អានតួអត្ថបទ
បារាំង-អាមេរិក

ប្រមុខ​ការទូត​អាមេរិក​មក​ពិភាក្សា​រឿង​សង្គ្រាមអ៊ុយក្រែន​និង​ហ្កាហ្សា​នៅប៉ារីស

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប្លីងកិន កំពុង​ស្ថិត​ក្រុង​ប៉ារីស​ប្រទេស​បារាំង នា​ថ្ងៃអង្គារ​ទី ២​មេសា​២០២៤​នេះ។ លោក​ប្លីងកិន ត្រូវ​​ជួប​ពិភាក្សា​ជាមួយ​សមភាគី​បារាំង​លោក ស្តេហ្វាន សេហ្សួណេ លោករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ព្រមទាំង​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល​ម៉ាក្រុង​ទៀត ក្នុង​កម្មវត្ថុ​តែ​មួយ​គឺ​ដើម្បី​ជជែក​ពិភាក្សា​អំពី​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​និង​សង្គ្រាម​នៅ​ដើម​បូព៌ា។

O Secretário de Estado americano Antony Blinken (esq.) com o Presidente francês Emmanuel Macron no Palácio Elysee, em Paris, em 25 de junho de 2021.
O Secretário de Estado americano Antony Blinken (esq.) com o Presidente francês Emmanuel Macron no Palácio Elysee, em Paris, em 25 de junho de 2021. AFP - IAN LANGSDON
ផ្សាយពាណិជ្ជកម្ម

អម​​ដំណើរ​ដោយលោក ឡឺក័រនុយ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិបារាំង​​ លោកប្រមុខ​ការទូត​អាមេរិក​អង់តូនី ប្លីងកិន បាន​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​Nexter ​មូលដ្ឋាន​ឧស្សាហកម្ម​អាវុធ​បារាំង​កាត់​អាល្លឺម៉ង់ ដែល​ផលិត​កាណុង​សេហ្សា​សម្រាប់ឱ្យ​ទៅ​អ៊ុយក្រែន។

បើ​តាម​លោក​រដ្ឋមន្ត្រីការពារ​ជាតិ បារាំងដែល​ធ្លាប់​ស្នើ​សុំ​ឱ្យ​សម្ព័ន្ធ​មិត្ត​ទាំង​អស់​ប្រឹង​ប្រែង​ជួយ​អ៊ុយក្រែនទ្វេ​ឡើង​ដើម្បី​ច្រាន​រុស្ស៊ី​ឱ្យ​បរាជ័យ សម្រេច​​​បង្កើន​ល្បឿន​មួយ​ជាពីរ​​ការ​ផលិត​កាណុងសេហ្សា ពោល​គឺ​បង្កើន​ចង្វាក់​ផលិតកម្ម​​កាណុងពី​​៦ ទៅ​១២គ្រឿង​​ ​ក្នុង​មួយ​ខែ នា​ពេល​ខាង​មុខសម្រាប់​​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ដ៏​ធំធេង​របស់​អ៊ុយក្រែន។  “វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ការពារ​ជាតិ ប្រៀប​ដូច​ជា​កា​រវិនិយោគ​សម្រាប់​ខ្លួន​ឯង” នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​​​លោក​ប្លីងកិនដែលឆ្លៀត​ជំរុញ​ឱ្យ​​សភា​អាមេរិក​ព្រម​ទម្លាយ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​អ៊ុយក្រែន​ឱ្យឆាប់​រហ័ស​និង​ប្រកប​ដោយ​ប្រសិទ្ធភាព។ អាមេរិក​ជា​ម្ចាស់​ជំនួយ​ដ៏​ចម្បង​របស់​អ៊ុយក្រែន​ និង​ក្នុង​ទំហំ​ធំ​ជាង​បារាំង​ឆ្ងាយ​ណាស់ ប៉ុន្តែ​តាំងពី​ប៉ុន្មាន​ខែ​មក​នេះ កម្មវិធី​ផ្តល់​ជំនួយ​យោធា​៦០ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ត្រូវ​ជាប់​គាំង​នៅ​សភា​ខុនហ្កេស​អាមេរិក​។

ជាមួយ​នឹង​សមភាគី​បារាំង​លោក ស្តេហ្វាន សេហ្សួរណេ ដែល​ទើប​ត្រលប់​មក​ពី​អេហ្ស៊ីប​និង​ចិន លោក​ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​លើក​ឡើង​អំពី​កម្មវត្ថុ​រួម​ដែល​ត្រូវ​បន្ត​និង​បង្កើន​ជំនួយ​គាំទ្រ​ដល់​​អ៊ុយក្រែន ដោយ​ត្រូវ​គិត​គូរ​ដាក់​ឱ្យ​ដំណើរការ​​កិច្ចសហប្រតិបត្តិការ​​បារាំង-អាមេរិក​ ដំណាក់កាល​បន្ទាប់​។ ​កាលពី​ចុង​ខែ​កុម្ភៈ ​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ជា​ច្រើន​សម្រេច​នៅ​ទីក្រុង​ប៉ារីស នូវ​ផែនការ​ប្រតិបត្តិការ​ជា​ច្រើន មាន​ជា​អាទិ៍​ ការ​បង្កើន​បរិមាណ​គ្រាប់​ដឹក​ទៅ​ឱ្យ​អ៊ុយក្រែន បង្កើនការ​​ការពារឌីជីថល​​ ដោះមីន ឬ​បង្កើន​ផលិតកម្ម​ឧស្សាហកម្ម​អាវុធ​នៅ​អ៊ុយក្រែន។ល។និង។ល។

ហើយ​បន្ថែម​ពី​លើ​នេះ លោក​ប្លីងកីន​ឆ្លៀត​ជជែក​អំពី​សំណុំ​រឿង​នៅ​ដើម​បូព៌ា  និង​ស៊ូដង់ ព្រមទាំង​អំពី​ការ​ត្រៀម​រៀប​ចំ​ជំនួយ​កំពូល​អូតង់​​នៅ ទីក្រុង​វ៉ាស៊ីនតោន​ នា​ខែ​កក្កដា​ខាង​មុខទៀត។​ ក្រោយ​ជំនួប​ពិភាក្សា​គ្នារួច​ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម។

ជា​ចុងក្រោយ មុន​នឹង​ចាក​ចេញ​ពីទីក្រុង​ប៉ារីស សំដៅ​ក្រុង​ព្រុចសែល​ដើម្បី​ចូល​រួម​ប្រជុំប្រារព្ធ​ខួប​៧៥​ឆ្នាំ​នៃ​ការ​បង្កើត​សម្ព័ន្ធ​​អូតង់​ លោក​អង់តូនីប្លីងកិន​​ដែល​អាក់​ខាន​មក​ប៉ារីស​អស់​ពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​ចូល​ជួបលោកប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង ​​ដើម្បី​ផ្តោះប្តូរ​យោបល់​គ្នាជា​ថ្មី​​ជុំ​វិញ​វិបត្តិ​អន្តរជាតិ​ធំៗ ដែល​កំពុង​ចោទ​នា​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ