អានតួអត្ថបទ
កម្ពុជា

លោក​ ខៀវ​ សំផន​ ចូល​ពេទ្យ​​​សង្គ្រោះ​បន្ទាន់​

លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​សម័យ​ខ្មែរ​ក្រហម បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​របស់​តុលាការ​ខ្មែរ​ក្រហម ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ថា លោក ខៀវ សំផន ដែល​មាន​អាយុ ៨២​ឆ្នាំ មាន​ជំងឺ​ហេវ​ហត់ អស់​កម្លាំង​ខ្លាំង ហើយ​ត្រូវ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ។ ចំណែក​លោក នួន​ជា ដែល​បាន​ចូល​ពេទ្យ តាំង​ពី​ថ្ងៃ​អាទិត្យ បាន​ធូរ​ស្រាល​បន្តិច តែ​លោក​នួន​ជា ដែល​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់​ធ្ងរ​នោះ នៅ​តែ​ក្តៅ​ខ្លួន និង​ក្អក​ខ្លាំង​នៅ​ឡើយ។​

លោក​ ខៀវ​ សំផន​ អតីត​​ប្រមុខ​រដ្ឋ​​សម័យ​​ខ្មែរ​​ក្រហម​
លោក​ ខៀវ​ សំផន​ អតីត​​ប្រមុខ​រដ្ឋ​​សម័យ​​ខ្មែរ​​ក្រហម​ AFP
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៨២ ឆ្នាំ លោក ខៀវ សំផន បាន​ធ្លាក់​ខ្លួន​ឈឺ ដោយ​មាន​អាការៈ អស់​កម្លាំង​ខ្លាំង ហើយ​ហេវ​ហត់ ត្រូវ​បាន​គេ​បញ្ជូន​ចេញពី​មន្ទីរ​ឃុំ​ឃាំង​របស់​តុលាការ​ខ្មែរ​ក្រហម ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរ​ពេទ្យ​រុស្ស៊ី កាល​ពី​ព្រឹក​ម៉ោង ៩ និង​៤៥ នាទី ថ្ងៃ​ទី​១៦ ខែ មករា ឆ្នាំ​២០១៣។ មក​ដល់​រសៀល​នេះ ក្រុម​គ្រូពេទ្យ កំពុង​តែ​ពិនិត្យ​ព្យាបាល។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។​

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា លោក ខៀវ សំផន ធ្លាក់​ខ្លួន​ឈឺ​ចូល​ពេទ្យ​ពេល​នេះ ហាក់​បី​ដូច​ជា​ចៃដន្យ ហើយ​ជួន​ពេល​ដែល​លោក នួន ជា កំពុង​ស្ថិត​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ។​
ក៏​ប៉ុន្តែ​លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ថា សម្រាប់​លោក នួន ជា ត្រូវ​បាន​គ្រូពេទ្យ បញ្ជាក់​តាម​រយៈ​របាយការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ ថា​លោក នួន ជា បាន​ធូរ​ស្រាល​បន្តិច​ហើយ តែ​លោក​នៅ​មាន​កំដៅ​ខ្ពស់ ហើយ​ក្អក​នៅឡើយ។​
​         ​
កាល​ពី​ថ្ងៃអាទិត្យ ទី​១៣ ខែ​មករា ឆ្នាំ​២០១៣ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា​ខ្មែរ​ក្រហម លោក នួន ជា អាយុ ៨៦​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។ លោក នួន ជា មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ។​

លោក នួន ជា ឈឺ​ធ្ងន់ នាំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង របស់​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្រេច​ផ្អាក​សវនាកា​​ជា​បណ្តោះអាសន្ន លើ​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ នួន​ជា អៀង​សារី និង​ខៀវ​សំផន។ ក្នុង​សប្តាហ៍​នេះ សាលាក្តី​បាន​ប្រកាស​ថា នឹង​មិន​មាន​សវនាកា​​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម មិន​ដឹង​ថា ពេល​ណា​ទើប​អតីត​មេ​ខ្មែរ​ក្រហម លោក នួន​ជា និង​លោក ខៀវ​សំផន ដែល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ បាន​ជា​សះ​ស្បើយ​ចេញ​ពី​មន្ទីរ​ពេទ្យ​នោះ​ទេ។ ចំពោះ​សវនាកា​លើ​សំណុំរឿង​០០២ ក៏​មិន​ដឹង​ថា តុលាការ​នឹង​បន្ត​ឡើង​វិញ​នៅ​ពេល​ណា​ឡើយ។​

ក៏​ប៉ុន្តែ​លោក នេត្រ ភក្ត្រា បាន​អះអាង​ថា សាលាក្តី​ខ្មែរ​ក្រហម មាន​នីតិ​វិធី​គ្រប់​គ្រាន់ សម្រាប់​ដំណើរការ​សវនាកា​លើ​សំណុំរឿង​០០២។ នៅ​ពេល​នេះ ចៅក្រម​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​ក្រុម​មេធាវី​ការពារ​អតីត​មេ​ខ្មែរ​ក្រហម ថា​តើ​លោក នួន​ជា និង​លោក ខៀវ​សំផន សុខ​ចិត្ត​លះ​បង់​សិទ្ធិ ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់ ក្នុង​សវនាកា ហើយ​បន្ត​តាម​ដាន​សវនាកា​តាម​ប្រព័ន្ធ​សោតទស្សន៍ ឬ​យ៉ាងណា​។​

មក​ដល់​ពេល​នេះ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម លោក អៀង សារី អាយុ​៨៧​ឆ្នាំ ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​តុលាការ​ពិសេស​កាត់ទោស​មេ​ខ្មែរ​ក្រហម។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​អៀង​សារី ដោយសារ​បញ្ហា​សុខភាព មិន​អាច​ចូល​រួម​ដោយ​ផ្ទាល់ ក្នុង​សវនាកា​​កាត់​ទោស​រូប​លោក​ឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ