អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​បិទ​ទីលាន​វិហារ​អ៊ីស្លាម​បូរាណ នៅ​ហ៊្សេរូសាឡឹម

បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ លើ​រូប​អាចារ្យ​សាសនា​ជ្វីហ្វ និង​ជា​សកម្មជន​នយោបាយ​អ៊ីស្រាអែល​ម្នាក់ ទាហាន​អ៊ីស្រាអែល​បាន​សម្លាប់​ជន​សង្ស័យ​ ដែល​ជា​ជនជាតិ​ប៉ាឡេស្ទីន។ អាជ្ញាធរ​អ៊ីស្រាអែល​ថែម​ទាំង​បាន​បិទ ផ្លូវ​ចេញចូល​ទៅ​ទីលាន វិហារ​អ៊ីស្លាម​បូរាណ នៅ​ក្រុង​ហ៊្សេរូសាឡឹម ដែល​ជា​ទី​សក្ការៈ​របស់​ប្រជាជន​អ៊ីស្លាម មិន​ឲ្យ​នរណា​ ចូល​ទៅ​ថ្វាយ​បង្គំ​បាន​ឡើយ។ ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន និង​ប្រទេស​ហ្សកដានី បាន​ចេញ​មក​ថ្កោលទោស​អ៊ីស្រាអែល​ ថា​បាន​ប្រើ​អំណាច​ឃោរឃៅ។

នៅទីលានវិហារហ៊្សេរូសាឡឹម ជនជាតិជ្វីហ្វអាចបន់ស្រន់​បាន​តែនៅជញ្ជាំង​ Lamentations ហើយជនជាតិ​អ៊ីស្លាម អាច​បន់ស្រន់​នៅ​វិហារ​ម៉ូស្កេ
នៅទីលានវិហារហ៊្សេរូសាឡឹម ជនជាតិជ្វីហ្វអាចបន់ស្រន់​បាន​តែនៅជញ្ជាំង​ Lamentations ហើយជនជាតិ​អ៊ីស្លាម អាច​បន់ស្រន់​នៅ​វិហារ​ម៉ូស្កេ REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

លោក Yehuda Glick ដែល​ជា​អាចារ្យ​សាសនា​ជ្វីហ្វ និង​ជា​សកម្មជន​នយោបាយ​ជាតិ​និយម​ម្នាក់ នៅ​អ៊ីស្រាអែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាញ់​ត្រូវ​ជា​ច្រើន​គ្រាប់។ ភ្លាមៗ​នោះ ទាហាន​អ៊ីស្រាអែល​បាន​ធ្វើ​ការ​តាម​ប្រមាញ់​រក​ជន​ដៃដល់។ នៅ​វេលា​ព្រលឹម​ស្រាងៗ ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ទាហាន​អ៊ីស្រាអែល បាន​ធ្វើ​ការ​ឡោមពទ្ធ័​ផ្ទះ​ជន​សង្ស័យ​ ដែល​ជា​យុវជន​ជនជាតិ​ប៉ាឡេស្ទីន ហើយ​បាន​សម្លាប់​ជន​សង្ស័យ​នោះ​ នៅ​នឹង​កន្លែង។ ដំណឹង​នេះ បាន​បញ្ឆេះ​ការ​តវ៉ា និង កំហឹង​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​កំពុង​តែ​មាន​ស្រាប់ ឲ្យ​រីក​កាន់​តែ​ធំ​ទៅ។ លោក Yehuda Glick​ដែល កំពុង​តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អ៊ីស្រាអែល​ជួយ​សង្គ្រោះ ពេល​នេះ មាន​អាការៈ​ល្អ​ប្រសើរ​បន្តិច​ហើយ។

 
នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល អាជ្ញាធរ​អ៊ីស្រាអែល បាន​ថ្លែង​ឲ្យដឹង​ទៀត​ថា ខ្លួន​នឹង​បិទ​ផ្លូវ​ចេញចូល​ទៅ​ទីលាន​វិហារ​អ៊ីស្លាម​បូរាណ ដែល​នៅ​ក្នុង​ក្រុង​ហ៊្សេរូសាឡឹម ទំរាំ​ដល់​ស្ថានការណ៍​បាន​ធូរស្រាល​ឡើង​វិញ។ លោក នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល Binjamin Netanyahu បាន​បន្ថែម​ថា អាជ្ញាធរ​អ៊ីស្រាអែល ទាំង​ទាហាន ទាំង​ប៉ូលីស ត្រូវ​ពង្រឹង​កម្លាំង ឲ្យ​បាន​ជាប់ ដើម្បី​ត្រៀម​ទប់ទល់​ទៅ​នឹង​អំពើ​ហិង្សា​ណា​មួយ ជា​ពិសេស នៅ​តំបន់​ហ៊្សេរូសាឡឹម​ខាងកើត។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​អ៊ីស្រាអែល​បិទ​ទីលាន​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៦៧។

សូម​បញ្ជាក់​ថា ទីលាន​វិហាន​អ៊ីស្លាម ដែល​ស្ថិត​នៅ​លើ​ដី​ទួលខ្ពស់​ក្នុង​ទីក្រុង​ហ៊្សេរូសាឡឹម គឺ​ជា​ទី​សក្ការៈបូជា ដ៏​សំខាន់​បំផុត​ ទីបី​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ទូទាំង​ពិភពលោក។ មួយ​ថ្ងៃៗ មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រាប់ពាន់​នាក់​ មក​បន់ស្រន់ ថ្វាយ​បង្គំ​នៅ​ទី​នោះ។ ប៉ុន្តែ​បើ​តាម​ប្រវត្តិសាស្រ្ត  ទីលាន​វិហារ​អ៊ីស្លាម​នេះ ត្រូវ​បាន​សាងសង់​ឡើង កាល​ពី​សតវត្ស​ទី៧ នៅ​លើ​ទីតាំង​អតីត​វិហារ​សាសនា​ជ្វីហ្វ​បូរាណ ហើយ​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ពួក​រ៉ូម៉ាំង នៅ​ដើម​សតវត្ស​ទី​ពីរ។

ហេតុ​ដូច​នេះ​ហើយ បាន​ជា​ជនជាតិ​ជ្វីហ្វ​និង​អ៊ីស្លាម ដណ្តើម​គ្នា​កាន់កាប់​តំបន់​នេះ។ កន្លង​មក​ទីលាន​នេះ​ តែងតែ​ជា​ប្រភព​នៃ​ជម្លោះ​ក្តៅ​ក្រហាយ​ រវាង​អាជ្ញាធរ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ជា​និច្ច។ ជម្លោះ​ដែល​គ្មាន​ថ្ងៃ​ចប់​នេះ អាច​នឹង​ធ្វើ ឲ្យ​គ្រាប់​រំសេវ​ផ្ទុះ​ជា​ថ្មី​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ហើយ​ជន​រងគ្រោះ​ គ្មាន​នរណា​ក្រៅ​តែ​ពី​ប្រជាជន​ស្លូត​ត្រង់​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ