អានតួអត្ថបទ
អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត-ស៊ីរី

អ៊ីរ៉ង់​ព្រមាន​អារ៉ាប៊ីសាអូឌីត​ដែល​ចង់​បញ្ជូន​ទ័ព​ទៅ​ស៊ីរី

នៅ​ថ្ងៃ​អាទិត្យ ទី១៤ កុម្ភៈ ប្រទេស​អ៊ីរ៉ង់​បាន​ចេញ​មុខ​ព្រមាន​ប្រទេស​អារ៉ាប៊ីសាអូឌីត​ចំៗ​ដែល​ចង់​បញ្ជូន​ទ័ពថ្មើរជើង​ទៅ​កាន់​ទឹកដី​ស៊ីរី។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទ័ពអាកាស​តួកគី​បាន​បើក​ការ​វាយប្រហារ​លើ​ទឹកដី​ស៊ីរី និង​ចំ​ពេល​ដែល​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​ដាក់​នៅ​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​តួកគី។ ដោយឡែក រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ីសាអូឌីត​បាន​ទាយទុក​ពី​ការ​បរ៉ាជ័យ​របស់​រុស្ស៊ី​ក្នុង​ការ​ជួយស្រោចស្រង់​ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

អនុមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ម៉ាសស៊ូដ យ៉ាហ្សាយេរី
អនុមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ម៉ាសស៊ូដ យ៉ាហ្សាយេរី
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​អ៊ីរ៉ង់​ចំពោះ​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឡើង​ដោយ​អនុមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​ម៉ាសស៊ូដ យ៉ាហ្សាយេរី។ លោក​ម៉ាសស៊ូដ​បាន​ថ្លែង​ច្បាស់ៗ​ថា អ៊ីរ៉ង់​នឹង​មិន​ទុក​ឲ្យ​ស្ថានការណ៍​នៅ​ស៊ីរី​ប្រែប្រួល​ទៅ​តាម​សុឆន្ទៈ​របស់​ក្រុមប្រទេស​ឧទ្ទាម​បាន​ឡើយ និង​ថា អ៊ីរ៉ង់​នឹង​ផ្តើម​ចាត់​វិធានការ​ចាំ​បាច់​នៅ​ក្នុង​កាលៈទេសៈ​ជាក់ស្តែង។ ប្រតិកម្ម​ខ្លាំងៗ​របស់​ទីក្រុង​តេហេរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​ដាក់​នៅ​មូលដ្ឋានយោធា​ក្នុង​ទឹកដី​តួកគី ព្រម​ទាំង​បាន​ប្រកាស​ត្រៀម​ខ្លួន​បញ្ជូន​ទ័ព​ចូល​ក្នុង​ទឹកដី​ស៊ីរី​ដើម្បី​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម។

សូម​ជម្រាប​ជូន​ថា អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដែល​កំពុង​ប្រជែង​កម្លាំង​គ្នា​ដើម្បី​ដំណ្តើម​ឥទ្ធិពល​នៅ​ក្នុង​តំបន់។ សព្វថ្ងៃ​នេះ អ៊ីរ៉ង់​ជា​ប្រទេស​សំខាន់​ក្នុង​តំបន់​ដែល​បាន​ចេញ​មុខ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​យោធា​ដល់​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ រីឯ​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គាំទ្រ​ក្រុមប្រឆាំង​របបស៊ីរី។ អ៊ីរ៉ង់​បាន​បញ្ជូន​ទីប្រឹក្សាយោធា​របស់​ខ្លួន​ទៅ​ជួយ​ស្ថាប័ន​ទ័ព​ស៊ីរី តែ​អនុមេបញ្ជាការ​អ៊ីរ៉ង់​ម៉ាសស៊ូដ​មិន​បាន​បញ្ជាក់​ទេ​ថា បើ​អារ៉ាប៊ីសាអូឌីត​បញ្ជូន​ទ័ព​ទៅ​ស៊ីរី តើ​អ៊ីរ៉ង់​នឹង​បញ្ជូន​ទ័ព​បន្ថែម​ទៅ​ស៊ីរី ឬ​អត់។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​រវាង​អារ៉ាប៊ីសាអូឌី និង​អ៊ីរ៉ង់​លើ​សមរភូមិ​ស៊ីរី។

ដោយឡែក គម្រោង​បញ្ជូន​ទ័ព​អារ៉ាប៊ីសាអូឌីត​ទៅ​ស៊ីរី​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ប្រមុខការទូត​អារ៉ាប៊ីសាអូឌីត​អាដែល អាល់ យូប៊ែរ​នា​ជំនួប​ជាមួយ​សមភាគី​ស្វ៊ីស​លោក Didier Burkhalter ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​រីយ៉ាដ។ តែ​លោក​យូប៊ែរ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ ដូច​យ៉ាង​ចំនួន​ទ័ព​ដែល​ត្រូវ​បញ្ជូន ឬ​មួយ​ថ្ងៃខែ​ដែល​ត្រូវ​បើក​ប្រតិបត្តិការ។ ទន្ទឹម​គ្នា​នេះ លោក​យូប៊ែរ ក៏​បាន​លើក​ទៅ​និយាយ​ជាមួយ​សមភាគី​ស្វ៊ីស​លោក Burkhalter ពី​បរាជ័យ​ជា​មុន​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​ជួយ​រក្សា​អំណាច​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។

លោក​ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​បាន​យល់​ឃើញ​ថា ការ​ចាកចេញ​ពី​តំណែង​របស់​លោក​អាសាដ​ជា​រឿង​មួយ​មិន​អាច​ចៀស​រួច គ្រាន់​តែ​យូរ ឬ​ឆាប់ និង​ថា របប​អាសាដ​ក៏​ត្រូវ​ដួល​រលំ​ដោយ​បើក​ផ្លូវ​ថ្មី​ឲ្យ​ស៊ីរី​គ្មាន​លោក​អាសាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ