អានតួអត្ថបទ
កម្ពុជា

នួន ជា និងខៀវ សំផន បន្ត​ស្ថិត​ក្នុង​មន្ទីរពេទ្យ សវនាការ​បន្ត​ធ្វើ​នៅ​ថ្ងៃចន្ទ

បើទោះបីជា​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន កំពុង​បន្ត​ស្ថិតនៅក្នុង​មន្ទីរពេទ្យ និង​បើទោះបី​ជា​បុគ្គលិក​ខាង​ភាគី​កម្ពុជា​គ្មាន​ប្រាក់ខែ​ក៏ដោយ ក៏​សវនាការ​សំណុំរឿង ០០២ នៅតែ​បន្ត​បើក​ធ្វើ​ដដែល​នៅ​ថ្ងៃ​ចន្ទ​ស្អែក។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ។ សវនាការ​នៅ​ថ្ងៃស្អែក​នឹង​បន្ត​ពិនិត្យ​សំណុំ​ឯកសារ​មួយចំនួនទៀត​ក្នុងចំណោម​ឯកសារ​ជិត ១លាន​ទំព័រ​ទាក់ទង​នឹង​របប​ខ្មែរក្រហម។ ចំណែក​បុគ្គលិក​សាលាក្តី​បាននាំគ្នា​ជជីក​សួរនាំ​អំពី​បញ្ហា​ថវិកា។

លោក​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា ​និង​ជា​បង​ទី​២​ សម័យ​ខ្មែរ​ក្រហម​ នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃចន្ទ២៧មិថុនា២០១១​
លោក​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា ​និង​ជា​បង​ទី​២​ សម័យ​ខ្មែរ​ក្រហម​ នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃចន្ទ២៧មិថុនា២០១១​ © Reuters/Mark Peters
ផ្សាយពាណិជ្ជកម្ម

រហូតមក​ទល់នឹងរ​សៀ​ល​ថ្ងៃអាទិត្យ​នេះ ជនជាប់ចោទ​សំខាន់​ពីរ​នាក់​គឺ នួន ជា និង​ខៀវ សំផន កំពុង​បន្ត​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​នៅឡើយ។ ប៉ុន្តែ សវនាការ​សំណុំរឿង០០២ នឹង​នៅតែ​បន្ត​បើក​ធ្វើ​ដដែល​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ដោយហេតុថា ជនជាប់ចោទ​ទាំងពីរ​បានសម្រេច​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា អតីត​បងធំ​ទី២ នួន ជា និង​អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម លោក ខៀវ សំផន មាន​អាកា​រៈ​ធូរស្បើយ​ពី​ជំងឺ​បន្តិច​ហើយ ប៉ុន្តែ នៅ​មិនទាន់​អាច​ចេញពី​មន្ទីរពេទ្យ​បាន​នៅឡើយ​ទេ។ ដូច្នេះ សវនាការ​នៅ​ថ្ងៃស្អែក​នេះ​មាន​វត្ត​មានតែ​ជនជាប់ចោទ​ម្នាក់​គត់ គឺ អៀង សារី អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរក្រហម ប៉ុន្តែ លោក​អៀង សារី ក៏​មិនអាច​ចូលរួម​សវនាការ​ដោយផ្ទាល់​បានដែរ គឺអាច​ត្រឹម​ស្តាប់​សវនាការ​ពី​ចម្ងាយ​ក្នុង​បន្ទប់​ពិសេស​តែប៉ុណ្ណោះ។

ងាក​ទៅ​មើល​បញ្ហា​ថវិកា​វិញ បុគ្គលិក​ជនជាតិខ្មែរ​ទាំង ២៨៧ នាក់ មិន​ទទួលបាន​ប្រាក់ខែ​តាំងពី​ខែធ្នូ​មកម្ល៉េះ ហើយ​ពួកគេ​ក៏​មិនដឹងថា ពេលណា​ទើប​អាចមាន​ប្រាក់ខែ​ឡើងវិញ​នោះដែរ។ បុគ្គលិក​ទាំងនោះ​បាននាំគ្នា​ដេញដោល​អំពី​បញ្ហា​ថវិកា​នេះ​ទៅកាន់​មន្ត្រីរដ្ឋបាល​សាលាក្តី ប៉ុន្តែ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់មាន​ចម្លើយ​យ៉ាងណា​នៅឡើយ​ទេ។ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អះអាងថា នៅ​មិនទាន់មាន​ប្រទេស​ណា​សន្យា​ផ្តល់ជំនួយ​នៅឡើយ​ទេ ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍ និង​ការងារ​របស់​មន្ត្រី និង​បុគ្គលិក​ជនជាតិខ្មែរ។

វ័យចាស់​ជរា​រប​ស់ជ​ន​ជាប់ចោទ និង​កង្វះ​ថវិកា​គឺជា​ចំណោទ​ធំ២នៅ​ចំពោះ​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។ រហូតមកទល់​ពេលនេះ ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ នៅសល់តែ៣នាក់​ប៉ុណ្ណោះ​បន្ទាប់ពី​លោកស្រី អៀង ធិ​រិ​ទ្ធិ អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយសារ​ជំងឺ​បាត់​ការចងចាំ។ ជនជាប់ចោទ​ទាំងបី​ដែល​នៅសល់​គឺ​អៀង សារី អាយុ ៨៧ឆ្នាំ, នួន ជា អាយុ ៨៦ឆ្នាំ និង ខៀវ សំផន អាយុ ៨២ឆ្នាំ កំពុង​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ និង​ស្ថិតក្នុង​មន្ទីរពេទ្យ​ច្រើនជាង​មន្ទីរឃុំឃាំង។

ទន្ទឹមនឹងនោះ ចំណោទបញ្ហា​ថវិកា​ក៏បាន​ស្តែងឡើង​កាន់តែខ្លាំង​ជាង​មុន។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​ទន្ទឹងរង់ចាំ​យុត្តិធម៌​សម្តែង​ការព្រួយបារម្ភ​ពី​បរាជ័យ​នៃ​សាលាក្តី​កូនកាត់​មួយ​នេះ បើទោះជា​សវនាការ​នៅតែ​បន្តធ្វើ​នៅពេលនេះ​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ