អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ​“ដែលអាច​បាញ់ដល់​ទឹកដី​អ៊ីស្រាអែល”

កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​ អ៊ីរ៉ង់​បាន​ធ្វើការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​របស់​ខ្លួន​ជាច្រើន​គ្រាប់​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំងៗ ដោយ​ព្រមាន​ថា​នឹង​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​លើ​អ៊ីរ៉ង់។ ក៏ប៉ុន្តែ ក្រោយ​ពី​ការ​ព្រមាន​របស់​អាមេរិក អ៊ីរ៉ង់​ក៏​​បាន​​ផ្គើន​ទៅវិញ ដោយ​បាន​ធ្វើការ​បាញ់សាកល្បងមីស៊ីល​បាលីស្ទិក​ចំនួន ២គ្រាប់បន្ថែម​ទៀត នៅថ្ងៃ​ពុធ​នេះ។

រូបថត​ចុះផ្សាយ​នៅលើ​វិបសៃត៍​របស់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ដែល​​បង្ហាញ​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក
រូបថត​ចុះផ្សាយ​នៅលើ​វិបសៃត៍​របស់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ដែល​​បង្ហាញ​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក REUTERS/sepahnews.com
ផ្សាយពាណិជ្ជកម្ម

យោងតាមការ​ចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​រដ្ឋ​ មីស៊ីល​ដែល​អ៊ីរ៉ង់​ធ្វើការ​បាញ់​សាកល្បង​​​នៅពេលនេះ គឺ​ជា​ប្រភេទ​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ជិត មធ្យម និង​ឆ្ងាយ ដែលអាច​បាញ់​បាន​ចម្ងាយ​ក្នុងចន្លោះ​ពី ៣០០គីឡូម៉ែត្រ រហូត​ទៅដល់​ ២ពាន់​គីឡូម៉ែត្រ។

មន្រ្តី​ជាន់ខ្ពស់​នៃ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ដែល​ជា​ស្ថាប័ន​ដ៏មាន​អំណាច​កំពូល​ខាង​កងទ័ព បាន​អះអាង​ច្បាស់ៗ​ថា មីស៊ីល​ដែល​អ៊ីរ៉ង់​​ធ្វើការ​សាកល្បង​នៅ​ពេលនេះ គឺ​ផលិតឡើង ដើម្បី​ទុក​ធ្វើការ​បាញ់​ប្រហារ​ទៅលើ​អ៊ីស្រាអ៊ែល។ លើសពីនេះ​ទៅទៀត បើ​យោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ នៅលើ​តួមីស៊ីល ដែល​អ៊ីរ៉ង់​បាញ់​សាកល្បង​នេះ ក៏​មាន​សរសេរ​ផងដែរ​នូវឃ្លា​​ថា “គេ​ត្រូវ​តែ​កម្ទេច​អ៊ីស្រាអែល​ឲ្យ​អស់​ពីលើ​ផែនដី”។ ឃ្លា​ដែល​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់ ម៉ះមូត អះម៉ាឌីនចាត តែងតែ​ធ្លាប់​ប្រើ នៅ​ពេល​កាន់​តំណែង។

កាលពីថ្ងៃ​អង្គារ នៅ​ក្រោយ​ពី​មាន​ព័ត៌មាន​ស្តីពី​ការ​បាញ់សាកល្បងមីស៊ីល​របស់​អ៊ីរ៉ង់ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បាញ់​សាកល្បង​មីស៊ីល​នេះ បើ​សិន​ជា​អ៊ីរ៉ង់​ពិតជា​បាន​ធ្វើ​មែន វា​គឺ​ជា​ការ​រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ហើយ​ថា អាមេរិក​អាច​នឹង​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់​ជុំវិញ​រឿងនេះ ទាំង​ទណ្ឌកម្ម​ក្នុង​ក្របខ័ណ្ឌ​អ.ស.ប និង​ទាំង​ទណ្ឌកម្ម​ជា​ឯកតោភាគី។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការបាញ់សាកល្បងមីស៊ីល​របស់​អ៊ីរ៉ង់​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ចុះ នៅ​ទីក្រុង​វីយ៉ែន កាល​ពី​ឆ្នាំ​ទៅមិញ​នោះទេ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ថា សម្រាប់​អាមេរិក កម្មវិធី​នុយក្លេអ៊ែរ និង​ការសាកល្បង​មីស៊ីល​បាលីស្ទិក​​របស់​អ៊ីរ៉ង់​ គឺ​ជា​សំណុំរឿង​ពីរ​ដាច់​ពីគ្នា។

គួររំឭកឡើងវិញ​ថា កាល​ពីខែ​តុលា​កន្លងទៅនេះ អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ម្តងរួចមកហើយ​ដែរ។ ការសាកល្បងមីស៊ីល​ដែល​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​ទៅលើ​អ៊ីរ៉ង់ ប៉ុន្តែ ​ទណ្ឌកម្ម​​ចាស់​ដែល​បាន​ដាក់​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​​ត្រូវ​បាន​អាមេរិក​​ដកចេញ ស្របទៅតាម​កិច្ចព្រមព្រៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ