អានតួអត្ថបទ
ស៊ីរី

ប្រធានាធិបតី​អាសាដ​ត្រៀម​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ តែ​មិនព្រម​ចុះ​ពី​តំណែង​

នៅ​​ប្រទេស​ស៊ីរី ប្រធានាធិបតី​ Bachar-al-Assad បាន​​​​ត្រៀម​ខ្លួន​ពិភាក្សា​ជាមួយ​បក្ស​ប្រឆាំង​ ប៉ុន្តែ​​នៅ​តែ​មិន​​យល់​ព្រម​ចុះ​ចេញ​ពី​តំណែង​​សោះ​ឡើយ។ នេះ​បើ​យោង​តាម​កាសែតអង់គ្លេស​ Sunday Times ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ទន្ទឹម​នឹង​នេះ​​ដែរ អង្គការ​សហប្រជាជាតិ​​ក៏​បាន​ត្រៀម​ខ្លួន​ នឹង​ជួ​យ​សម្រួល​អោយ​កិច្ច​ចរចា​រវាង​បក្ស​ប្រឆាំង​នៅ​ស៊ីរី អាច​ប្រព្រិត្ត​ទៅ​បាន​ដោយ​រលូន​ផង​ដែរ។

ប្រធានាធិបតី​ស៊ីរី Bachar-al-Assad
ប្រធានាធិបតី​ស៊ីរី Bachar-al-Assad AFP PHOTO/SYRIAN TV
ផ្សាយពាណិជ្ជកម្ម

កាសែត​អង់គ្លេស​​​​ Sunday Times​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ថា​ប្រធានាធិបតី​ប្រទេស​ស៊ីរី ​ Bachar-al-Assad បាន​​ត្រៀម​ខ្លួន​​ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​នៅ​តែ​មិន​​សុខចិត្ត​ចុះ​ពី​តំណែង​​ខ្លួន​នោះ​ឡើយ។

“យើង​​ត្រៀម​ខ្លួន​ស្រេចបាច់​ហើយ​ ដើម្បី​ចរចា​ជាមួយ​គ្រប់​គ្នា ក្នុង​នោះ​​ក៏​​មាន​សកម្ម​ជន​ដែល​ប្រដាប់​ដោយ​អាវុធ​ផងដែរ។ យើង​អាច​ចរចា​ជាមួយ​បក្សប្រឆាំង​បាន ប៉ុន្តែ​យើង​មិនចរចា​ជាមួយ​ភេរវជន​នោះ​ទេ។” នេះ​ជា​​​ប្រសាសន៍​របស់​លោក​អាសាដ ក្នុង​​​​បទសម្ភាស​ជាមួយ​កាសែតអង់គ្លេស​​ Sunday Times ដែល​បាន​ថត​ទុក កាល​ពី​​សប្តាហ៍​​មុន។

​លោក​អាសាដ បាន​រំពឹង​ថា​ បើ​បី​ទោះ​ជា​លោក​លា​ចាក​ពី​តំណែង​ ក៏​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​ស៊ីរី​​បាន​ដែរ ព្រោះ​ថា​​​​​វា​មិន​អាច​បញ្ចប់​​នូវ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​នោះ​ឡើយ។ ប្រធានាធិបតី​អាសាដ បាន​លើក​យក​ឧទាហរណ៍​របស់​ប្រទេស​មួយ​ចំនួន​ដូច​ជា​ លីប៊ី យេមែន និង​អេហ្ស៊ីប​ មក​ផ្សារ​ភ្ជាប់​នឹង​ហេតុផល​នេះ។

ទន្ទឹម​នេះ​ដែរ​ លោក​អាសាដ បាន​ចោទ​ប្រទេស​អង់គ្លេស​ថា មាន​បំណង​ផ្តល់​អាវុធ​ដល់​ក្រុម​ភេរវករ ហើយ​មិន​ព្រម​​ជួយ​សំរាល​ភាព​តានតឹង​ក្នុង​​កិច្ច​ចរចា​នៅ​ស៊ីរី។ ការ​ចោទ​ប្រកាន់​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​​រដ្ឋាភិបាល​​អង់គ្លេស​ ​ដែល​បាន​យល់​ស្រប​ចង់​​អោយ​មាន​ជំនួយ​ដល់​ពួក​ឧទ្ទាម និង​​ចង់​អោយ​អឺរ៉ុប​ដកចេញ​នូវ​​ទណ្ឌកម្ម​លើគ្រឿង​​សព្វាវុធ​​​។

ដោយឡែក​ ទាក់ទង​នឹង​ការ​ចរចា​រវាង​លោក​អាសាដ និង​បក្ស​ប្រឆាំង​នៅ​ស៊ីរី អង្គការ​សហប្រជាជាតិ​​ក៏​បានប្រកាស​​ត្រៀម​ខ្លួន​ ជួ​យ​សម្រួល​អោយ​កិច្ច​ចរចា​​នេះ​អោយ​ប្រព្រិត្ត​ទៅ​បាន​ដោយ​រលូន​ផង​ដែរ។

ក្នុង​​លក្ខខណ្ឌ​នេះ អ៊ីរ៉ង់​ដែល​ជា​ដៃ​គូ​ជិតស្និទ្ធ​របស់​ស៊ីរី បាន​​​ចាត់ទុក​លោក​អាសាដ ជា​ប្រធានាធិបតី​ស្របច្បាប់ ព្រម​ទាំង​​បន្ថែម​ទៀត​ថា លោក​អាសាដ​មាន​សិទ្ធិ​​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ សំរាប់​ការ​បោះឆ្នោត​​​​ឆ្នាំ​ ២០១៤​​ ខាង​មុខនេះ។

ស្រប​នឹង​ពេល​នេះ​ដែរ អំពើ​ហិង្សា​នៅ​តែ​បន្ត​​​កើតមាន​ នៅ​​ក្នុង​ប្រទេស​ស៊ីរី។ នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​កងកម្លាំង​​ស៊ីរី​យ៉ាង​ហោច​ណាស់​​​ ៣៤​នាក់​ បាន​បាត់​បង់​ជីវិត​ នៅ​ក្នុង​​ការ​វាយ​ប្រហារ​ជាមួយ​ពួក​ឧទ្ទាម​ក្នុង​តំបន់ Khan Al Assal ក្នុង​ខេត្ត​​Alep ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស។ ពួក​ឧទ្ទាម​​ដណ្តើម​បាន​តំបន់​នេះ​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ យោង​តាម​ក្រុម​សិទ្ធិមនុស្ស អំពើ​ហិង្សា​បាន​បង្ក​អោយ​មាន​មនុស្សស្លាប់​​ ១៥៦​នាក់​ទៀត នៅ​ទូទាំង​ប្រទេស។ អង្គការ​សហប្រជាជាតិ​បាន​​​រំពឹង​ថា អំពើ​ហិង្សានៅ​ស៊ីរី ​រយៈ​ពេល​ពីរ​ឆ្នាំ​មក​នេះ បានបណ្តាល​អោយ​មាន​មនុស្ស​ប្រហែល​ជា​ ៧០​ ០០០ នាក់​បាត់​បង់​ជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ