អានតួអត្ថបទ
អេហ្ស៊ីប-តួកគី

អេហ្ស៊ីប​បណ្តេញ​ឯកអគ្គរដ្ឋទូត​តួកគី​ពី​ទឹកដី​ខ្លួន​ តួកគី​​សន្យា​​ចាត់​វិធានការ​​សងសឹក​​ដូចគ្នា​​

នៅថ្ងៃ​សៅរ៍​​នេះ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​សំរេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​តួកគី​ចេញពី​ទឹកដី​របស់​ខ្លួន ហើយ​ក៏បានប្រកាស​​បន្ថយ​តំណាង​ទូត​របស់ខ្លួន​ នៅ​តួកគី​ផងដែរ។ តួកគី​បានប្រតិកម្ម​តប​ទៅវិញថា ខ្លួន​នឹង​ចាត់​វិធានការ​ដូចគ្នា​តប​ទៅនឹងអេហ្ស៊ីបវិញដែរ។ ទំនាក់ទំនង​រវាង​អេហ្ស៊ីប​និង​តួកគី​បានចាប់តានតឹង​នឹងគ្នា ចាប់ពី​ពេល​ដែល​កងទ័ពអេហ្ស៊ីប​បាន​ទំលាក់​អតីត​ប្រធានាធិបតី មរស៊ី ពីតំណែង​ កាលពី​ដើមខែកក្កដា។ តួកគី​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​យោធា​ស្តីទី​ថ្មី​របស់​អេហ្ស៊ីប​នោះទេ។

លោក Huseyin Avni Botsali ឯកអគ្គរដ្ឋទូត​​តួកគី​ ប្រចាំក្រុងគែរ​ នៅអេហ្ស៊ីប ត្រូវ​បាន​រដ្ឋាភិបាល​អេហ្ស៊ីប​បណ្តេញ​ចេញពី​​ទឹកដី​អេហ្ស៊ីប
លោក Huseyin Avni Botsali ឯកអគ្គរដ្ឋទូត​​តួកគី​ ប្រចាំក្រុងគែរ​ នៅអេហ្ស៊ីប ត្រូវ​បាន​រដ្ឋាភិបាល​អេហ្ស៊ីប​បណ្តេញ​ចេញពី​​ទឹកដី​អេហ្ស៊ីប REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​​​នេះ លោក​ ហ៊ូសេយីន អាវនី បុតសាលី Huseyin Avni Botsali ឯកអគ្គរដ្ឋទូត​តួកគី​​ប្រចាំក្រុងគែរ ប្រទេស​អេហ្ស៊ីប ត្រូវបាន​រដ្ឋាភិបាល​អេហ្ស៊ីប​​​បណ្តេញ​ ចេញពី​ទឹកដី​របស់​ខ្លួន។ រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប​​ក៏បាន​ចាត់វិធានការ​​បន្ថយ​តំណាង​ទូត​របស់​ខ្លួន នៅ​ក្រុងអាការ៉ា ប្រទេស​តួកគី​ផងដែរ។ អេហ្ស៊ីប​ប្រាប់ថា លោក អាប់ដេរ៉ាម៉ាន់ សាឡា អេលឌីន Abderahman​ Salah Eldin ឯកអគ្គទូត​អេហ្ស៊ីប​នៅតួកគី​នោះ នឹង​មិន​ត្រលប់​ទៅ​បំពេញការងារខ្លួន​​នៅតួកគី​ទៀតទេ។

រដ្ឋាភិបាល​​តួកគី​បានប្រតិកម្ម​តប​​វិញថា ខ្លួន​នឹង​ចាត់​វិធានការ​ដូចគ្នា​តប​ទៅនឹង​រដ្ឋាភិបាល​អេហ្ស៊ីបវិញជាមិនខាន។ គួររំលឹកថា សកម្មភាព​​របស់​​កងទ័ពអេហ្ស៊ីបក្នុង​ការ​​ទំលាក់​អតីត​ប្រធានាធិបតី ម៉ូហាមេដ មរស៊ី ពីតំណែង​ កាលពី​ដើមខែកក្កដាកន្លងទៅ​នោះ ត្រូវបាន​នាយករដ្ឋមន្ត្រី​តួកគី គឺលោក រេសិប តៃយីព អ៊ែរដូហ្កាន Recep Tayip Erdogan ​​​ចាត់ទុកថា ជា​រដ្ឋប្រហារ​សុទ្ធសាធ។

នាយករដ្ឋមន្ត្រី​តួកគី​ដែល​ជិតដិត​ទៅនឹង​ក្រុមភាតរអ៊ីស្លាម​របស់​អតីតប្រធានាធិបតី​មរស៊ី​នោះ ថែមទាំង​បាន​បរិហារ​រិះគន់ សកម្មភាពកងទ័ព​អេហ្ស៊ីប​​ ដែល​បានប្រើ​ហិង្សា​​បង្ក្រាប​ក្រុមបាតុករ​ ធ្វើអោយ​មនុស្ស​ជាងមួយពាន់​នាក់ស្លាប់ និង​រាប់ពាន់​នាក់ទៀត​ត្រូវចាប់​ខ្លួន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​​កន្លងទៅ​  ​លោកអ៊ែរដូហ្កាន​បាន​លើកឡើងថា លោក​​មិន​គោរព​បណ្តា​ជន​ដែល​បាន​នាំ​ខ្លួន​លោកមរស៊ី​ទៅកាន់តុលាការ​នោះទេ។ នាយករដ្ឋមន្ត្រី​តួកគី​ចង់សំដៅ​ពី​តុលាការ​ដែលបាន​កាត់ក្តី​រូបលោក​មរស៊ី ពីបទ​ញុះញង់​អោយមាន​អំពើ​ឃាតកម្ម​ ក្នុង​បាតុកម្ម​​ខែធ្នូ​ឆ្នាំ២០១២ កន្លងមក នៅ​អេហ្ស៊ីប។

រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីប​បាន​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​តួកគី​ថា ជា​ការលូកលាន់​ចូល​ក្នុង​កិច្ចការផ្ទៃក្នុង​​របស់​ខ្លួន ហើយ​បាន​សំរេច​បណ្តេញចេញ​ឯកអគ្គរដ្ឋទូត​តួកគី​ពីទឹកដី​អេហ្ស៊ីប។​
អេហ្ស៊ីប​ថែមទាំង​ចោទ​តួកគី​ទៀតថា បាន​​គាំទ្រ​បណ្តា​ក្រុម​ដែល​ចង់​បង្កអស្ថិរភាព​នៅអេហ្ស៊ីប។ រដ្ឋាភិបាល​អេហ្ស៊ីប​ចង់សំដៅ​ថា តួកគី​គាំទ្រ​ក្រុមភាតរអ៊ីស្លាម​របស់​អតីត​ប្រធានាធិបតី​​មរស៊ី​នោះឯង។ អេហ្ស៊ីប​ក៏បាន​​បន្ទោស​តួកគី​ផងដែរ​ថា បាន​​ថ្លែងការណ៍​​ធ្វើអោយ​​សហគមន៍​អន្តរជាតិ​​ប្រឆាំង​នឹង​ប្រយោជន៍​របស់​អេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ