អានតួអត្ថបទ
អឺរ៉ុប -​ Brics

ពួក​ប្រទេស Brics មក​ជួយ​ពួក​ប្រទេស​ចាយ​លុយ អឺរ៉ូ ?

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កញ្ញា​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា​FMI ត្រូវ​បើក​សន្និបាត នៅ​ទីស្នាក់ការ​របស់​ខ្លួន ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ សន្និបាត​នៃ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​ពេល​មួយ​ដែល​តំបន់​ចាយ​លុយ​អឺរ៉ូ​កំពុង​លង់​ខ្លួន​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ដ្បិត​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក។ នៅ​ក្នុង​បរិបទ​បែប​នេះ បណ្តា​ប្រទេស​Brics ពោល​គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ អាច​នឹង​សម្រេច​ចិត្ត​ជួយ​ទិញ​មូលបត្រ​បំណុល​របស់​តំបន់​ចាយ​លុយ​អឺរ៉ូ។ សម្រាប់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ថ្មីថ្មោង​ទាំង​នេះ ការ​ទិញ​ភាគហ៊ុន​របស់​ប្រទេស​ចាយ​លុយ​អឺរ៉ូ​អាច​នឹង​នាំ​មក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ។

បណ្តា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ថ្មីថ្មោងBrics ចង់​ជួយ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ
បណ្តា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ថ្មីថ្មោងBrics ចង់​ជួយ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ REUTERS/Paul Hanna
ផ្សាយពាណិជ្ជកម្ម

 

វិបត្តិ​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ គឺ​ជា​ប្រធានបទ​សំខាន់​ជាង​គេ​បង្អស់​មួយ​នៃ​សន្និបាត​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ដែល​ផ្តើម​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កញ្ញា​នេះ។ ពីព្រោះ​ទោះ​បី​ជា​ក្នុង​ខណៈ​នេះ វិបត្តិ​សេដ្ឋកិច្ច​កំពុង​យាយី​ តែ​តំបន់​ចាយ​លុយ​អឺរ៉ូ​ក៏​ដោយ ក៏​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ដែល​គេ​ហៅ​ថា​ក្រុម​២០​ប្រទេស​ឬ G20 បារម្ភ​ខ្លាំង​ឡើងៗ​ខ្លាច​វិបត្តិ​សេដ្ឋកិច្ច​អឺរ៉ុប​រីករាលដាល​ឆ្លង​ពាស​ពេញ​ពិភពលោក។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្រៅ​ក្របខ័ណ្ឌ​សន្និបាត​របស់​FMI នឹង​មាន​រៀប​ចំ​ឡើង​នូវ​កិច្ច​ប្រជុំ​ពីរ​ផ្សេង​ទៀត។ ទីមួយ ជា​ជំនួប​រវាង​បណ្តា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​G20 និង​ទី​ពីរ​ជា​ជំនួប​រវាង​បណ្តា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​Brics ពោល​គឺ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង​ជាង​គេ នោះ​គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន​និង​អាហ្វ្រិក​ខាង​ត្បូង។

តើ​ប្រទេស​Brics អាច​នឹង​សម្រេច​ធ្វើ​អ្វី​ខ្លះ? តើ​ប្រទេស​Brics​ដែល​សុទ្ធ​សឹង​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ថ្មីថ្មោង​អាច​នឹង​មូល​មតិ​គ្នា​ដើម្បី​ជួយ​ស្រោច​ស្រង់​តំបន់​ចាយ​លុយ​អឺរ៉ូ​ដែរ​ឬ​ទេ? ទាំង​អស់​នេះ សុទ្ធសឹង​ជា​សំណួរ​ដែល​ម្នាក់ៗ​រង់​ចាំ​អ៊ុត​មើល​ចម្លើយ។

Brics អាច​នឹង​ជួយ​ទិញ​មូលបត្រ​បំណុល​
 
ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ​អាហ្វ្រិក​ខាង​ត្បូង​និង​ជាពិសេស​ចិន​ជា​ប្រទេស​ដែល​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ដៃ គឺ​ជា​សរុប​ប្រមាណ​៤​រយ​៣០​ម៉ឺន​លាន​ដុល្លារ ក្នុង​នោះ​៣​ភាគ​៤​ឋិត​នៅ​ក្នុង​ដៃ​របស់​ប្រទេស​ចិន។ ម្ល៉ោះ​ហើយ ប្រទេស​ទាំង​នេះ​អាច​នឹង​ជួយ​ទិញ​មូលបត្រ​បំណុល​របស់​ប្រទេស​អឺរ៉ុប​ណា​ដែល​ហៀប​នឹង​ក្ស័យ​ធន ដូច​ជា​ក្រិក អ៊ីតាលី និង​អេស្ប៉ាញ​ជា​ដើម។ ហើយ​នេះ​គឺ​ជា​គំនិត​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រទេស​ប្រេស៊ីល។ ប្រេស៊ីល​ចង់​ឲ្យ​បណ្តា​ប្រទេស​Brics មូល​មតិ​គ្នា​ទិញ​យក អ្នក​នេះ​បន្តិច អ្នក​នោះ​បន្តិច មូលបត្រ​បំណុល​របស់​ប្រទេស​អឺរ៉ុប​ណា​ដែល​ជំពាក់​លុយ​គេ​វ័ណ្ឌ​ក។ ដើម្បី​បញ្ចុះ​បញ្ចូល​ចិន ឥណ្ឌា រុស្ស៊ី​និង​អាហ្វ្រិក​ខាង​ត្បូង​ឲ្យ​ធ្វើ​បែប​នេះ ប្រេស៊ីល ពន្យល់​ថា តំបន់​ចាយ​លុយ​អឺរ៉ូ​សុទ្ធសឹង​ជា​អតិថិជន​សំខាន់ៗ​ បាន​ន័យ​ថា​សុទ្ធសឹង​ជា​ប្រទេស​ដែល​ទិញ​ផលិតផល​មក​ពី​ចិន ពី​ឥណ្ឌា​ឬ​ពី​ប្រេស៊ីល ម្ល៉ោះ​ហើយ​ជួយ​តំបន់​ចាយ​លុយ​អឺរ៉ូ គឺ​ជួយ​ខ្លួន​ឯង គឺ​ជួយ​ខ្ទប់​កុំ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​ធ្លាយ​ចេញ​ពី​ទ្វីប​អឺរ៉ុប រួច​ហើយ​រីក​រាល​ដាល​ពាស​ពេញ​ពិភពលោក គឺ​ជួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ដើរ​ថយ​ក្រោយ ជា​ថ្មី​ម្តង​ទៀត ដូច​នៅ​ឆ្នាំ​២០០៨-២០០៩។

ការ​ដែល​ប្រទេស​Brics អាច​ជួយ​ទិញ​មូលបត្រ​បំណុល​របស់​ប្រទេស​ក្រិក ឬ​របស់​ប្រទេស​អ៊ីតាលី​និង​យល់​ព្រម​ទិញ​មូលបត្រ​របស់​មូលនិធិ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ មិន​ពិត​ជា​អាច​ជួយ​ដោះស្រាយ​បាន​ទេ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។ ក៏​ប៉ុន្តែ​ធ្វើ​បែប​នេះ ប្រទេស​Brics​យ៉ាង​ហោច​ណាស់ ក៏​អាច​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ការ​កក់​ក្តៅ​ក្នុង​ចិត្ត​ឡើង​វិញ​ដែរ ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​វិញ និង​នៅ​ទីបំផុត​អាច​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​អន្តរជាតិ​មាន​ស្ថិរភាព​ឡើង​វិញ។

ប្រយោជន៍ដែលBricsអាចទាញយកបាន
 
បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​Brics ទាំង​៥ ពួត​ដៃ​គ្នា​ដើម្បី​ទិញ​ដំណាល​គ្នា​មូលបត្រ​បំណុល​នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ ពីព្រោះ​ទី​មួយ មហាយក្ស​ថ្មីថ្មោង​ទាំង​៥ គ្មាន​លុយ​នៅ​ក្នុង​ដៃ​ច្រើន​ដូច​គ្នា​នោះ​ទេ និង​ពីព្រោះ​ទី​ពីរ ការ​ទិញ​មូលបត្រ​បំណុល​របស់​ប្រទេស​ចាយ​លុយ​អឺរ៉ូ ដូច​ជា​របស់​ប្រទេស​ក្រិក អ៊ីតាលី អេស្ប៉ាញ និង​សូម្បី​តែ​របស់​បារាំង​គឺ​ជា​ហានិភ័យ​មួយ​ធំ ដ្បិត​បើ​ប្រទេស​ទាំង​អស់​នេះ​ក្ស័យ​ធន អ្នក​ខាត​មុន​គេ គឺ​អ្នក​ដែល​បាន​ទិញ​មូលបត្រ​បំណុល​នៃ​ប្រទេស​ទាំង​ហ្នឹង​តែ​ម្តង។

យ៉ាង​ណា​មិញ មាន​មូលហេតុ​នយោបាយ​មួយ​ចំនួន​ដែល​អាច​នឹង​ជំរុញ​ឲ្យ​ប្រទេស​Brics​យល់​ព្រម​ព្រៀង​គ្នា​ទិញ​មូលបត្រ​បំណុល​របស់​បណ្តា​ប្រទេស​ចាយ​លុយ​អឺរ៉ូ។ ឧទាហរណ៍ ចិន​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​សេដ្ឋកិច្ច​ផ្សារ​សេរី​សុទ្ធ​សាធ។ រុស្ស៊ី​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ រី​ឯ​ប្រេស៊ីល​និង​ឥណ្ឌា​វិញ​ចង់​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ ដោយ​ឡែក ទាំង​អស់​គ្នា ទាំង​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន​និង​អាហ្វ្រិក​ខាង​ត្បូង សុទ្ធ​តែ​ចង់​បាន​អាសនៈ​បន្ថែម​និង​ឥទ្ធិពល​បន្ថែម នៅ​ក្នុង​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​FMI។

តាម​រយៈ​ការ​យល់​ព្រម​ទិញ​មូលបត្រ​បំណុល​របស់​តំបន់​ចាយ​លុយ​អឺរ៉ូ ប្រទេស​Brics​អាច​នឹង​ដាក់​លក្ខខណ្ឌ​ និង​គាប​សង្កត់​ទៅ​លើ​សហភាព​អឺរ៉ុប ទៅ​លើ​ប្រទេស​អឺរ៉ុប​នីមួយៗ​ឲ្យ​ជួយ​ពួក​គេ​វិញ​ក្នុង​ការ​សម្រេច​គោលដៅ​នយោបាយ​ខាង​លើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ