អានតួអត្ថបទ
ចិន-ជប៉ុន

ប៉េកាំង​បដិសេធ​មិន​​បាន​ប្រើ​រ៉ាដា​ដូច​ការ​ចោទ​ប្រកាន់​របស់​ជប៉ុន

បន្ទាប់​ពី​បាន​ប្រកាស​បើក​ធ្វើ​អង្កេត​ នៅ​ថ្ងៃ​សុក្រ​នេះ ក្រុង​ប៉េកាំង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បដិសេធ​ ការ​ចោទ​ប្រកាន់​របស់​ជប៉ុន ដែល​​ថា​មាន​នាវា​ចម្បាំង​ចិន​មួយ​គ្រឿង​បាន​ប្រើ​រ៉ាដា សម្រាប់​កំណត់​គោលដៅ​បាញ់ ចាប់ទៅលើ​នាវា​របស់​ជប៉ុន កាលពី​ថ្ងៃ​ទី​៣០​មករា​ឆ្នាំ​២០១៣។ការ​បដិសេធរបស់​ចិន ​ទទួល​បាន​ប្រតិកម្ម​យ៉ាង​ទាន់​ហន់ គឺ​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ចូល​ជួប​ ជា​លើក​ទី​ពីរ​ ក្នុង​ពេល​តែ​មួយ​សប្តាហ៍។

នាវា​ឆ្មាំ​សមុទ្ទ​ជប៉ុន​ ដេញ​តាម​នាវាត្បាត​ចិន​លេខ​៥១
នាវា​ឆ្មាំ​សមុទ្ទ​ជប៉ុន​ ដេញ​តាម​នាវាត្បាត​ចិន​លេខ​៥១ © Reuters
ផ្សាយពាណិជ្ជកម្ម

“អ្វី​ដែល​ជប៉ុន​បាន​លើក​ឡើង​ សុទ្ធ​តែ​ខុស​ពី​ការ​ពិត​ទាំង​អស់” ! នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​ចិន ដែល​បញ្ជូន​តាម​ទូរសារ​មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។ នៅ​ថ្ងៃ​ទី ១៩ និង ៣០​មករា នាវា​របស់​ចិន​មិន​បាន​ប្រើ​រ៉ាដា​សម្រាប់​កំនត់​គោលដៅ​បាញ់​ឡើយ !។

 
ជប៉ុន​បាន​សម្រេច​ជា​ឯកតោភាគី ផ្តល់​ព័ត៌មាន​ទៅ​កាន់​ប្រព័ន្ធ​ឃោសនា​​នូវ​ដំណឹង​មិន​ពិត ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជប៉ុនបាន​ធ្វើ​ចំណាប់​អារម្មណ៍​របៀប​គ្មាន​ទំនួល​ខុស​ត្រូវ​ ដើម្បី​បង្ហាញ​ថា​​ “មាន​ការ​គំរាម​កំហែង​ពី​ចិន”។ នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​​របស់​ក្រសួង​ការពារ​ជាតិ​ចិន។

​កាលពី​ថ្ងៃ​អង្គារ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​ប្រកាស​ថា​នាវា​ចម្បាំង​ចិន​បាន​ប្រើ​រ៉ាដា ​សម្រាប់​កំណត់​គោលដៅ​បាញ់ ចាប់ទៅលើ​នាវា​របស់​ជប៉ុន នៅ​ថ្ងៃ​ទី​៣០​មករា និង​ទៅ​លើ​ឧទ្ធម្ភាគចក្រ​នៅ​ថ្ងៃ​ទី​១៩​មករាកន្លង​ទៅ។ ទង្វើ​របស់​ចិនបែប​​នេះ ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​យល់​ថា​ជា​ការ​សោកស្តាយ​ពន់​ពេក។ ប៉ុន្តែ​សម្រាប់​ចិន ដែល​ស្ងាត់​រហូត​មក ទើប​ឆ្លើយ​តប​នៅ​ថ្ងៃ​ម្សិលមិញ​​​ ចោទប្រកាន់​ថា ជប៉ុន​មាន​បំណង​ចង់​បង្ខូច​រូបភាព​ចិន ហើយ​បាន​ប្រកាស​បើក​ធ្វើ​អង្កេត​ជុំ​វិញ​សំណុំ​រឿង​នេះ។

គ្រាន់​តែ​បាន​ឮ​សេចក្តី​ថ្លែងការណ៍​បដិសេធ​របស់​ចិនភ្លាម ក្រសួង​ការ​បរទេស​ជប៉ុន​បាន​កោះ​ហៅ​ជា​ថ្មី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​តូក្យូ​ចូល​ជួប​ភ្លាម​ជា​បន្ទាន់​នៅ​ថ្ងៃ​នេះ​ ព្រោះ​ចាត់​ទុក​​សេចក្តី​បំភ្លឺ​របស់​ចិន ថា​មិន​អាច​ទទួល​យក​បាន​ឡើយ។

ជម្លោះ​ចិន-ជប៉ុន​ដែល​បណ្តាល​មក​ពី​ការ​ដណ្តើម​បូរណភាព​ដែន​ប្រជុំ​កោះ​ គ្មាន​មនុស្ស​រស់​នៅ​​ សេនកាគូ ជា​ភាសា​ជប៉ុន ឬ ទាវយូ​ ជា​ភាសា​ចិន បាន​រាល​ដាល​ដល់​ការ​ប្រើ​ប្រាស់​នាវា​យោធា​បង្អួត​ចង្កូម​ដាក់​គ្នា នៅក្នុង​សមុទ្ទ​ចិន​ខាង​កើត រហូត​ដល់​អ្នក​វិភាគ​ខ្លះ​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជា​យថាហេតុ​ផង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ