កីឡាអូឡាំពិក២០២៤៖ភ្លើងគប់ត្រូវបានអុជឡើងនៅក្រិក និងផ្តើមដំណើរមួយជុំក្រិកឆ្ពោះទៅបារាំង
ក្រិក-បារាំង-កីឡាអូឡាំពិក – នៅថ្ងៃទី១៦ មេសា ឆ្នាំ ២០២៤ ពោល ១០១ថ្ងៃមុនការរៀបចំប្រកួតកីឡាអូឡាំពិកក្នុងប្រទេសបារាំង ភ្លើងគប់អូឡាំពិកត្រូវបានអុជឡើងនៅអូឡាពី (Olympie) ក្នុងប្រទេសក្រិកដែលជាទីកន្លែងរៀបចំការប្រកួតកីឡាអូឡាំពិកលើកដំបូង។ បន្ទាប់មក ភ្លើងគប់អូឡាំពិកនេះធ្វើដំណើរឆ្លងកាត់ទីតាំង និងតំបន់មួយចំនួនក្នុងទឹកដីក្រិករយៈពេល ១១ថ្ងៃ មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសបារាំងសម្រាប់ការបើកសម្ពោធកីឡាអូឡាំពិកជាផ្លូវការនៅថ្ងៃទី២៦ កក្កដាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៨
តាមទំនៀមទម្លាប់ប្រពៃណី ភ្លើងគប់អូឡាំពិកត្រូវអុជឡើងដោយប្រើកាំរស្មីព្រះអាទិត្យក្នុងថ្ងៃអុជជាផ្លូវការ។ តែដោយនៅថ្ងៃអង្គារ ទី១៦ មេសានេះ មេឃស្រទុំ និងគ្មានពន្លឺព្រះអាទិត្យនៅអូឡាពី (Olympie) ក្នុងប្រទេសក្រិកដែលជាទីកន្លែងរៀបចំការប្រកួតកីឡាអូឡាំពិកលើកដំបូង ភ្លើងគប់អូឡាំពិកត្រូវបានអុជឡើងដោយប្រើអណ្តាតភ្លើងបានពីកាំរស្មីព្រះអាទិត្យដែលគេបានរក្សាទុកពីការសាកល្បងកាលពីថ្ងៃចន្ទ ទី១៥ មេសា។ ពិធីអុជភ្លើងគប់អូឡាំពិកបានរៀបចំធ្វើនៅខាងមុខប្រាសាទហេរ៉ា (Héra) ដែលមានអាយុកាល ២៦០០ឆ្នាំក្រោមអធិបតីភាពរបស់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ថ្លែងនាឱកាសនោះ លោក Thomas Bach បានលើកឡើងពីសារនៃក្តីសង្ឃឹមរបស់អណ្តាតភ្លើងអូឡាំពិកដែលជានិមិត្តរូបសន្តិភាព និងការរួបរួម ខណៈបរិយាកាសពិភពលោកសព្វថ្ងៃកំពុងអាប់អួរដោយជម្លោះនៅអ៊ុយក្រែន និងនៅដើមបូព៌ា។ « នៅក្នុងបេះដូងយើងទាំងអស់គ្នា យើងប្រាថ្នាចង់បានអ្វីមួយដែលនាំយើងឲ្យរួមគ្នាជាថ្មី អ្វីមួយដែលបង្រួបបង្រួមយើង អ្វីមួយដែលផ្តល់ក្តីសង្ឃឹមដល់យើង។ អណ្តាតភ្លើងអូឡាំពិកដែលយើងអុជថ្ងៃនេះជានិមិត្តរូបនៃក្តីសង្ឃឹមមួយនេះ » នេះជាការគូសបញ្ជាក់របស់លោក Thomas Bach។
មុននឹងទៅដល់ទឹកដីបារាំងដែលជាប្រទេសរៀបចំកីឡាអូឡាំពិកពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៤ ភ្លើងគប់អូឡាំពិកត្រូវធ្វើដំណើរក្នុងទឹកដីក្រិករយៈពេល ១១ថ្ងៃដោយមានអ្នកបណ្តាក់គ្នារត់កាន់ភ្លើងគប់ចំនួន ៦០០នាក់នៅក្នុងចម្ងាយផ្លូវសរុប ៥ ០០០គីឡូម៉ែត្រដោយឆ្លងកាត់កោះចំនួន ៧កោះ ស្ថានីយ៍បុរាណវិទ្យាចំនួន ១០កន្លែង និងភ្នំ Acropole។ បន្ទាប់មកនៅថ្ងៃទី២៦ មេសា ភ្លើងគប់អូឡាំពិកដដែលនេះនឹងត្រូវគេនាំចេញពីប្រទេសក្រិកតាមសំពៅឆ្ពោះទៅក្រុង Marseille ប្រទេសបារាំង។ តាមគម្រោង ភ្លើងគប់នេះនឹងទៅដល់ក្រុង Marseille នៅថ្ងៃទី៨ ឧសភាដែលនឹងមានការរៀបចំទទួលដោយមានមនុស្សចូលរួមប្រមាណជា ១៥០ ០០០នាក់។
បន្ទាប់មកទៀតចាប់តាំងពីថ្ងៃទី៨ ឧសភា ភ្លើងគប់អូឡាំពិកដែលជានិមិត្តរូបនៃកីឡាអូឡាំពិកមួយនេះនឹងបន្តដំណើរក្នុងទឹកដីបារាំងដោយឆ្លងកាត់តាមទឹកដីបារាំងនៅឯនាយសមុទ្រចំនួនពីរ គឺ Les Antilles និង La Polynésie françcaise មុននឹងទៅដល់ក្រុងប៉ារីសនៅថ្ងៃទី២៦ ខែកក្កដាដែលជាថ្ងៃបើកសម្ពោធកីឡាអូឡាំពិកជាផ្លូវការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ