អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ឡើង​កម្តៅ​ដាក់​គ្នា​នៅ​Cachemire

សម្ពាធ​តឹង​តឹង​អាច​នឹងធ្វើ​ឱ្យ​មាន​ការ​​ឆេះ​រោល​ជា​ថ្មី​រវាង​ ឥណ្ឌា​ និង​ប៉ាគីស្ថាន ! នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ៦​មករា ឆ្នាំ​២០១២ ទាហាន​ប៉ាគីស្ថាន​ម្នាក់​ បាន​ស្លាប់ និង​ម្នាក់រង​របួស នៅ​ក្នុង​ការ​បាញ់​រះ​ជាមួយ​នឹង​យោធា​ឥណ្ឌា នៅ​តាម​បណ្តោយ​ព្រំ​ដែន​Cachemire ទី​ដែល​ការ​ប៉ះទង្គិច​ដោយ​អាវុធ តែង​កើត​ឡើង​ជា​នឹង​ញាប់​ គិត​ចាប់​តាំង​ឆ្នាំ​១៩៧២​មក។ គឺ​យោធា​ប៉ាគីស្ថាន​ជា​អ្នក​ចេញ​សេចក្តី​ថ្លែងការណ៍​មុន ដោយ​គូសបញ្ជាក់ថា​ឥណ្ឌា​ជា​អ្នក​វាយប្រហារ​មុន។

ទាហាន​ឥណ្ឌា​កំពុង​យាម​ល្បាត​នៅ​តំបន់​កាស្សឺមៀរ​ឥណ្ឌា ដែល​កំពុង​មាន​ភាព​តានតឹង
ទាហាន​ឥណ្ឌា​កំពុង​យាម​ល្បាត​នៅ​តំបន់​កាស្សឺមៀរ​ឥណ្ឌា ដែល​កំពុង​មាន​ភាព​តានតឹង © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​ក្រុង​អ៊ីស្លាម៉ាបាដ ទាហាន​ឥណ្ឌា​ជា​អ្នក​បើក​យុទ្ធនាការ​បាញ់​រះ​មុន​ មក​លើ​ទីតាំង​យោធា​ប៉ាគីស្ថាន ត្រង់​ចំណុច Sawan Patra នៃ​តំបន់​Cachemire ដែល​ប្រទេស​ទាំង​ពីរ​ឈ្លោះ​ដណ្តើម​គ្នា។ យោធា​ប៉ាគីស្ថាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​លម្អិត ភ្លាម​មួយ​រំពេចថា បាន​​តប​ត និង​រុញច្រាន​​ការ​វាយប្រហារ​របស់​ទាហាន​ឥណ្ឌា ដោយ​មាន​ការ​បាញ់គ្នាទៅ​វិញ​មក​ ឆ្លង​កាត់​លើ​គំនូស​ខ្សែ​ព្រំដែន។ គំនូស​ដែល​កាលពីឆ្នាំ​១៩៧២ ឥណ្ឌា និង​ប៉ាគីស្ថាន បាន​ព្រមព្រៀង​គ្នា​គូស​​ខ័ណ្ឌ​ចែក​ប្រទេស​ទាំងពីរ តែ​បាន​ដាក់​ពង្រាយ​ទាហានរៀងៗខ្លួន​យាម​បណ្តោយ​ព្រំ​ដែន​នេះ។​

 
ប៉ុន្តែ​ខាង​ភាគី​ឥណ្ឌា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ អ្នក​នាំ​ពាក្យ​​យោធា​ឥណ្ឌា បាន​បក​ស្រាយ​ថា​មិន​បាន​​ឆ្លង​គំនូស​ព្រំ​ដែន​ទេ។ តែ​មាន​ការ​រំលោភ​បទ​ឈប់​បាញ់​​ពី​សំណាក់​ប៉ាគីស្ថាន ទើប​ក្រុម​យោធា​ឥណ្ឌា​បើក​ការ​បាញ់​រះ​ឡើង។

សូម​បញ្ជាក់ថា​ តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៧​មក ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ ឥណ្ឌា​ និង​បាគីស្ថាន​នេះ ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា​​បី​ដង​។ ក្រោយ​ពី​ស្ថានភាព​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ដុន​ដាប​ជា​ថ្មី​ នៅ​ឆ្នាំ​២០០៨​ ដោយ​ហេតុ​មាន​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ប៊ុមបេ ផ្តាច់​ជីវិតមនុស្ស​អស់​១៦៦​នាក់ ដែល​ឥណ្ឌា​ចោទ​ប្រកាន់​ថា​ប៉ាគីស្ថាន​ជា​អ្នក​ការពារ​មេកើយ​ភេរវនិយម​។

ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ ជះ​ឥទ្ធិពល​រីករាលដល់​អាហ្វហ្កានិស្ថាន។ ឥណ្ឌា​តែង​ផ្តល់​ជំនួយ​យោធា និង​សេដ្ឋកិច្ច​ដល់​អាហ្វហ្កានិស្ថាន។ ឯ​ប៉ាគីស្ថាន​មិន​អាច​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ពួក​អាល់កៃដា បាន​ពេញ​ទំហឹង​ដូច​សំណើ​អាមេរិក ដោយ​យក​លេស​ថា​គ្មាន​កម្លាំង​គ្រប់​ ព្រោះ​មួយ​ភាគ​ត្រូវ​ទៅ​ប្រចាំ​ការ​តាម​ព្រំដែន​ជាប់​ឥណ្ឌា។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​តែង​ខិត​សម្រួល​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង​វិញ។ កាលពី​ខែ​មុន អ៊ីស្លាម៉ាបាដ និង ញូដេលី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើ​ផ្នែក​ទិដ្ឋាការ ដើម្បី​សម្រួល​ដល់ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ