អានតួអត្ថបទ
រុស្ស៊ី-អ.ស.ប.

រុស្ស៊ី​ប្រើវេតូ​រំលាយ​ស្ថាប័ន​ត្រួត​ពិនិត្យ​​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង

សម្រាប់​រុស្ស៊ី​និង​ចិន​ បន្ត​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង​និង​កម្មវិធីនុយក្លេអ៊ែរ​កូរ៉េខាង​ជើង គ្មាន​ប្រសិទ្ធភាព​សម្រាប់​ពង្រឹង​សន្តិសុខ​តំបន់​ទេ។ ប៉ុន្តែ​សម្រាប់​សហភាព​អឺរ៉ុប​ និង​សម្ព័ន្ធមិត្តលោក​ខាង​លិច ការ​ប្រើ​វេតូ​របស់​​រុស្ស៊ីនៅ​ក្រុមប្រឹក្សា​សន្តិសុខ​ប្រឆាំង​នឹង​ការ​បន្តត្រួត​មើល​​​ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង ​គឺ​ជា​ការ​ប៉ុនប៉ង​បាំង​បិទ​សកម្មភាព​ផ្ទេរ​អាវុធ​រវាងប្រទេស​ទាំងពីរ។ ​នៅ​ល្ងាច​​មិញ រុស្ស៊ី​បានដាក់​​វេតូប្រឆាំង​​នឹងគម្រោង​សេចក្តី​សម្រេច​ចិត្តពន្យារ​បេសកកម្ម​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ទណ្ឌកម្ម​​លើ​កូរ៉េខាង​ជើង ពោល​គឺជា​ការ​រំលាយ​​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​។

រុស្ស៊ី​ប្រើវេតូ​រំលាយ​ស្ថាប័ន​ត្រួត​ពិនិត្យ​​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង
រុស្ស៊ី​ប្រើវេតូ​រំលាយ​ស្ថាប័ន​ត្រួត​ពិនិត្យ​​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង AP
ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុ​តែ​កម្មវិធី​នុយក្លេអ៊ែរ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបានដាក់​​ទណ្ឌកម្មកូរ៉េខាងជើង ​តាំងពីឆ្នាំ​២០០៦មក និងបន្ថែម​​ទណ្ឌកម្ម​ម្តង​ជា​ពីរ​ទៀត​នៅ​ឆ្នាំ​២០១៦ និង​២០១៧។ ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១៩មក ​រុស្ស៊ី​និង​ចិនតែង​ទាមទារ​បន្ថយ​ទណ្ឌកម្មដែល​គ្មាន​រយៈ​ពេល​កំណត់​នេះ​ ក្រោម​​​ហេតុផល​មនុស្សធម៌​។ រុស្ស៊ី​ធ្លាប់​ស្នើ​ឱ្យ​មាន​ការ​វាយតម្លៃ​ទណ្ឌកម្ម​ឡើង​វិញ​តាម​គម្រោង​របស់​ចិន។ ទាមទារ​មិន​បាន​​ រុស្ស៊ី​ក៏​ងាក​ទៅ​វាយប្រហារលើ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​វិញ។ ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៨​មីនា​២០២៤​ម្សិលមិញ​នេះ ​ក្នុង​ពេល​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​លើ​​គម្រោង​សេចក្តី​សម្រេច​ចិត្ត​បន្ត​អាណត្តិ​មួយ​ឆ្នាំ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ទណ្ឌកម្ម​ ​រុស្ស៊ី​បាន​ប្រើវេតូ​ប្រឆាំងតែម្តង ទល់​នឹង​សំឡេង​គាំទ្រ​១៣ និង​សំឡេង​​អនុប្បវាទ១​របស់​ចិន។ គ្មាន​ការ​អនុម័ត​បន្ត​បេសកកម្ម​ ប្រព័ន្ធ​ត្រួត​ពិនិត្យ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​រលាយ។

សម្រាប់រុស្ស៊ី​ ​គណៈកម្មាធិការ​ជា​ស្ថាប័ន​​ឥត​ប្រយោជន៍។ ​ទណ្ឌកម្ម​រាប់​ឆ្នាំ​លើ​កូរ៉េខាង​ជើង មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាពសន្តិសុខ​​ក្នុង​​តំបន់​​​បាន​ប្រសើរ​សោះ។ បើ​គ្មានយន្តការ​​ត្រួតពិនិត្យសើរើ​និង​បន្ធូរ​ទណ្ឌកម្មទេ ប្រព័ន្ធ​នោះ​គឺ​ជា​​ឧបសគ្គនៃការពង្រឹង​ទំនុក​ចិត្ត​គ្នា​និង​ការ​ចរចា​នយោបាយ។ ​នេះ​ជា​ប្រតិកម្ម​របស់​​​អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ​ទី ២៩​មីនា​។ ឯ​ចំណែក​ចិន​​ដែល​បោះឆ្នោត​អនុប្បវាទ​វិញ​យល់​ថា ដាក់​ទណ្ឌកម្ម​ទាំង​ងងឹត​ងងុល​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។

ប៉ុន្តែចំពោះ​​សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ វេតូ​របស់​រុស្ស៊ី​ម្សិលមិញ​នេះ​ជា​ការ​បំផ្លាញ​សន្តិភាព​និង​សន្តិសុខ​នៅលើ​ពិភពលោក​​ និង​ដើម្បី​សម្រួលសកម្មភាព​ផ្តោះប្តូរ​អាវុធ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រុស្ស៊ី​និង​កូរ៉េខាង​ជើង។

គណៈកម្មាធិការ​ត្រួតពិនិត្យ​​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ គឺ​ជា​ស្ថាប័ន​​​​ដ៏សំខាន់ ដោយ​ ​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំពីរ​កាលពីដើម​ខែ​មីនា​ ជា​លើក​ទី​មួយ និងទំនង​ជា​លើក​ចុង​ក្រោយ​ ដែល​បំភ្លឺ​ឱ្យ​ឃើញ​អំពី​តួនាទីជា​ចោរ​ព័ត៌មាន​វិទ្យា​​របស់​កូរ៉េខាង​ជើង ចំនួនពលករ​កូរ៉េខាង​ជើង​នៅ​បរទេស ការ​រំលោភ​ទណ្ឌកម្ម​និង​ល្មើស​កំរិត​នាំចូល​​ប្រេង​ ព្រមទាំង​វិធី​ពង្វៀង​ទណ្ឌកម្ម​ដើម្បី​បាន​លុយ​។ គណៈកម្មាធិការ​ថា​កំពុង​បើក​អង្កេត​រឿង​កូរ៉េខាង​ជើង​លក់​​អាវុធ និង​គ្រាប់​រំសេវ​​ទៅ​រុស្ស៊ី​ផង។ ឥលូវ​គណៈកម្មាធិការ​ត្រូវ​បញ្ចប់​អាណត្តិ​ត្រឹម​ថ្ងៃទី​៣០​មេសា​២០២៤។ ​ស្ថាប័ន​រលាយ​រូប​​តែ​ទណ្ឌកម្ម​លើកូរ៉េខាង​ជើង​នៅ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ