អានតួអត្ថបទ
ជប៉ុន-ចិន

នាយករដ្ឋមន្រ្តី​ជប៉ុន​បញ្ជូន​បេសកជន​ទៅ​ជួប​លោក​ស៊ី ជីនពីង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង

បេសកជនពិសេស​របស់​លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ចូលជួប​លោក​ស៊ី ជីនពីង អនាគត​ប្រធានាធិបតី​ចិន នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​តែ​ប្រឈមមុខ​ដាក់គ្នា​ ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ។ នេះ​អាច​រាប់ថា​ជា​កាយវិកា​ជា​វិជ្ជមាន​ដ៏សំខាន់​មួយ នៅក្នុងទំនាក់ទំនង​ចិន-ជប៉ុន ចាប់តាំង​ពី​គណបក្ស​អភិរក្ស​និយម​ជប៉ុន​ឈ្នះឆ្នោត​ឡើងកាន់អំណាច។

លោក​ស៊ី ជីនពីង (ស្តាំ) ទទួលជួប​បេសកជន​ជប៉ុន ថ្ងៃ​សុក្រ ២៥ មករា ២០១៣
លោក​ស៊ី ជីនពីង (ស្តាំ) ទទួលជួប​បេសកជន​ជប៉ុន ថ្ងៃ​សុក្រ ២៥ មករា ២០១៣ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

លោក​ណាត់ស៊ូអូ យ៉ាម៉ាហ្គូឈី (Natsuo Yamaguchi) ដែល​ជា​ប្រធានគណបក្ស​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជប៉ុន បាននាំ​មក​ជាមួយ​នូវ​លិខិត​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដើម្បី​ប្រគល់​ជូន​លោក​ស៊ី ជីនពីង អគ្គលេខា​បក្ស​កុម្មុយនិស្ត​ចិន ដែល​នឹង​ត្រូវ​ស្នងតំណែង​ប្រធានាធិបតី ពី​លោក​ហ៊ូ ជីនតាវ នៅ​ខែ​មីនា​ខាងមុខ។ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ក្នុង​លិខិត​នេះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​គូស​បញ្ជាក់ថា ទំនាក់ទំនង​ចិន-ជប៉ុន គឺ​ជា​ទំនាក់ទំនង​ទ្វេភាគី​ដ៏សំខាន់​បំផុត​មួយ ហើយ​លោក​មាន​​ចេតនា​ចង់​ឃើញ​​ប្រទេស​ទាំងពីរ​បង្កើន​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្រ្ត ដើម្បី​ផលប្រយោជន៍​ទាំងសងខាង។

បេសកជនពិសេស​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​វិញ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​បំណង​ចង់​ឈាន​មួយជំហាន​ទៅរក​ចិន ដើម្បី​បើកផ្លូវ​ឆ្ពោះ​ទៅ​ការ​ស្តារ​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ។ លោក​យ៉ាម៉ាហ្គូឈី​​​ក៏​បាន​រៀបរាប់​ឲ្យដឹង​ផងដែរ​ថា នៅក្នុង​ជំនួប​​នៅ​ថ្ងៃ​សុក្រ​នេះ លោក និង​ ​លោក​ស៊ី ជីនពីង បាន​ឯកភាព​គ្នា​ថា ចិន និង​ជប៉ុន​ត្រូវ​តែ​បន្ត​ការ​ជជែក​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅរក​ការ​បើក​ជំនួបកំពូល​រវាង​ប្រមុខដឹកនាំ​នៃ​ប្រទេសទាំងពីរ។

ចំពោះ​បញ្ហា​ជម្លោះ​ដណ្តើម​ប្រជុំកោះ​វិញ លោក​យ៉ាម៉ាហ្គូឈី បាន​អះអាង​ថា លោក​មិនបាន​លើក​យក​រឿងនេះ​មក​ជជែក​ជាមួយ​នឹង​លោក​ស៊ី ជីនពីង​នោះទេ ក៏ប៉ុន្តែ លោក​មាន​សុទិដ្ឋិនិយម​ថា ជប៉ុន​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​នឹង​ចិន​បាន។

លោក​ស៊ី ជីនពីង​វិញ នៅ​ក្នុង​ជំនួប​ជាមួយ​បេសកជន​ជប៉ុន​នេះ បាន​ទទូច​ឲ្យ​ជប៉ុន​សហការ​ជាមួយ​ចិន ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​តាមរយៈ​ការ​ជជែក​ពិភាក្សា​គ្នា ហើយ​ថា ​ជប៉ុន​​ចាំបាច់​ត្រូវ​តែ​គិតគូរ​អំពី​បរិបទ​ប្រវត្តិសាស្រ្ត​រវាង​ប្រទេស​ទាំងពីរ និង​អំពី​អារម្មណ៍​របស់​ប្រជាជន​ចិន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន។

គួររំឭកឡើងវិញ​ថា ជម្លោះ​ជុំវិញ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ បាន​កើនឡើង​ខ្លាំង កាល​ពី​ខែ​កញ្ញា​មុន ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រមូលទិញ​កូនកោះ​ពី​​ឯកជន​មក​ដាក់​ជា​សម្បត្តិរដ្ឋ។ ជប៉ុន​បាន​ចាប់ផ្តើម​ចូល​កាន់កាប់​ប្រជុំកោះ​នេះ កាល​ពី​ឆ្នាំ​១៨៩៥។ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២ ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​អាមេរិក។ អាមេរិក​បាន​ប្រគល់​ប្រជុំកោះ​នេះ​ទៅ​ឲ្យ​ជប៉ុន​វិញ នៅ​ឆ្នាំ​១៩៧៥ ក៏ប៉ុន្តែ ចិន និង​តៃវ៉ាន់ បាន​តវ៉ា​ជំទាស់​ ដោយ​ទាមទារ​ថា ប្រជុំកោះ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដែល​​ជប៉ុន​ដណ្តើម​យក​ទៅកាន់កាប់។

ចិន​បាន​ដាក់​សំណើ​មួយ​​សុំ​ឲ្យ​អ.ស.ប.​ ​ធ្វើការ​ពិនិត្យ​ និង​សម្រេច នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ អំពី​ការ​ទាមទារ​របស់​ចិន។ ក៏ប៉ុន្តែ ជប៉ុនវិញ​មិនចង់​ឲ្យ​អ.ស.ប.​ចូល​ធ្វើ​អន្តរាគមន៍ នៅ​ក្នុង​ជម្លោះ​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ