អានតួអត្ថបទ
រុស្ស៊ី-កម្ពុជា

នៅ​ទីបំផុត​ ថៅកែ​ជាតិ​រុស្ស៊ី​ឈ្មោះ​ Polonski​ ត្រូវបាន​ដោះលែង​ចេញពី​គុកខ្មែរ​

ការដោះលែង​នេះ តាមសំដី​មេធាវី​ជាតិរុស្ស៊ី​របស់​គាត់ បានប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​៨​និង​៧​នាទី​ព្រឹកមិញ ម៉ោងម៉ូស្គូ ត្រូវនឹង​ម៉ោង​១១​និង​៧​នាទី​ម៉ោង​ស្រុកខ្មែរ ក្រោយពី​ពលរដ្ឋ​រុស្ស៊ី​រូបនេះ​ជាប់ក្នុង​ការ​ឃុំឃាំង​អស់​៣ខែ​៣ថ្ងៃ​មក ក្នុង​ពន្ធនាគារ​ក្រុង​ព្រះសីហនុ តាមបទ​ប្រើ​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នក​ដើរកប៉ាល់​ជាតិ​ខ្មែរ។

RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តីអំពី​ការដោះលែង​នេះ តាំងពី​ព្រឹកមិញ​មក នាំគ្នា​ផ្សព្វផ្សាយ​ដោយកាណាល់​ទូរទស្សន៍ និង​ប៉ុស្តវិទ្យុ​ជាច្រើន​នៃ​ក្រុងម៉ូស្គូ ក៏​ដូចជា​តាម​គេហទំព័រ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ធំៗ​របស់​ប្រទេស​រុស្ស៊ី ទាំងយោង​ទៅលើ​សំដី​ពួកមេធាវី​រុស្ស៊ី​ដែលខំ​ការពារ​រូប Businessman Serguei Polonski នោះ។

តាម​លោក​មេធាវី Alexandre Dobrovinki កូនក្តី​របស់​គាត់​ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន​ទល់នឹង​ប្រាក់ធានា​ទំហំ​៥ម៉ឺន​ដុល្លារស.រ.អា. ដោយមាន​ការ​ចេញមុខ​ធានា​ពីខាង​ឥស្សរជន​ខ្មែរ​ជាទីគោរព​ពីរនាក់ ដែលថា​ក្រោយពី​ទទួលបាន​សេរីភាព​បណ្តោះអាសន្ន សាមីជន​នោះ​នឹង​ប្រកាន់​អាកប្បកិរិយា​យ៉ាង​ស័ក្តិសម ពេល​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា និង​ព្រមទាំងមាន​លិខិត​សន្យា​ផ្ទាល់ដៃ​ពីខាង​ថៅកែ​ជាតិរុស្ស៊ី​នោះ​ថា​គាត់​គ្មាន​ការទាមទារ​អ្វីណា​ចំពោះ​ភាគី​កម្ពុជា​ឡើយ ពោលគឺ​ចំពោះ​ព្រះមហាក្សត្រ ចំពោះ​រាជរដ្ឋាភិបាល ចំពោះ​ប្រព័ន្ធ​តុលាការ និង​ចំពោះ​ប្រជាជន​កម្ពុជា​សោះ​ឡើយ។

លោក​មេធាវីនេះ​បាន​សំដែង​អំណរគុណ​ទៅកាន់​រាល់​អ្នកណា​ដែល​បាន​អន្តរាគមន៍​ជួយ​ជ្រោមជ្រែង​ក្នុងការ​ដោះលែង​នេះ មាន​ពួកមន្ត្រី​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី ពួក​អ្នកតំណាងរាស្ត​នៃ​សភា​ឌូម៉ា​រុស្ស៊ី ដែលក្នុង​កិច្ចប្រជុំ​លើកនេះ​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី បាន​ធ្វើ​សំណូមពរ​សុំឲ្យ​ជួយ​ដោះលែង​នេះ ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា។

ហើយតាម​សំដី​មេធាវី​ជាតិរុស្ស៊ី​ម្នាក់​ទៀត គឺ​លោកស្រី Diana Tatosova ថ្លែង​ព្រឹកមិញ​តាមប៉ុស្ត​វិទ្យុ Kommersant FM ពលរដ្ឋ​រុស្ស៊ី​ឈ្មោះ Polonski នោះ ក្រោយពី​ចេញពី​ពន្ធនាគារ ឥតបន្ត​ស្ថិតនៅ​ក្នុង​លក្ខណៈ​ជាប់ឃុំ​នៅ​គេហដ្ឋាន​គាត់ ឬ​ក៏​ស្ថិត​នៅក្រោម​ការ​ឃ្លាំមើល​ពីខាង​អំណាច​តុលាការ​កម្ពុជា​ឡើយ។ គាត់អាច​ធ្វើដំណើរ​ដោយ​សេរី​តាម​ច្រកល្ហក​ប្លែកៗ​នៃ​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​គ្មាន​សិទ្ធិ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ ប្រាកដ​ណាស់ ដោយ​រង់ចាំ​អង្គសវនាការ​កាត់ទោស​ដោយ​តុលាការ​ក្រុង​ព្រះសីហនុ ដែលនឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ខាងមុខ លោក Polonski នឹង​សម្រាក​លំហែកាយ​ក្នុង​ភូម៌គ្រឹះ​របស់​គាត់​ផ្ទាល់​នៅ​លើ​កោះពស់។

មេធាវី​រុស្ស៊ី​ទាំងពីរនាក់​នោះ សង្ឃឹម​ថា​អង្គសវនាការ​ដែល​នឹង​ប្រព្រឹត្តទៅ​តែ​មួយថ្ងៃ មុខជា​នឹង​បិទបញ្ចប់​សំណុំរឿង​គាត់​ពុំខាន ដោយ​មកពី​ក្រុមនាវិកខ្មែរ​៦​នាក់ កាលពី​ដើមឆ្នាំ​នេះ បានដក​ទៅហើយ​ពាក្យ​បណ្តឹង​ទល់​នឹង​រូប Polonski ជាថ្នូរ​នឹង​ប្រាក់​សងជម្ងឺ​ចិត្ត សរុបទៅ​២ម៉ឺន​ដុល្លារ។

មេធាវី​រុស្ស៊ី ក៏​បាន​ឲ្យដឹង​ដែរ​ថា អាជ្ញាធរ​គុក​ក្រុង​ព្រះសីហនុ​ថែមទាំង​បាន​សំដែង​អំណរគុណ​ដល់​លោក Polonski ទៅផង​ចំពោះ​ការ​ដែលគាត់​បានជួយ​ស្តារ​ឡើងវិញ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ជួយ​សង់ផ្លូវ​ទៅកាន់​ពន្ធនាគារ​នោះ។

លោក Polonski អាយុ​៤០​ឆ្នាំ ជា​ថៅកែ​ក្រុមហ៊ុន​ឈ្មោះ Potok ខាងជួញ​អចលនទ្រព្យ​នៅ​រុស្ស៊ី ក៏​ដូចជា​នៅ​បរទេស​បែបយ៉ាង នៅ​អ៊ុយក្រែន បារាំង កម្ពុជា Montenegro  Suisse ស.រ.អា. និង អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ