អានតួអត្ថបទ

G7 សន្យា​ធ្វើឲ្យ​រុស្ស៊ី​ខាត​បង់​ធ្ងន់​ក្នុង​សង្គ្រាម​នៅអ៊ុយក្រែន

ក្នុងថ្ងៃ​​​ខួប​២ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានរុស្ស៊ី​នៅ​អ៊ុយក្រែន, ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ហ្សេ៧ បាន​ជ្រើសរើសទីក្រុង​កៀវ ដើម្បី​ជួប​ប្រជុំគ្នា សម្តែង​ការគាំទ្រ​ដល់​អ៊ុយក្រែន ហើយ​និងបាន​សន្យាធ្វើឲ្យរុស្ស៊ីខាតបង់ធ្ងន់ក្នុងសង្គ្រាម។ ថ្ងៃសៅរ៍ ទី២៤កុម្ភៈ  ​ក្រុម​ប្រទេស​​​ហ្សេ៧ ក៏បាន​ប្រកាស​ដាក់វិធានការ​​ជាច្រើន​ ដើម្បីបិទផ្លូវ​ហិរញ្ញវត្ថុ​កុំឲ្យ​រុស្ស៊ី​យក​ទៅបំប៉ន​ភ្លើងសង្គ្រាម​។ ទន្ទឹមនឹងគ្នា​នោះ ហ្សេ៧ ក៏បានព្រមាន​ប្រទេស​ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង កុំឲ្យ​ជួយ​ផ្តល់​គ្រឿង​សឹកចម្បាំង​ទៅរុស្ស៊ី។ 

កិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋឆ្នាំនេះ ក្រោមការដឹកនាំប្រធានផ្លាស់វេនអ៊ីតាលី។ នាយករដ្ឋមន្ត្រីកាដាណានិងអ៊ីតាលី អញ្ជើញទៅក្រុងកៀវដោយផ្ទាល់ ចំណែកថ្នាក់ដឹកនាំប្រទេសផ្សេងទៀត ចូលរួមប្រជុំតាមអនឡាញ។
កិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋឆ្នាំនេះ ក្រោមការដឹកនាំប្រធានផ្លាស់វេនអ៊ីតាលី។ នាយករដ្ឋមន្ត្រីកាដាណានិងអ៊ីតាលី អញ្ជើញទៅក្រុងកៀវដោយផ្ទាល់ ចំណែកថ្នាក់ដឹកនាំប្រទេសផ្សេងទៀត ចូលរួមប្រជុំតាមអនឡាញ។ via REUTERS - UKRAINIAN PRESIDENTIAL PRESS SER
ផ្សាយពាណិជ្ជកម្ម

ពុំ​មែនជារឿងចម្លែកទេ ដែល​ក្រុមប្រទេស​ហ្សេ៧ ជួបប្រជុំ​គ្នាកម្រិត​ថ្នាក់ប្រមុខរដ្ឋាភិបាល​ ដោយជ្រើសរើសទីក្រុង​កៀវ​របស់​អ៊ុយក្រែន​ ជាកន្លែងប្រជុំ។ នេះជាការសម្តែងក្តីគាំទ្រ​ចំពោះ​អ៊ុយក្រែន នៅចំពោះមុខ​សង្គ្រាមឈ្លានពានរុស្ស៊ី​ ឈាន​ចូល​ឆ្នាំទី៣។ ក្រុមប្រទេស​ហ្សេ៧  ប្រកាស​​ក្នុងសេចក្តីថ្លែងការណ៍ ថា​នឹង​ធ្វើ​ឲ្យ ​រុស្ស៊ី ​ខាងបង់​កាន់តែធំ​នៅក្នុង​ភ្លើង​សង្គ្រាម​​, ត្រូវ​បន្ថយ​ឬកាត់ផ្តាច់​ប្រភព​ចំណូលរុស្ស៊ី, រារាំង​គ្រប់មធ្យោបាយ​កុំឲ្យ​រុស្ស៊ី​មាន​ប្រភព​ហិរញ្ញ​វត្ថុដើម្បីយកទៅ​បញ្ឆេះបំប៉ន​សង្គ្រាម, វិធានការនោះ ​មាន​ជាអាទិ៍ ការ​ដាក់​ទណ្ឌ​កម្ម​លើវិស័យ​ហិរញ្ញវត្ថុ​ ក្រុមហ៊ុនរកស៊ីជាមួយ​រុស្ស៊ី​ និង​សេដ្ឋីរុស្ស៊ី​ ដែលក្រុម​សមាជិក​ G7 ទើប​ប្រកាស​ចេញ​ថ្មីៗនេះ។​

ជាមួយគ្នានេះដែរ ប្រទេសហ្សេ៧ ក៏បានលើកឡើង​ក្តីបារម្ភពី​​មហាអំណាច​​ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែល​ជួយ​ផ្តល់​អាវុធ​និងគ្រឿង​ឧបករណ៍សឹក​ឲ្យរុស្ស៊ី​។ ប្រទេស​ហ្សេ៧ មិនញញើត​នឹង​ព្រមានចំៗ ចំពោះ​​រដ្ឋបាលក្រុងប៉េកាំង ក្រុងតេហេរ៉ង់ និងក្រុង​ព្យុងយ៉ាង​ ថា​កុំឲ្យលូកដៃ​ជួយ​ផ្តល់​គ្រឿង​សឹកចម្បាំង​ទៅក្រុងម៉ូស្កូ ឲ្យសោះ។

ថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ប្រកាសយោបល់​​ថា ជាការល្អ គួរយក​​លុយ​រុស្ស៊ីរា​ប់​ពាន់​​លាន​អឺរ៉ូ​ ​ដែល​បង្កកនៅអឺរ៉ុប ​ទៅជួយ​អ៊ុយក្រែន។ គួររំឭកថា តាំងពីផ្ទុះ​សង្គ្រាម​រុស្ស៊ី​នៅអ៊ុយក្រែនមក ធនគារអឺរ៉ុប​​បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច បង្ក​កលុយនិងទ្រព្យ​សម្បត្តិរុស្ស៊ី ចំនួន ៣៥០ ពាន់​លានអឺរ៉ូ​។

ជាប្រតិកម្មតប​​ លោក ឌីមីទ្រី មេដវេដេវ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុម​ប្រឹក្សា​សន្តិសុខ​​រុស្ស៊ី បានថ្លែងថា រុស្ស៊ី​នឹង​សងសឹក ហើយ​ធ្វើឲ្យ​ ពួក​សត្រូវ​បស្ចិមលោក រងទុក្ខ។​

​ក្រុមប្រទេស​ហ្សេ៧ មាន​ សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និង កាណាដា។ កិច្ចប្រជុំ​ថ្នាក់ប្រមុខរដ្ឋ​ឆ្នាំនេះ ក្រោម​ការដឹកនាំប្រធាន​ផ្លាស់វេន​អ៊ីតាលី។ នាយករដ្ឋមន្ត្រី​​កាដាណា​និងអ៊ីតាលី អញ្ជើញ​ទៅក្រុងកៀវ​ដោយផ្ទាល់ ចំណែក​ថ្នាក់​ដឹកនាំ​ប្រទេស​​ផ្សេងទៀត ចូល​រួម​ប្រជុំតាម​​អនឡាញ។ ក្នុង​ឱកាស​នេះ ​​កាដាណា​និងអ៊ីតាលី បាន​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​ការពារ​ជាតិ ជាមួយ​អ៊ុយក្រែន គឺ​ស្រដៀង​នឹងកិច្ចព្រមព្រៀង ដែល អង់គ្លេស អាល្លឺម៉ង់ និង​បារាំង បាន​ចុះហត្ថលេខារួច​ពីពេលថ្មីៗ​ដែរ។​​ មិនតែប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២៤នេះ កាណាដា សន្យាផ្តល់ជំនួយយោធា​ ចំនួន​ ២,៣ ពាន់លានដុល្លារ​ ដល់​អ៊ុយក្រែន។​

ប្រធានគណៈកម្មការអឺរ៉ុបក៏​ចូលរួម​ប្រជុំ​ហ្សេ៧​នឹងគេ​ដែរ។ អង្គុយក្បែរ​ប្រធានាធិបតី​អ៊ុយក្រែន លោកស្រី​ ​អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រកាសថា​​​នឹង​ផ្ទេរ​កញ្ចប់​ថវិកា​ ៤,៥ពាន់​លានអឺរ៉ូ ឲ្យ​អ៊ុយក្រែន នៅខែមីនា​។ នេះជា​ចំណែក​មួយ​នៃ​ការសន្យា​ ៥០ ពាន់លានអឺរ៉ូ​ របស់​សហភាព​អឺរ៉ុប។

ឱកាស​ខួប​២ឆ្នាំ​នៃសង្គ្រាម​នៅអ៊ុយក្រែន, ជាថ្មីម្តងទៀត ប្រធានាធិបតីអ៊ុយក្រែន បាន​ស្នើសុំ​ជំនួយ​យោធា បន្ថែម និង​ជាបន្ទាន់​។ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រកាសថា «គ្រប់​គ្នាដឹងយ៉ាង​ច្បាស់​ស្រេចហើយថា ពេលនេះ​ អ៊ុយក្រែន​យើង​ត្រូវការ​អ្វីខ្លាំងបំផុត​ ដើម្បី​ការពារផ្លូវ​អាកាស និងទឹក​ដីយើង​។ យើង​ទុកចិត្ត​លើអស់លោកគ្រប់​គ្នាហើយ។​»។ លោក ហ្សេឡេនស្គី ថ្លែងនេះ ​​មិន​បញ្ជាក់​ចំ​ឈ្មោះ​សហរដ្ឋ​អាមេរិក​ឡើយ។ ច្រើនខែហើយ  រដ្ឋសភាអាមេរិក​ បាន​ខ្ទាស់​​ជំនួយយោធា​ ​៦០​ពាន់​លាន​ដុល្លារ ដែលត្រូវ​ផ្តល់​ឲ្យ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ