អានតួអត្ថបទ
អង្គការសហប្រជាជាតិ-អ៊ីស្រាអែល

អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យតុលាការយុត្តិធម៌អន្តរជាតិ​ពិនិត្យនយោបាយអាណានិគមកិច្ចរបស់អ៊ីស្រាអែល

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​លើ​សេចក្តីសម្រេចមួយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បីទាមទារ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដេលមានទីតាំង​នៅទីក្រុង​ឡាអេ​ពិនិត្យមើល​លើសំណុំរឿងសំណង់អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ មហាសន្និបាត​អង្គការ​សហប្រជាជាតិបានបោះឆ្នោត​លើ​សេចក្តីសម្រេច​ នៅ​មួយថ្ងៃក្រោយ​រដ្ឋាភិបាល​ស្តាំនិយមជ្រុល​បំផុតរបស់​អ៊ីស្រាអែលទើប​ស្បថ​ចូលដឹកនាំ​ប្រទេស នៅថ្ងៃ​ព្រហស្បតិ៍ទី ២៩ធ្នូ។

មហាសន្និបាតអង្គការ​សហប្រជាជាតិ
មហាសន្និបាតអង្គការ​សហប្រជាជាតិ AP - Julia Nikhinson
ផ្សាយពាណិជ្ជកម្ម

ជាមួយសំឡេងគាំទ្រ ចំនួន ៨៧ និង​សំឡេងប្រឆាំង ២៦ (សំឡេងអនុប្បវាទ ៥៣) សេចក្តីសម្រេច​របស់មហាសន្និបាតអង្គការ​សហប្រជាជាតិ​ទាមទារ​​ឲ្យ​តុលាការយុត្តិធម៌​អន្តរជាតិ​ផ្តោតមើលទៅលើ​​ផលវិបាកនៃ​ការរំលោភឥតល្ហែរ​របស់​អ៊ីស្រាអែល​ទៅលើសិទ្ធិប្រជាជនប៉ាឡេស្ទីន និង​វិធានការ​ នយោបាយ​របស់​អ៊ីស្រាអែលដែលមានគោលដៅ​ផ្លាស់ប្តូរ​ប្រជាសាស្រ្តនៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំង​លក្ខន្តិកៈនៃ​ទីក្រុង​ជេរូសាឡឹម។

សេចក្តីសម្រេច​របស់មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បានទាមទារ​ផងដែរ​ឲ្យ​អ៊ីស្រាអែល​បិទបញ្ចប់​នយោបាយ​ធ្វើ​អាណានិគមកិច្ចខុសច្បាប់ នៅលើ​ទឹកដី​ប៉ាឡេស្ទីន។

សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គ្មាន​អំណាច​ ចាប់បង្ខំ ដូចសេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ។ ប៉ុន្តែ សម្រាប់អ្នកតំណាង​ប៉ាឡេស្ទីន​នៅ​អង្គការ​សហប្រជាជាតិ លោក​Riyad Mansour ការបោះឆ្នោត​លើ​សេចក្តីសម្រេច​កាលពីថ្ងៃ​សុក្រ​ជា​សញ្ញាទៅកាន់​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល​ ដែល​មាន​ឆន្ទៈ​ពង្រឹង​នយោបាយ​អាណានិគមកិច្ច​ និង​រើសអើងពូជសាសន៍ នៅលើ​ទឹកដី​ប៉ាឡេស្ទីន។

នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ អ្នកតំណាង​ប៉ាឡេស្ទីន​បាន​ថ្លែងសរសើរ​ផងដែរ ភាពក្លាហាន​របស់​ប្រទេស​ជាច្រើន ដែលមិនចាញ់សំឡុត​ ការគំរាមកំហែង​របស់​អ៊ីស្រាអែល។

ភាគីអ៊ីស្រាអែល​វិញ តាមរយៈឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ព្រមានតាំងពីនៅមុន​ការបោះឆ្នោតថា សេចក្តីសម្រេច​ថ្មី​នឹង​ធ្វើ​ឲ្យ​សីលធម៌​របស់​អង្គការសហប្រជាជាតិ​ត្រូវជាប់ស្នាមសៅហ្មង។ “គ្មានស្ថាប័ន​អន្តរជាតិ​ណាមួយ​ដែល​អាច​សម្រេចថា ជនជាតិជ្វីហ្វ​រស់នៅ​ដោយខុសច្បាប់​លើ​ទឹកដី​របស់ពួកគេ​នោះទេ។ ការសម្រេចចិត្ត​របស់​ស្ថាប័ន​ច្បាប់ដែលទទួល​អាណត្តិ​ពី​សេចក្តីសម្រេច​បែបនយោបាយ​របស់​អង្គការ​សហប្រជាជាតិ គឺ​ជារឿង​មិនស្របច្បាប់។​​

ដោយទាមទារ​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ​​ពិចារណា​លើ​សំណុំរឿង​អាណានិគមកិច្ច​ខុសច្បាប់របស់អ៊ីស្រាអែល សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បានធ្វើ​ឲ្យប្រទេស​នៅក្នុងពិភពលោក​បែកបាក់​គ្នា​ជាច្រើនក្រុម។ នៅពេល​ប្រទេស​ចំនួន​៨៧គាំទ្រ​សេចក្តីសម្រេច ប្រទេស​ចំនួន ២៦ប្រឆាំង ចំណែក ប្រទេស​ចំនួន ៥៣ផ្សេងទៀត នៅស្ងៀម អនុប្បវាទ។ មហាអំណាចអាមេរិក​ដែលជាសមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ និងជាសម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល រួមជាមួយ អង់គ្លេស និង​អាល្លឺម៉ង់​លើកដៃ​ប្រឆាំងនឹង​​សេចក្តីសម្រេច ចំណែក​បារាំងបោះឆ្នោត​អនុប្បវាទ។ សម្រាប់ឯកអគ្គរាជទូតអង់គ្លេសប្រចាំ​អង្គការ​សហប្រជាជាតិ គេ​មិនគិត​ថា ការងារ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹងមិន​អាច​ជួយ​ស្តារ​ការចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ ប៉ាឡេស្ទីន និងអ៊ីស្រាអែល៕

 ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ