អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន នៅ​ព្រុយណេ

នៅព្រឹកថ្ងៃទី២៤មេសានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២២ នៅ​ប្រទេស​ព្រុយណេ។ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២២ នឹងធ្វើឡើងពីរថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥មេសា ក្រោមប្រធានបទ "​ប្រជាជន​របស់​យើង ដើម្បី​អនាគត​ទាំងអស់គ្នា"។ មេដឹកនាំ​កំពូល​អាស៊ានទាំង១០ ក៏នឹងពិភាក្សា​ផ្តោត​ទៅ​លើ​របៀបវារៈសំខាន់ៗ ​លើ​ការបង្កើត​សហគមន៍​​​អាស៊ាន នៅ​ឆ្នាំ​២០១៥​។ បញ្ហាប្រឈម​នៅក្នុង​តំបន់ និង​ពិភពលោក ជា​ពិសេស​ពាក់​​ព័ន្ធ​នឹង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​សភាពការណ៍​នៅ​ឈូង​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ចិន​ខាងកើត ព្រមទាំង​ការប្រែប្រួល​អាកាសធាតុ​ ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល​អាស៊ាន លើកទី២២ ផងដែរ។

ក្រុមការងារ​កំពុង​រៀប​ចំ​សាលប្រជុំ​អាស៊ាន​ លើក​ទី ២២ នៅ​ប្រទេស​ព្រុយណេ
ក្រុមការងារ​កំពុង​រៀប​ចំ​សាលប្រជុំ​អាស៊ាន​ លើក​ទី ២២ នៅ​ប្រទេស​ព្រុយណេ © reuters
ផ្សាយពាណិជ្ជកម្ម

គឺនៅព្រឹកមិញតែម្តង ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​​ រួមមាន រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីសំខាន់ៗ ជាច្រើនទៀត ចេញ​ពី​ព្រលាន​​យន្តហោះ​ភ្នំពេញ ដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូល​អាស៊ាន លើកទី២២ នៅប្រទេស​ព្រុយណេ។

តាមសេចក្តី​ជូន​ព័ត៌មានរបស់​ក្រសួងការបរទេស កិច្ចប្រជុំ​កំពូល​អាស៊ានលើក​ទី​២២ នៅព្រុយណេ នឹង​ផ្តោត​ទៅ​លើ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​តួនាទី​ស្នូល​របស់​អាស៊ាន ការធ្វើសមាហរណកម្ម​តំបន់ ទិសដៅ​អនាគត​របស់​អាស៊ាន និង​ការផ្លាស់ប្តូរ​ទស្សនៈ​អំពី​​បញ្ហា​តំបន់ និង​អន្តរជាតិ ព្រមទាំង​បញ្ហា​ដទៃទៀត ដែល​ជា​កង្វល់ និង​ផលប្រយោជន៍​រួម​របស់​​អាស៊ាន​។​

បន្ថែមលើសពីនេះ នៅ​មុនពេល​ឡើង​យន្តហោះ អមដំណើរ​លោកនាយក​រដ្ឋមន្ត្រី ទៅកាន់​កិច្ចប្រជុំអាស៊ាន នា​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ លោក ស្រ៊ឺ ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ នៅ​ព្រលាន​​យន្តហោះភ្នំពេញថា កិច្ចប្រជុំ​​កំពូល​អាស៊ាន លើក​ទី​២២ នឹង​ប្រារព្ធ​ឡើង​ ក្រោម​ប្រធានបទ "​ប្រជាជន​របស់​យើង ដើម្បី​អនាគត​ទាំងអស់គ្នា​"​។

កិច្ចប្រជុំ​កំពូល​អាស៊ាន ក៏​នឹង​ពិភាក្សា​​ផ្តោត​ទៅ​លើ​របៀបវារៈ ៤ ជា​សំខាន់ ​លើ​ការបង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥។ របៀបវារៈ​ទី​១ ស្តី​ពី​ការខិតខំ​ជំរុញ​ការធ្វើសមាហរណកម្ម​ភ្ជាប់ ពិសេស​ការកសាង​សសរ​ស្តម្ភ​ទាំងបី គឺ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​សង្គម​។ របៀបវារៈ​ទី​២ ស្តីពី​តួនាទី​ស្នូល​របស់​អាស៊ាន និង​និមាបនកម្ម នៅក្នុង​តំបន់​។ របៀបវារៈ​ទី​៣-​ពិភាក្សា​ទៅលើ​អនាគត​អាស៊ាន ក្រោយ​ពី​ចូល​ជា​សហគមន៍​ហើយ តើ​អាស៊ាន ត្រូវ​ធ្វើ​អ្វី​ទៀតនៅពេល​អនាគត និង​របៀបវារៈ​ទី​៤-​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​ប្រឈម​នៅក្នុង​ តំបន់ និង​ពិភពលោក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​សភាពការណ៍​នៅ​ឈូង​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ចិន​ខាងកើត ព្រមទាំង​ការប្រែប្រួល​អាកាសធាតុ​។​

លោក ស្រ៊ឺ ថាមរុង្គ បាន​បន្តថា រហូតដល់​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសាស្អែកនេះ ទើបលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត ជាមួយមេដឹកនាំ​កំពូល​អាស៊ាន​ ៩ ប្រទេស​ផ្សេង​ទៀត ដើម្បីពិភាក្សា​ទៅ​លើ​របៀបវារៈ​សំខាន់ៗ ទាំង ៤ ខាងលើ​។​

បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ដែលជាជម្លោះរវាងប្រទេសចិន និងបណ្តាប្រទេសមួយ​ចំនួន ដែលជាសមាជិកអាស៊ាន រួមមាន៖ ព្រុយណេ ដែលជាប្រធានប្តូរវេនអាស៊ាន នៅ​ឆ្នាំ​២០១៣នេះ វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ត្រូវគេរំពឹងថា ជម្លោះដែនសមុទ្រ​ដ៏រ៉ាំរ៉ៃ​នេះ នឹងក្លាយជាប្រធានក្តៅបំផុត សម្រាប់មេដឹកនាំអាស៊ាន ត្រូវផ្តោះប្តូរយោបល់ និងស្វែងរក​ការ​​ឯកភាពរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ