អានតួអត្ថបទ
កម្ពុជា

លោក​​ម៉ៅ មុនី​វណ្ណ​៖ ​ទាហាន​​និង​​ពលរដ្ឋ​​វៀតណាម​​បាន​​ចូល​​​ម​ក​​បំផ្លាញ​​​ដំណាំ​​ពលរដ្ឋ​​ខ្មែរ​​ជាង​១០​ហិកតា​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ គណៈប្រតិភូ​មួយក្រុម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​ម៉ៅ មុនី​វណ្ណ បានធ្វើ​ដំណើរ​ចុះទៅ​កាន់​ចំណុច​ជាំ៥ល្វែង ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ស្ថិតនៅក្នុង ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ដ​ត្បូងឃ្មុំ ដើម្បី​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ករណី​ទាហាន​និង​ពលរដ្ឋ​វៀតណាម​ចូលមក​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរ។ ក្រោយ​ពិនិត្យ​ជាក់ស្ដែង គណៈប្រតិភូ​បក្សប្រឆាំង បាន​អះអាងថា ដំណាំ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង១០ហិកតា ពិតជា​ត្រូវបាន​បំផ្លាញ​ដោយ​ទាហាន និង​ពលរដ្ឋ​វៀតណាម​មែន។

លោក​ម៉ៅ មុនីវណ្ណ ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពលរដ្ឋ​ និង​ទាហាន​វៀតណាម​បំផ្លាញ​ដំណាំ​
លោក​ម៉ៅ មុនីវណ្ណ ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពលរដ្ឋ​ និង​ទាហាន​វៀតណាម​បំផ្លាញ​ដំណាំ​ @Mao Monyvann Page
ផ្សាយពាណិជ្ជកម្ម

ដំណាំ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ដែលមាន​ស្រូវ ពោត និង​ដំឡូង​មី​ប្រមាណ​ជាង១០ហិកតា ត្រូវបាន​ទាហាន និង​ពលរដ្ឋ​វៀតណាម​បាន​ឆ្លងដែន​ចូលមក​បាញ់ថ្នាំ​គីមី​ពុល​សម្លាប់​គ្មាន​សេសសល់។

លោក​ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ចាម និង ជា​អនុប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ចុះទៅពិនិត្យ​ជាក់ស្ដែង​នៅ​តំបន់​នោះ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅពេលនេះ​ដំណាំ​ទាំងអស់នោះ បាន​ងាប់​ដូច​បំណង​របស់​ពលរដ្ឋ និង​ទាហាន​វៀតណាម​ហើយ។ លោក​ម៉ៅ មុនី​វណ្ណ បាន​ហៅ​ទង្វើ​របស់​ពលរដ្ឋ និង​ទាហាន​វៀតណាម​នោះ​ថា គឺជា​ការមើលស្រាល​លើ​រដ្ឋាភិបាល និង អធិបតេយ្យភាព​ជាតិរ​បស់​កម្ពុជា។

លោក​ម៉ៅ មុនី​វណ្ណ៖ “ ដំឡូង​ក៏​ងាប់ ពោត​ក៏​ងាប់ ហើយ​យើង​ឃើញថា ទិដ្ឋភាព​បែបនេះ គឺថា គេ​ធ្វើ​នេះ​ដូចជា​មើលស្រាល​មកដល់​រដ្ឋាភិបាល​របស់​យើង​ហើយនឹង​អធិបតេយ្យភាព​ជាតិ​យើង​ណាស់ ។ អ៊ីចឹង​រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​គូរ​តែ​កោះ​អ​ញ្ចើ​ញ​ស្ថានទូត​វៀតណាម​មក​សួរនាំ​រឿងនេះ​ឲ្យ​បានច្បាស់លាស់​បាទ “។

សូមបញ្ជាក់ថា ហេតុការណ៍​នៃ​ការ​ចូលមក​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ទាហាន​វៀតណាម​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី១៩ មេសា កន្លងទៅ។ ចំពោះ​ហេតុការណ៍​នេះ កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា បាន​បកស្រាយ​បញ្ជាក់ប្រាប់​លោក​ម៉ៅ មុនី​វណ្ណ និង​គណៈប្រតិភូ​ថា ដោយសារតែ​ពួកគេ​បាន​ជាប់​ទៅ​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ទើប​មិនបាន​ដឹងថា ពលរដ្ឋ និង​ទាហាន​វៀតណាម​ចូលមក​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ដូច្នេះ។ សម្រាប់​លោក​ម៉ៅ មុនី​វណ្ណ ការដែល​ពលរដ្ឋ និង​ទាហាន​វៀតណាម​ចូលមក​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរលើ​ទឹកដី​ខ្មែរ​បែបនេះ គឺ មានបំណង​ចង់បាន ទឹកដី​ខ្មែរ។

ក្រសួងមហាផ្ទៃ​កម្ពុជា មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​នោះទេ​ចំពោះ​ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ និង​ទាហាន​វៀតណាម បាន​ចូលមក​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ និង​បំពាន​ដែន​អធិបតេយ្យភាព​កម្ពុជា​នេះ។

យ៉ាងណាក៏ដោយ លោក​ម៉ៅ មុនី​វណ្ណ បាន​លើកឡើងថា លោក​នឹង​រាយការណ៍​រឿងនេះ​ទៅកាន់​ថ្នាក់ដឹកនាំ​រដ្ឋសភា ដើម្បី​ធ្វើ​អន្តរាគមន៍។ ជាមួយគ្នានេះ លោក​ក៏​គ្រោង​នឹង​កោះ​អ​ញើញ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​គណៈកម្មការ​ព្រំដែន ដើម្បី​ធ្វើការ​បកស្រាយ និង​បំភ្លឺ​ចំពោះ​ករណីនេះ​ផងដែរ។ បន្ថែម​លើ​នេះ លោក​ម៉ៅ មុនី​វណ្ណ បាន​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ និង​មិនមាន​វិធានការ​អ្វី​ទេនោះ លោក​នឹង​សូម​ការគាំទ្រ​ពី​តំណាងរាស្ត្រ​ផ្សេងទៀត ដើម្បី​ធ្វើ​ញត្តិ​ស្តីបន្ទោស​រដ្ឋាភិបាល​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ