អានតួអត្ថបទ
គីមជុងអ៊ុន-ពូទីន

រុស្ស៊ី កូរ៉េខាងជើង៖ ជប៉ុននិងកូរ៉េខាងត្បូងព្រមានពីការរំលោភ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ

សម្ព័ន្ធមិត្តទាំងបី អាមេរិក កូរ៉េខាងត្បូង និងជប៉ុន​មិនបានព្រងើយកន្តើយពីការខិតចូលជិតគ្នា​រវាងរុស្ស៊ី និងកូរ៉េខាងជើង។ អំឡុងពេល​ដែល​មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន​កំពុង​មានវត្តមាន​ធ្វើទស្សនកិច្ច និងជួបពិភាក្សា​ជាមួយលោក​ប្រធានាធិបតីពូទីន នៅ​ទឹកដី​រុស្ស៊ី ភាគីកូរ៉េខាងត្បូង និងជប៉ុន​បានចេញមុខ​ព្រមាន នៅថ្ងៃ​ព្រហស្បតិ៍ ពី​ការរំលោភ​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី​ការដាក់ទណ្ឌកម្ម ហាមការលក់ដូរអាវុធ​ជាមួយកូរ៉េខាងជើង។

លោកពូទីន និងមេដឹកនាំកូរ៉េខាងជើង​នៅ​មូលដ្ឋាន​អវកាស​Vostotchny ដែល​ជា​កន្លែង​ដំឡើង​កាំជ្រួច​Angaraដ៏​ទំនើប​ចុងក្រោយ​គេ​របស់​រុស្ស៊ី កាលពីថ្ងៃពុធទី ១៣​កញ្ញា
លោកពូទីន និងមេដឹកនាំកូរ៉េខាងជើង​នៅ​មូលដ្ឋាន​អវកាស​Vostotchny ដែល​ជា​កន្លែង​ដំឡើង​កាំជ្រួច​Angaraដ៏​ទំនើប​ចុងក្រោយ​គេ​របស់​រុស្ស៊ី កាលពីថ្ងៃពុធទី ១៣​កញ្ញា via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ជប៉ុន និង​កូរ៉េខាងត្បូង​មិនលាក់បាំង​ពី​ក្តីបារម្ភ​របស់ខ្លួន នៅចំពោះមុខ​ការពង្រឹងទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ដែល​ឈានឡើង​ដល់កម្រិតមួយថ្មី នៅក្នុងអំឡុង​ជំនួប​មេដឹកនាំ គីម និង​ពូទីន។ មួយថ្ងៃក្រោយ មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន ជួបពិភាក្សា និង​ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអវកាស ​នៅ​ទឹកដី​រុស្ស៊ី អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង សំដែងការព្រួយបារម្ភ និង​សោកស្តាយ​ដែលជំនួបកំពូល​រុស្ស៊ី កូរ៉េខាងជើង​ផ្តោតលើ​ការសហប្រតិបត្តិការយោធា ដែលនៅក្នុងនោះមានផងដែរ ការអភិវឌ្ឍ​កម្មវិធី​ផលិត​ផ្កាយរណបកូរ៉េខាងជើង។

នៅក្នុង​សន្និសីទកាសែត​នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេស​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន លោកស្រី យូកូ កាមីកាវ៉ា​បាននិយាយ​ថា ជប៉ុន​មានការបារម្ភ និងតាមដាន​ជាប់ជានិច្ច​ព្រោះថា ជំនួបរវាង​មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង​អាច​ឈាន​ទៅដល់​ដំណាក់កាលមួយដែលអាច​រំលោភ​សេចក្តីសម្រេច​របស់អង្គការ​សហប្រជាជាតិ ដែលមានចែងពីការហាម​មិនឲ្យមានការលក់ដោះដូរ​សព្វាវុធ​ជាមួយ​កូរ៉េខាងជើង។

បើទោះបី កូរ៉េខាងជើង​រងការដាក់ទណ្ឌកម្មអន្តរជាតិ​ដោយសារ​កម្មវិធីផលិត​មីស៊ីល និង​កម្មវិធី​នុយក្លេអ៊ែរ​យោធា ប្រធានាធិបតី​រុស្ស៊ី លោកពូទីនលើកឡើង​ពី​គម្រោង​ពង្រឹង​សហប្រតិបត្តិការ​យោធា ជាមួយកូរ៉េខាងជើង។

នៅក្នុងអំឡុង​ធ្វើទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​អវកាស​Vostotchny ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង កាលពី​ថ្ងៃពុធ លោក​ពូទីន​បាន​សន្យាជួយ​កូរ៉េខាងជើង​ដើម្បី​សាងសង់​ផ្កាយរណប នៅបន្ទាប់ពី​កូរ៉េខាងជើង​បរាជ័យ ពីរលើក ​ក្នុង​ការបាញ់បញ្ជូន​ផ្កាយរណបស៊ើបការណ៍​ទៅក្នុងគន្លងតារាវិថី កាលពីពេលថ្មីៗនេះ។

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពី​ខែ​ឧសភាកន្លងទៅ បាន​ចាត់ទុក ការអភិវឌ្ឍបច្ចេកវិទ្យា​អវកាស ជាពិសេស ផ្កាយរណបចារកម្ម​ជា​អាទិភាព​សម្រាប់​ប្រឈមទប់ទល់​នឹង​សកម្មភាពយោធា​ដ៏​គ្រោះថ្នាក់ របស់អាមេរិក និង​សម្ព័ន្ធមិត្ត។

នៅថ្ងៃ​ពុធ រុស្ស៊ី​បោះដៃផងដែរ ស្នើ​បញ្ជូន​អវកាសយានិក​កូរ៉េខាងជើង ទៅក្នុង​ទីអវកាស ប្រសិនបើ​កូរ៉េខាងជើង​ប្រាថ្នាចង់បាន។ តាម​ទីភ្នាក់ងារព័ត៌មានផ្លូវរដ្ឋរុស្ស៊ី ដែលបានដកស្រង់សំដី​របស់​អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង រុស្ស៊ី​អាច​បណ្តុះបណ្តាល និង​បញ្ជូន​អវកាសយានិកកូរ៉េខាងជើង​ទៅក្នុងអវកាស។ សំណើ​របស់​ម៉ូស្គូ ធ្វើឡើង នៅខណៈពេល​មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បន្តធ្វើទស្សនកិច្ច​នៅភាគបូព៌ា​រុស្ស៊ី ជាទីដែលមាន​រោងចក្រ​ផលិត​ឧបករណ៍ សម្ភារៈ​សម្រាប់​កម្មវិធី​អវកាស​ស៊ីវិល និង​យោធា​របស់​រុស្ស៊ី។

ក្នុងករណីដែល​កូរ៉េខាងជើងយល់ព្រមទទួល​សំណើ​របស់​រុស្ស៊ី នោះជា​លើកទី​១​ដែល​មាន​ជនជាតិកូរ៉េខាងជើង​ធ្វើដំណើរ​ទៅក្នុងទីអវកាស។ រហូតមកដល់​ពេលនេះ មានតែ​ជនជាតិកូរ៉េខាងត្បូងម្នាក់គត់ ដែលបានធ្វើដំណើរ​តាមយានអវកាសរុស្ស៊ី ទៅធ្វើការ​នៅ​ស្ថានីយ៍អវកាសអន្តរជាតិ កាលពី​ឆ្នាំ ២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ