អានតួអត្ថបទ
អឺរ៉ុប-អន្តោប្រវេសន៍

សភាអឺរ៉ុប​អនុម័តកាតិកាសញ្ញា​ស្តីពី​សិទ្ធិ​​ជ្រកកោន​និង​អន្តោប្រវេសន៍

បន្ទាប់​ពី​ចរចា​យ៉ាង​តាន​តឹង​អស់​ជា​ច្រើន​ឆ្នាំ នៅល្ងាច​ថ្ងៃពុធទី ១០មេសា​២០២៤ សភា​អឺរ៉ុប​បាន​អនុម័ត ច្បាប់​ស្តីពីការ​សុំ​​សិទ្ធិ​ជ្រក​កោន និង​អន្តោប្រវេសន៍​ ដោយ​សំឡេង​ភាគ​ច្រើន​យ៉ាង​ប្រផុតប្រផើយ។ នយោបាយ​អន្តោប្រវេសន៍​អឺរ៉ុប មិន​ដែល​ប្តូរ​ផ្លាស់ ​ជាង​ម្ភៃ​ឆ្នាំមក​ហើយ​និង​លំបាក​​អនុវត្តដោយ​​ជាក់​ស្តែងណាស់ ទើប​សមាជិក​សហភាព​ទាំង​២៧​ប្រទេស​តែង​តែ​ប្រទាញ​ប្រទង់​គ្នា​ឥតឈប់។ ជាមួយ​ច្បាប់​ថ្មី អ្វីៗ​នឹង​ចាប់ផ្តើម​ថ្មី?!

Uma embarcação da Guarda Costeira italiana transportando migrantes resgatados no mar passa perto de um barco turístico, na ilha siciliana de Lampedusa, Itália, em 18 de setembro de 2023.
សភាអឺរ៉ុប​អនុម័តកាតិកាសញ្ញា​ស្តីពី​សិទ្ធិ​​ជ្រកកោន​និង​អន្តោប្រវេសន៍ REUTERS - Yara Nardi
ផ្សាយពាណិជ្ជកម្ម

ស្ទើរចាត់​ទុក​បាន​ជា​ព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ ដែល​នៅ​រសៀល​ថ្ងៃពុធ​ទី​១០​មេសាម្សិលមិញ សភា​អឺរ៉ុប​​បាន​សម្រេច​អនុម័ត​ កាតិកាសញ្ញា​​ស្តី​ពី​សិទ្ធិ​ជ្រកកោន​និង​អន្តោប្រវេសន៍។ កាតិកាសញ្ញា​​នេះ ជាលទ្ធផល​នៃ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ច្បាប់​សុំ​សិទ្ធិ​ជ្រក​កោន និង​អន្តោប្រវេសន៍នៅ​អឺរ៉ុប ដែល​ឆ្លង​កាត់​ចរចា​យ៉ាង​តាន​តឹង និង​ស្វិតស្វាញ​ ​រហូត​ដល់​​នាទី​ចុងក្រោយនិង​អស់​​រយៈ​ពេល​ជាងបី​ឆ្នាំ​កន្លះ។ សូម្បី​តែ​ពេល​ចាប់​ផ្តើម​បោះឆ្នោត​អនុម័ត​ទៅ​ហើយ ក៏​ភាព​តាន​តឹង​នៅ​បន្ត​មាន​ ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​មក​រំខាន និង​ស្រែកបរិហារ​ជំរុញ​ឱ្យ​សមា​ជិក​សភា​បោះឆ្នោត​ប្រឆាំង​ទៀត។

បន្ទាប់​ពី​​ការ​អនុម័តរបស់​សមាជិកសភា​នេះ អត្ថបទ​ច្បាប់ត្រូវ​ឆ្លង​កាត់​ការ​​ព្រមព្រៀង​ជា​ផ្លូវ​ការ​ពី​សំណាក់​​ក្រុមប្រឹក្សា​អឺរ៉ុប​សិន មុន​នឹង​ចូល​ជា​ធរមាន​នៅ​រវាង​ឆ្នាំ​២០២៦។

តើ​កតិកាសញ្ញា​ថ្មីនេះ​មាន​ខ្លឹមសារ​យ៉ាង​ណា​ខ្លះ? រឹតបន្តឹង​កា​រត្រួតពិនិត្យ​លំហូរ​អន្តោប្រវេសន៍មក​អឺរ៉ុប និង​ ពង្រឹង​កិច្ចសហការ​សាមគ្គីភាព​រវាង​ប្រទេស​ក្នុង​សហភាព ជា​គោល​ការណ៍​ចម្បង​ពីរ​នៃ​កាតិកាសញ្ញា។

ការ​ប្តូរ​ផ្លាស់​គួរ​ជា​ទី​កត់​សម្គាល់​ទីមួយ គឺ​​ការ​លុប​​ច្បាប់ចាស់ ឬ​ហៅ​ថា​ច្បាប់​​ឌុយប្លាំង​ដែលទម្លាក់​​បន្ទុកទទួលអន្តោប្រវេសន៍​​ខ្លាំង​ជាង​គេទៅ​លើ​ប្រទេស​ដំបូងដែលជន​​អន្តោប្រវេសន៍​បាន​មក​ដល់។ អំណើះតទៅ ក្នុង​ករណី​មាន​លំហូរ​អន្តោប្រវេសន៍ខ្លាំង ប្រទេស​នៅអឺរ៉ុប​ផ្សេង​ទៀត ត្រូវតែ​ជួយ​ចែក​រំលែក​បន្ទុក​ទទួល​អ្នក​សុំ​សិទ្ធិ​ជ្រកកោន។ ជាង​នេះ​ទៅ​ទៀត បើ​សម្ពាធ​អន្តោប្រវេសន៍​ធ្ងន់​ខ្លាំងមែនទែន អ្នក​សុំ​សិទ្ធិជ្រក​កោន​ អាច​ដាក់ពាក្យ​នៅ​ប្រទេស​ផ្សេងណា​ក៏​បាន​ ក្រៅ​ពី​ប្រទេស​ដែលគេ​មក​ដល់​ដំបូង។ នេះ​ជា​ចំណុច​ថ្មី​ស្រឡាង​បំផុត​។

ជា​ថ្នូរ​នឹង​សាមគ្គីភាព​អឺរ៉ុបនេះ លក្ខខណ្ឌ​នៃ​ការ​ត្រួត​ពិនិត្យ​លំហូរ​អន្តោប្រវេសន៍ នឹង​ត្រូវ​ពង្រឹង​ឱ្យ​កាន់​តែ​តឹង​មែនទែន។ នៅពេល​ជាន់​​ដី​អឺរ៉ុប​ភ្លាម ជន​អន្តោប្រវេសន៍​ទាំងអស់ត្រូវ​ឆ្លង​កាត់រនាំង​​ចម្រោះថ្មី ដែលផ្តិត​ថត​​ទិន្នន័យ​ជីវសាស្ត្រ​និង​ស្នាមក្រយៅ​ដៃ​ ទុក​ក្នុង​​ប្រព័ន្ធ​ឌីជីថល​រួម​តែមួយ ដើម្បី​ងាយផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ។ ជនអន្តោប្រវេសន៍ណា​​ដែល​ធ្លាប់​​ទទួល​ចម្លើយ​​បដិសេធ​​ហើយ នឹង​ត្រូវ​បញ្ចូន​ភ្លាម​ និង​ជា​ស្វ័យប្រវត្តិ​ ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​។ អ្នក​គ្មាន​សំណាង​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ក៏​ត្រូវ​បញ្ចូន​ត្រលប់​ទៅ​វិញ​ដែរ បើ​ប្រទេស​កំណើត​នោះ​ស្ថិត​ក្នុង​ចង្កោម​ប្រទេស​មាន​សុវត្ថិភាព។

បន្ទាប់​មក​ ទើប​មាន​​សិក្សា​សំណុំ​ឯកសារ​សុំ​សិទ្ធិ​ជ្រក​កោន​ ដែល​ត្រូវ​ធ្វើ​យ៉ាង​រហ័សនិង​ក្នុង​ដំណើរបែបបទ​រួម​តែ​មួយ​ទូទាំងអឺរ៉ុប ដោយ​ប្រើ​រយៈ​ពេល​​​​​យ៉ាង​យូរ​៦​ខែ។ បើ​តាមដំណើរបែបបទ ជន​អន្តោប្រវេសន៍​អាច​នឹង​ត្រូវឃុំ​​ឃាំង​នៅ​មណ្ឌល​ទទួល​ជន​អន្តោប្រវេសន៍​ដែល​អឺរ៉ុប​គ្រោង​នឹង​បង្កើត​ឡើង​សម្រាប់​ទទួល​មនុស្ស​បាន​ដល់​១២ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដូច​ជា​អង្គការ​Oxfam​ បរិហារ​ថា​កតិការ​សញ្ញា​អឺរ៉ុប​នេះ ផ្តោត​លើ​ការ​ឃុំ​ឃាំង​មនុស្ស​ក្នុងមជ្ឈ​មណ្ឌល​ជា​ទម្រង់ពន្ធនាគារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ