខ្សែប្រយុទ្ធ​របស់​រុស្ស៊ី នៅ​សមរភូមិដីគោក ប៉ុន្តែ កងទ័ព​អ៊ុយក្រែន​ជោគជ័យច្រើន​នៅ​ជើងទឹក។ នៅថ្ងៃពុធនេះដែរ ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​អ៊ុយក្រែន អះអាងថា គេ​បាន​បាញ់ពន្លិច​នាវាចម្បាំងដ៏ធំមួយគ្រឿង​ទៀត​របស់​រុស្ស៊ី នៅភាគខាងត្បូង​គ្រីមេ​ក្នុងសមុទ្រ​ខ្មៅ។ 

​នាវាចម្បាំង​ ​របស់​រុស្ស៊ី ឈ្មោះ Caesar Kounikouv​នៅភាគខាង
​នាវាចម្បាំង​ ​របស់​រុស្ស៊ី ឈ្មោះ Caesar Kounikouv​នៅភាគខាង AP - Burak Gezen
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​រយៈពេលតែ ២សប្តាហ៍ កងទ័ពអ៊ុយក្រែន​បាញ់​ពន្លិច​នាវាចម្បាំង​រុស្ស៊ី​ដល់ទៅ​២គ្រឿង នៅ​សមុទ្រខ្មៅ។ តាម​ការប្រកាស​របស់​កងទ័ពអ៊ុយក្រែន នៅថ្ងៃពុធទី ១៤​កុម្ភៈ កងទ័ពរួមជាមួយ​ក្រុម​ចារកិច្ច​របស់​ក្រសួង​ការពារជាតិ​បាញ់ពន្លិច​នាវាចម្បាំង​មួយគ្រឿងទៀត ​របស់​រុស្ស៊ី ឈ្មោះ Caesar Kounikouv​នៅភាគខាងត្បូង​គ្រីមេ ទឹកដី​របស់​អ៊ុយក្រែន ដែលត្រូវ​រុស្ស៊ីកាត់យក​ទៅបញ្ចូល​ក្នុងផែនទី​របស់ខ្លួន​កាលពី​ឆ្នាំ ២០១៤។

កងទ័ពអ៊ុយក្រែនអះអាងថា គេ​ប្រើដ្រូនក្នុងទឹក​ ទៅ​បាញ់​បំផ្លាញ​កប៉ាល់ចម្បាំង​របស់​រុស្ស៊ី​នៅ​ក្បែរគ្រីមេ។ រូបភាព​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​អ៊ុយក្រែន បង្ហាញ​ភ្លើង ផ្សែងអណ្តែត​ទ្រលោម​នៅសមុទ្រ​ខ្មៅ។

នៅក្រោយ​ការអះអាងរបស់​អ៊ុយក្រែន ភាគី​រុស្ស៊ី​មិនបាននិយាយ​អ្វីទាក់ទង​នឹង​ការវាយប្រហារ​លើ​កប៉ាល់​ចម្បាំង​របស់ខ្លួន ប៉ុន្តែ លើកឡើងថា នៅថ្ងៃ​ពុធនេះ រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​៦គ្រឿង​របស់អ៊ុយក្រែន។ បើសិន​ការអះអាង​របស់​អ៊ុយក្រែន​ជា​ការពិត នោះ​វា​ជាការបាត់បង់​មួយដ៏ធំ​សម្រាប់​រុស្ស៊ី ព្រោះថា កប៉ាល់ចម្បាំង​ឈ្មោះ Caesar Kounikouv ដែលធ្លាប់ចូលរួម​នៅក្នុង​សង្រ្គាមដណ្តើមទឹកដី​ហ្សកហ្ស៊ី កាលពី​ឆ្នាំ ២០០៨ មានតម្លៃ ៧០លាន​ដុល្លារ។ អាច​ដឹកជញ្ជូន​រថក្រោះ និង​កងទ័ព​ចូលដល់​ដីគោក នាវាចម្បាំង Caesar Kounikouv​ដើរតួនាទីសំខាន់ នៅក្នុង​យុទ្ធសាស្រ្ត​ផ្លាស់ទី​របស់​កងទ័ព ទៅ​ក្នុង​ទឹកដី​របស់​សត្រូវ។

កងទ័ពអ៊ុយក្រែន​មាន​ស្នាដៃ​ច្រើន នៅក្នុង​តំបន់ទឹក​គ្រីមេ ដោយ​បានបាញ់​បំផ្លាញ​នាវាចម្បាំង​របស់រុស្ស៊ី ដល់​ទៅ ៣គ្រឿង ក្នុងរយៈពេលតែ​៣ខែ។ រូបភាព​ផ្កាយរណប​នៅ​ឆ្នាំមុន​បង្ហាញថា ដោយសារ​រងការវាយប្រហារ​ដ្រូន​របស់អ៊ុយក្រែន រុស្ស៊ី​បាន​ដកបញ្ចេញ​នាវាចម្បាំង​របស់ខ្លួន​ជាច្រើនគ្រឿង​ចេញពីតំបន់គ្រីមេ។

អ៊ុយក្រែន​ជោគជ័យ នៅ​តំបន់ទឹក​ក្បែរគ្រីមេ ប៉ុន្តែ នៅសមរភូមិដីគោក កងទ័ពអ៊ុយក្រែន​នៅទ្រឹង មិនអាច​វាយទម្លុះ​ខ្សែប្រយុទ្ធ​របស់​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិ ខណៈពេល​ដែល​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ឈានចូល​ជិតដល់​ឆ្នាំ ទី៣ នៅប៉ុន្មានថ្ងៃ ខាងមុខ។

នៅក្នុង​ដំណើរ​ទៅជួបកងទ័ព​នៅ​សមរភូមិមុខ នៅថ្ងៃ​ពុធនេះ មេទ័ពថ្មី​របស់អ៊ុយក្រែន លោក​អូឡេកសង់ សៀរស្គី​ដែលជា​ឧត្តមសេនីយ៍​មាន​បទពិសោធន៍ខ្ពស់ នៅ​អ៊ុយក្រែន ទទួលស្គាល់​ថា រុស្ស៊ី​បង្កើនការប្រឹងប្រែង និង​មាន​ប្រៀបជាង​អ៊ុយក្រែន បើនិយាយពី​ចំនួន​កងទ័ព។ នៅពេលទទួលតំណែង​ជា​មេទ័ពថ្មី​របស់​អ៊ុយក្រែន លោក​អូឡេសង់ សៀរស្គី​ធ្លាប់​បង្ហាញ​ផែនការ​ដែលថា ​ដើម្បីឈ្នះសង្រ្គាម គេត្រូវការ​សម្រិតសម្រាំងទ័ព និងមធ្យោបាយ។ ប៉ុន្តែ នៅ​សមរភូមិជាក់ស្តែង មេទ័ពអ៊ុយក្រែន​ព្រមានថា សមរភូមិ​ជួរមុខ​ ស្មុគស្មាញ និង​ពិបាក​ខ្លាំងបំផុត​សម្រាប់​កងទ័ពអ៊ុយក្រែន។ ប្រឈមនឹង​រុស្ស៊ី ដែលជាមហាអំណាច​យោធា អ៊ុយក្រែន​កាន់តែ​ខើច​ផ្នែកសព្វាវុធ និង​ត្រូវ​ជំនួយបន្ទាន់ពី​សម្ព័ន្ធមិត្ត​ ជា​ពិសេស​អាមេរិក។ ប៉ុន្តែ នៅថ្ងៃ​អង្គារម្សិលមិញ ប្រធាន​សភាអ្នកតំណាងរាស្រ្ត​អាមេរិក​បាន​បដិសេធ​សាជាថ្មី ម្តងទៀត មិន​បោះឆ្នោត​លើ​កញ្ចប់​ថវិកា​ជំនួយ​យោធា​សម្រាប់អ៊ុយក្រែន ដែលមាន​តម្លៃ ៦០ពាន់លាន​ដុល្លារនោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ