អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ កើន​ឡើង​ដល់​៩២​ក្បាល តែ​នៅ​ប្រឈម​នឹង​ការ​គំរាម​កំហែង

ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដែល​កំពុង​ទទួល​រង​គ្រោះថ្នាក់​ជិត​ផុតពូជ បាន​កើន​ឡើង​ពី ៨០ ទៅ​៩២​ក្បាល ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​នេះ​ជា​កំណើន​ដំបូង​បង្អស់​ក្នុង​កំណត់​ត្រា ស្រាវ​ជ្រាវ​ចាប់​តាំង​ពី​ជាង​ ២០ ឆ្នាំ​មុន​មក​ម្លេះ​។ នេះ​បើតាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​រួម​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មូល​និធិ​សកល​សម្រាប់​អភិរក្ស​ធន​ធាន​ធម្មជាតិ​ (WWF) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ​។ កំណើន​នេះ ត្រូវ​បាន​អង្គការ (WWF) ចាត់​ទុក​ថា​ជា​ក្តី​សង្ឃឹម​សម្រាប់​អាយុ​ជីវិត​របស់​សត្វ​ផ្សោត ទន្លេ​មេគង្គ និង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​មេគង្គ​។  

ចំនួនសត្វផ្សោតទន្លេមេគង្គ  បានកើនឡើងពី ៨០ ទៅ៩២ក្បាល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។
ចំនួនសត្វផ្សោតទន្លេមេគង្គ បានកើនឡើងពី ៨០ ទៅ៩២ក្បាល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ @អង្គការ WWF
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ផ្លូវការ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​១៩៩៧ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ប្រហែល​២០០​ក្បាល ក្នុង​ទន្លេ​មេគង្គ ហើយ​ចំនួន​នេះ​បាន​ដាំ​ក្បាល​ចុះជា​បន្ត​បន្ទាប់​ដោយ​សារ​តែ​ការ​ជាប់​មង និង​បាត់​បង់​ជម្រក រហូត​ធ្លាក់​មក​នៅ​ត្រឹម​ចំនួន​ ៨០ក្បាល ក្នុង​ឆ្នាំ​២០១៥​។ ប៉ុន្តែ​បើ​តាម​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ (WWF) ការ​ធ្លាក់​ចុះ​នេះ មាន​ការ​ប្រសើរ​ឡើងវិញ​ ជាក់​ស្តែង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា​ សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​បាន​កើន​ដល់​ចំនួន​ ៩២ ក្បាល​។

ជាមួយ​នឹង​កំណើន​ប្រមាណ​ជា​១០% នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​ ត្រូវ​បាន​អង្គការ​ WWF លើកឡើង​ថា ដោយសារ​តែ​មាន​ការ​ល្បាត​ប្រកប​ដោយ​ប្រសិទ្ធភាព​តាម​ទន្លេ​ដោយ​ក្រុម​ឆ្មាំ​ទន្លេ និងការ​រឹប​អូស​មង​នេសាទ​ខុស​ច្បាប់​ដែល​ទាក់​ជាប់ និង​ធ្វើ​ឱ្យ​សត្វ​ផ្សោត​ឈ្លក់​ទឹក​ស្លាប់​ដោយ​ចៃដន្យ​។ នៅ​ក្នុង​នោះ អំឡុង​ពេល​ជាង ២​ឆ្នាំ​មុន មង​នេសាទ​ខុស​ច្បាប់​ប្រវែង​សរុប ៣៥៨ គីឡូម៉ែត្រ ត្រូវ​បាន​រឹប​អូស​ចេញ​ពី​តំបន់​ស្នូល​របស់​សត្វ​ផ្សោត ខណៈ​មង​នេសាទ​ខុស​ច្បាប់​ដែល​ត្រូវ​បាន​រឹប​អូស​នេះ មាន​ប្រវែង​ស្ទើ​តែ​ស្មើ​នឹង​ចំនួន​ទ្វេរ​ដង​នៃ​ប្រវែង​ខ្សែ​ទឹក​ទន្លេ​ដែល​ជាជម្រក​របស់​សត្វ​ផ្សោត​។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក សេង ទៀក ប្រធាន​អង្គការ​WWF សត្វ​ផ្សោត​ចំនួន​៩២​ក្បាល នៅតែ​រង​ការ​គំរាម​កំហែង ​នៅ​តាម​ដង​ទន្លេមេគង្គ​ចន្លោះ​ចម្ងាយ​១៩០ គីឡូម៉ែត្រ ចាប់ពី​អន្លង់​កាំ​ពី ខេត្ត​ក្រចេះ រហូតដល់​ល្បាក់ទឹក​ខោ​ន ក្នុងប្រទេស​ឡាវ​។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​សត្វ​ផ្សោត ប្រឈម​នឹង​ការគំរាមកំហែង ដោយសារ​តែមាន​សកម្ម​ភាពខុស​ច្បាប់ ដោយ​ប្រើ​មង​នេសាទ​ដើម្បី​ទាក់​យក​សត្វ​ផ្សោត និង​ប្រើ​ឧបករណ៍​ឆក់ គ្រាប់បែក​កែច្នៃ នុយ​នេសាទ​បំពុល និង​សកម្មភាព​ទេសចរណ៍ ក៏ដូចជា​បណ្តា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​សាងសង់​ជាដើម។

ឆ្លើយ​តប​បញ្ហា​នេះ​ លោក អេង ជាសាន ប្រតិភូ​រាជ​រដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​ប្រធាន​នាយក​ដ្ឋាន​ជល​ផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្តេជ្ញា​ថា ក្រសួង​ និង​ស្ថាប័ន​ជំនាញ​ផ្សេង​ទៀត នឹង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​នេះ ដើម្បី​ឱ្យ​ចំនូន​សត្វ​ផ្សោត​មាន​ការ​កើន​ឡើង​ឡើង​វិញ ដោយ​លប់​បំបាត់​រាល់​ការ​គំរាម​កំហែង​នានា ចំពោះ​ភាព​រស់​រាន​មាន​ជីវិត​របស់​សត្វផ្សោត​ទាំង​នោះ​៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ