អានតួអត្ថបទ
កម្ពជា

បោះឆ្នោត​ជាតិ​​នៅថ្ងៃនេះ ​គឺជា​​ការ​បោះឆ្នោត​​លើក​​ទី៦​ហើយ​​គិត​​ចាប់​តាំង​ពី​​ឆ្នាំ​១៩៩៣​មក​

ថ្ងៃទី២៩ កក្កដា​នេះ គឺ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦នៅក្នុង​ប្រទេស​កម្ពុជា។ ឆ្លៀតឱកាស​នេះ វណ្ណ សុគន្ធា សូម​នាំ​លោកអ្នក​ស្តាប់​ទាំងអស់​ទៅ​ស្វែងយល់​ពី​ប្រវត្តិ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៣មកដល់​ឆ្នាំ២០១៨នេះ។

គ.ជ.ប
គ.ជ.ប @Google
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បិទ​បញ្ចប់​របប​ខ្មែរក្រហម​ក្នុង​ឆ្នាំ១៩៧៩មក ប្រទេស​កម្ពុជា​បានចាប់ផ្តើម​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​បង្កើត​រដ្ឋាភិបាល​ឡើងវិញ និង​ជា​លើកដំបូង​នៃ​សករាជ​ថ្មី​នៅក្នុង​ឆ្នាំ១៩៩៣។ ការបោះឆ្នោត​នាពេលនោះ ត្រូវបាន​រៀបចំឡើង​ដោយ​អាជ្ញាធរ​អន្តរកាល​នៃ​អង្គការសហប្រជាជាតិ​ឫ​ហៅ​កាត់​ថា​អ៊ុនតាក់។ ការបោះឆ្នោត​អាណត្តិ​ទីមួយ​នេះ មាន​គណបក្សនយោបាយ​ចំនួន២០បាន​ចូលរួម​ប្រកួតប្រជែង និង មាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ប្រមាណ​ជាង៤លាន​នាក់​ឫ ប្រមាណ​ជិត៩០%(៨៩,៦%)។ លទ្ធផល​បោះឆ្នោត​នៅពេលនោះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន៥៨អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា៥១អាសនៈ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​របស់លោក​សឺ​ន សាន បាន១០អាសនៈ និង​គណបក្ស​ម៉ូលីណាកា បាន១អាសនៈ​នៅក្នុង​ចំណោម​អាសនៈ១២០នៅក្នុង​សភា។

រំលង៥ឆ្នាំ គឺ​នៅក្នុង១៩៩៨ ការបោះឆ្នោត​អាណត្តិ២ត្រូវ​បានរៀបចំ​ធ្វើឡើង។ តែ​ការបោះឆ្នោត​លើក​នេះ គឺធ្វើឡើង​ដោយ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​កម្ពុជា។ ខុសពី​អាណត្តិ​ទី១ អាណត្តិ​ទី២នេះ ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​ត្រូវបាន​បង្កើន​ដល់១២២កៅអី។ ការបោះឆ្នោត​នេះ មាន​គណបក្ស​ចូលរួម​ចំនួន៣៦ ហើយ​អ្នក​មានឈ្មោះ​បោះឆ្នោត​មាន ៥លាន៣សែន​នាក់​និង​អ្នក​បាន​បោះឆ្នោត​មាន​ចំនួន៩៣,៧%។ ជា​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន៦៤កៅអី ហ្វ៊ុនស៊ិនប៉ិច ៤៣កៅអី និង​គណបក្ស​សម រង្ស៊ី ទទួលបាន១៥កៅអី។

ឆ្នាំ២០០៣ គឺជា​ការបោះឆ្នោត​លើក​ទី៣នៅក្នុង​ប្រទេស​កម្ពុជា។ ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា​នា​អាណត្តិ​នេះ បាន​បង្កើន​បន្ថែមទៀត​ក្នុង​ចំនួន១២៣កៅអី។ ប៉ុន្តែ​ចំនួន​គណបក្សនយោបាយ​ចូលរួម​នៅក្នុង​ការបោះឆ្នោត​មានការ​ធ្លាក់​ចុះមក​សល់​ត្រឹមតែ៧គណបក្ស។ ចំណែក​ចំនួន​អ្នក​មានឈ្មោះ​បោះឆ្នោត​បាន​កើនឡើង​ដល់៦,៣លាន ហើយ​អត្រា​អ្នក​ទៅ​បោះឆ្នោត​វិញ​គឺមាន៨៣,២៨ភាគរយ។ លទ្ធផល​ពេលនោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្តោប​ក្តាប់​ដល់៧៣កៅអី ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានតែ២៦កៅអី និង​គណបក្ស​សម រង្ស៊ី បានតែ២៤កៅអី​ប៉ុណ្ណោះ។

មកដល់​ឆ្នាំ២០០៨ អាសនៈ​នៅក្នុង​រដ្ឋសភា​បាន​រក្សា​ចំនួន១២៣ដដែល។ ការបោះឆ្នោត​អាណត្តិ​ទី៤នេះ មាន​គណបក្ស​ចូលរួម​ចំនួន១០ ហើយ​ចំនួន​អ្នក​មានឈ្មោះ​បោះឆ្នោត​គឺ ៨លាន១សែន​នាក់ និង​អត្រា​ទៅ​បោះឆ្នោត៧៥ភាគរយ។ ការបោះឆ្នោត​លើក​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ភ្លូកទឹកភ្លូកដី​តែម្តង​ដោយ​ទទួលបាន​អាសនៈ​ដល់៩០កៅអី​ឯណេះ។ សល់​ពីនេះ គណបក្ស​សម រង្ស៊ី បាន២៦កៅអី គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា នាពេលនោះ បាន៣កៅអី។ ចំណែក​គណបក្ស​នរោត្តម​រណ​ឬ​ទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានត្រឹមតែ​ចែកគ្នា​ម្នាក់២កៅអី​ប៉ុណ្ណេះ ដែលជា​ផ្លែផ្កា​នៃ​ការបែកបាក់​គ្នា។

លុះ​មកដល់​ឆ្នាំ២០១៣ដែលជា​អាណត្តិ​ទី៥ ការបោះឆ្នោត​នៅ​កម្ពុជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង។ ការបោះឆ្នោត​នេះ គឺ​ចំនួន​អ្នកមាន​ឈ្មោះ​ទៅ​បោះឆ្នោត​មាន៩លាន៦សែន​នាក់ តែ​អត្រា​អ្នក​ទៅ​បោះឆ្នោត​បានតែ៦៩,៩ភាគរយ។ បើទោះបី​គណបក្សនយោបាយ៨បាន​ចូលរួម​ប្រកួតប្រជែង​ក៏ដោយ ប៉ុន្តែ​ចុងក្រោយ​មានតែ​គណបក្សនយោបាយ​ពីរ​ប៉ុណ្ណោះ​ដែល​គ្រប់គ្រង​ក្នុង​រដ្ឋសភា​ខ្មែរ គឺ​គណ​ក្ស​ប្រជាជន​កម្ពុ​ជាមាន៦៨អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន៥៥ អាសនៈ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​កៅអី​ច្រើន​នេះ គឺ​កើតចេញពី​ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស​សម រង្ស៊ី​របស់លោក​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា។

ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នេះ លែង​មានមុខ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​អាណត្តិ​ទី៦នៅក្នុង​ឆ្នាំ២០១៨នេះ​ទៀតហើយ ព្រោះ​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​បានសម្រេច​រំលាយចោល​នៅក្នុង២០១៧ក្រោយ​ការបោះឆ្នោត​ឃុំ សង្កាត់ ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្បត់ជាតិ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ត្បិត​ថា អត់​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី៦នេះ មានការ​ចូលរួម​ពី​គណបក្សនយោបាយ​ចំនួន២០ ដែលមាន​ទាំង​បក្ស​ចាស់ និង​បក្ស​ទើបតែ​បង្កើត​ថ្មី។ អ្វី​ជាការ​កត់សម្គាល់ ចំនួន​អាសនៈ​រដ្ឋសភា​នៅ​អាណត្តិ​ថ្មី​នេះ ត្រូវបាន​បង្កើន​ដល់​ទៅ១២៥អាសនៈ ដោយ​ដំឡើង​អាសនៈ​សម្រាប់​ខេត្ត​ព្រះសីហនុ​ពី ១អាសនៈ​ទៅ៣អាសនៈ។ ចំណែក​អ្នកមាន​ឈ្មោះ​ទៅ​បោះឆ្នោត​វិញ មាន​ចំនួន៨លាន៤សែន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ