អានតួអត្ថបទ
បារាំង-ចិន-សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន៖ បារាំង​ស្នើ​ឱ្យ​ចិនប្រើ​ឥទ្ធិពល​និង​នាំ​សារ​ទៅ​សង្កត់​​រុស្ស៊ី

ក្នុងសន្និសីទ​កាសែត​រួម​ជាមួយ​ប្រមុខ​ការ​ទូត​ចិន នៅ​ទី​ក្រុង​ប៉េកាំង នា​ថ្ងៃ​ចន្ទទី ១​មេសានេះ រដ្ឋមន្ត្រីក្រសួងការបរទេស​បារាំង លោក ស្តេហ្វាន សេហ្សួណេ សុំ​ឱ្យ​ចិនប្រើ​ឥទ្ធិពល​របស់​ខ្លួន និង​​ពាំនាំ​សារ​ដ៏​ច្បាស់​លាស់​មួយ​ទៅ​ប្រាប់​រុស្ស៊ី ជុំ​វិញ​សង្គ្រាម​នៅ​អ៊ុយក្រែន។ សារ​ដែល​បញ្ជាក់​ថា​មាន​កម្លាំង​ច្រើន​គាំទ្រខាង​អ៊ុយក្រែន​។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង លោក​ Stephane Sejourné និង​សមភាគី​ចិន លោក​ វ៉ាងយី នៅទីក្រុង​ប៉េកាំង​ថ្ងៃទី ១​មេសា​២០២៤
រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង លោក​ Stephane Sejourné និង​សមភាគី​ចិន លោក​ វ៉ាងយី នៅទីក្រុង​ប៉េកាំង​ថ្ងៃទី ១​មេសា​២០២៤ © Ken Ishii/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

ចិន​ដែល​តាំង​ខ្លួន​ជា​ភាគី​អព្យាក្រិត្យ​ តែ​ចូល​កៀក​ស្និទ្ធ​នឹង​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើងៗ​តាំងពី​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​ មាន​ជំហរ​ចង់​ដោះស្រាយ​ជម្លោះតាម​ផ្លូវ​នយោបាយ​។ ហើយ​​​ជា​ញឹក​ញយ សហគម​លោក​ខាង​លិចបាន​អំពាវនាវ ​ឱ្យ​ចិន​ដើរ​តួនាទី​ឱ្យ​បាន​សកម្ម​ឡើង​ក្នុង​ជម្លោះ​នៅអ៊ុយក្រែន តាម​រយៈ​ឥទ្ធិពល​ដ៏ខ្លាំង​របស់​ខ្លួន​លើ​រុស្ស៊ី។ នៅ​ថ្ងៃ​នេះ​ បារាំង​បាន​អំពាវនាវ​ជា​ថ្មី ដោយ​​ចំពោះ​តែម្តង។

ព្រោះ​តែ​​ចិន​មាន​តួនាទី​គន្លឹះ​ ចំពោះ​​ឯករាជ្យជាតិ ការ​គោរព​ច្បាប់​អន្តរជាតិ​ និង​បូរណភាព​ដែន​ដី​អ៊ុយក្រែន ទើប​បារាំង​ចង់​ឱ្យ​ចិន​​ពាំនាំសារ​ដ៏​ច្បាស់​លាស់​មួយ ទៅ​ប្រាប់​រុស្ស៊ី​ មាន​កម្លាំង​ជា​ច្រើន​គាំទ្រ​អ៊ុយក្រែន។ នេះជា​ប្រសាសន៍​របស់​លោក សេ្តហ្វាន សេហ្សួណេ រដ្ឋមន្ត្រីការបរទេស​បារាំង ក្នុង​សន្និសីទ​កាសែត​ជាមួយ​សមភាគី​ចិន​ លោក​ វ៉ាង យី នៅទីក្រុង​ប៉េកាំង។

លោកប្រមុខ​ការទូត​បារាំង​បាន​អះអាង​ទៀតថា សង្គ្រាម​នៅ​អ៊ុយក្រែន មានពាក់​ព័ន្ធ​នឹង​សហគមន៍អន្តរជាតិ​ទាំងមូល​ ហើយ​បារាំង​មាន​ជំនឿ​យ៉ាងមុត​មាំ​ថា “នឹង​គ្មាន​សន្តិភាព​ជា​និរន្តរ៍​បាន​ឡើយ​ប្រសិនបើ​គ្មាន​ការ​ចរចា​ជាមួយ​អ៊ុយក្រែន​។ នឹង​គ្មាន​ទេ​សន្តិសុខ​សម្រាប់​អឺរ៉ុប​បើ​គ្មាន​សន្តិភាព​ស្រប​តាម​ច្បាប់​អន្តរជាតិ​នោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​សម្រាប់​បារាំង បារាំងចាំបាច់​រក្សា​ចំណង​ទំនាក់ទំនង​ចរចា​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ចិន។”

លោក​រដ្ឋមន្ត្រី​​ក៏​បាន​ការ​ពារ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន​ដែរ ដោយ​ពន្យល់​ថា បារាំង​មិន​ប្រាថ្នា​កាត់​បន្ថយជា​គំហុក​​ចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​ចង់​តម្រែតម្រឹម​ឱ្យ​មាន​សមភាព​សេដ្ឋកិច្ច​ ព្រោះ​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា ត្រូវ​ឈរ​លើ​មូលដ្ឋាន​ត្រឹម​ត្រូវ​និង​ប្រកប​ដោយនិរន្តរភាព។

លោក ​​វ៉ាងយី ពេញ​ចិត្ត​ខ្លាំង​នឹង​គំនិត​របស់​បារាំង ដោយ​យល់​ថា​ការ​ផ្តាច់​ឬ​កាត់​បន្ថយ​ភាពរំពឹង​សេដ្ឋកិច្ច​លើ​ចិន​ ជា​ហានិភ័យ​សេដ្ឋកិច្ច​ធំណាស់។ ចិន​ជា​ឱកាស​មិនមែន​ជា​ហានិភ័យ​របស់​អឺរ៉ុប​ទេ ភាគី​ទាំងពីរ​ជា​ដៃគូ​មិនមែន​ជា​គូប្រជែង​ឡើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោកប្រមុខ​ការទូត​ចិន​​។ តាំងពី​ប៉ុន្មាន​ខែចុងក្រោយ​មក​នេះ ប្រមុខ​ដឹកនាំ​នយោបាយ​​អឺរ៉ុបជា​ច្រើន​​ និងសហរដ្ឋអាមេរិក បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​នៃ​ការ​កាត់​បន្ថយ​ភាព​រំពឹង​សេដ្ឋកិច្ច​ពី​ចិន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉េកាំង​​ប្រឆាំងខឹង​យ៉ាង​ខ្លាំង។

ក្នុង​អំឡុង​ពេល​តែ​៦​ខែ នេះ​ជា​លើ​កទីពីរ​ដែល​រដ្ឋមន្ត្រីការបរទេស​បារាំង​អញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន។ កាលពី​ខែ​មេសា​២០២៣​​ប្រធានាធិបតី​បារាំង​លោក​អេម៉ាណុយអែល​ម៉ាក្រុងបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន។ ហើយ​ខែ​ឧសភា​បារាំង​នឹង​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ចិន​ស៊ីជីនពីង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ