អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ជំងឺ​នួន​ ជា​នៅ​ធ្ងន់​ សវនាកា​មិន​អាច​បើក​នៅ​ថ្ងៃ​ស្អែក​ឡើយ​

អតីត​បង​ធំ​ទី​២​ នៃ​របប​ខ្មែរ​ក្រហម​ លោក នួន ជា កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ ក្រោយ​​ពី​លោក​ត្រូវ​បាន​បញ្ជូន ​មក​ដល់​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​អាទិត្យ។ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​លោក​នេត្រ ភត្រា​បាន​ប្រាប់​អោយ​ដឹង​ថា សវនាការ​ដែល​គ្រោង​នឹង​បើក​ឡើង​​វិញ ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ក៏​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដែរ ដោយ​សារ​អវត្តមាន​របស់​លោក​នួន ជា ដែល​មិន​បាន​បោះបង់​សិទ្ធិ​ចូល​រួម​ក្នុង​សវនាការ​នោះ។

លោក​នួន​ ជា​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ នៅ​ឡើយ
លោក​នួន​ ជា​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ នៅ​ឡើយ REUTERS
ផ្សាយពាណិជ្ជកម្ម

រហូត​ដល់​ថ្ងៃ​អង្គារ​នេះ លោក​នួន​ ជា​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត​នៅ​ឡើយ។ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ លោក​នួន ជា​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បញ្ជូន​មក​មន្ទីរពេទ្យ ​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​ហេតុ​ធ្វើ​អោយ​ចៅក្រម​សាលាដំបូង​របស់​សាលាក្តី ​សម្រេច​ផ្អាក​សវនាកា។

រហូត​ដល់​ថ្ងៃ​អង្គារ​នេះ ស្ថានភាព​ជំងឺ​របស់​លោក​នួន ជា​ដែល​មិន​ទាន់​បាន​ធូរ​​ស្រាល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សាលាក្តីខ្មែរ​ក្រហម លោក​នេត្យ ភត្រ្តា សវនាការ​ដែល​ត្រូវ​បាន​គ្រោង​បើក​ឡើងវិ​ញ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ក៏​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ឡើយ។ ដូច្នេះ​នៅ​ក្នុង​សប្តាហ៍នេះ វា​នឹង​មិន​មាន​សវនាការ​នោះ​ឡើយ។

អតីត​ប្រធាន​រដ្ឋសភា​សម័យ​ខ្មែរ​ក្រហម និង​ជា​បង​ធំ​ទី២​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ផង​នោះ បាន​ដួល​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ លោក​នួន ជា​មាន​ជំងឺ​រលាក​ទង​សួត​ ស្រួច​ស្រាវ ខ្សោយ​​កម្លាំង​ជើង​ទាំង​ពីរ និង​មាន​អាការៈ​ហេវ​ហត់។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ ​របស់​សាលាក្តី​ខ្មែរ​ក្រហម សាលាដំបូង​ត្រូវ​រង់ចាំ ​រហូត​ដល់​មាន​វត្តមាន​របស់​លោក​នួន ជា ពី​ព្រោះ​លោក​នួន ជា មិន​បាន​លះបង់​សិទ្ធិ​ចូល​រួម​ក្នុង​សវនាការ​នោះ​ឡើយ។ អ្នក​នាំ​ពាក្យ​ដដែល ​បាន​ស្រង់​សម្តី​របស់​មេធាវី​លោក​នួន ជា​ ដែល​និយាយ​ថា ការ​ស្តាប់​សក្ខីកម្ម​​របស់​អ្នក​ជំនាញ និង​សាក្សី​ គឺ​ជា​រឿង​សំខាន់ ​សម្រាប់​លោក ​នួន ជា។

គេ​នៅ​មិន​ទាន់​ដឹង​ថា ​តើ​លោក​នួន​ ជា​ នឹង​អាច​សំរាក ​នៅ​មន្ទីរពេទ្យ​យូរ​ប៉ុណ្ណា ហើយ​ថា​សវនាការ​នឹង​អាច​បើក​ទ្វារ​ឡើង​វិញ​ នៅ​ពេល​ណា​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ