អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ខេត្ត​បាត់ដំបង​សម្រេច​ចិត្ត​បើក​​អាង​ទឹក​កំពីងពួយ​ដើម្បី​បញ្ចៀស​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​

នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរខេត្ត​បាត់ដំបង រួមជាមួយ​ក្រសួង​ធនធានទឹក និង​ក្រុមហ៊ុន​កូរ៉េ ដែល​ទទួលខុសត្រូវ​អាងទឹក​កំពីងពួយ បានសម្រេច​ចិត្ត​បើកទ្វារ​ទឹក​អាង​កំពីងពួយ ដើម្បី​ចៀសវាង​​កុំ​ឲ្យ​អាង​នេះ ស្តុក​ទឹក​ច្រើនពេក ហើយ​ធ្វើ​ឲ្យ​បាក់​បង្ក​ជា​ទឹកជំនន់​ក្នុង​ខេត្តបាត់ដំបង ​កាន់តែ​ធ្ងន់ធ្ងរ។ បើតាម​មន្ត្រី​ក្រសួង​ធនធានទឹក អាងទឹក​កំពីងពួយ​នេះ ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ ១៩៧៩ ប៉ុន្តែ​អាង​នេះ​មិនដែល​ស្តុក​ទឹក​លើសពី ១៣០លាន​ម៉ែត្រ​គូប ដូច​ពេលនេះ​នោះទេ។

ទិដ្ឋភាពទឹកជំនន់ នៅកម្ពុជា
ទិដ្ឋភាពទឹកជំនន់ នៅកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អាងទឹក​កំពីងពួយ ដែល​ស្ថិត​ក្នុងភូមិ​តា​ក្រៀម ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​អាជ្ញាធរ និង​មន្ត្រី​ក្រសួង​ធនធានទឹក រួមជាមួយ​ក្រុមហ៊ុន​កូរ៉េ ដែល​ទទួលខុសត្រូវ​ជួសជុល​អាង​នេះ សម្រេចចិត្ត​បើកទ្វារ​អាង​បង្ហូរទឹក​ចេញ នៅ​ម៉ោង​ប្រមាណ ២និង៣០រសៀល ថ្ងៃ​អង្គារ​នេះ។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅថ្ងៃនេះ​ថា មូលហេតុ​នៃ​ការបើកទ្វារ​ទម្លាយ​ទឹក​ចេញពី​អាង​នេះ គឺ​ដោយសារ​ទឹក​នៅក្នុង​អាង ទាំង​ទឹក​ចាស់ និង​ទឹកភ្លៀង​ដែល​ធ្លាក់ចូល មាន​បរិមាណ​ខ្ពស់ ដែល​អាច​បណ្តាល​ឲ្យ​ហូរ​បាក់​ខ្នង​ទំនប់​អាង។ ម្យ៉ាងទៀត អាងទឹក​កំពីងពួយ​នេះ​ស្ថិតក្រោម​ការជួសជុល​នៅឡើយ ដូច្នេះ​មាន​កន្លែង​ខ្លះ​ទាប និង​កន្លែង​ខ្លះ​ខ្ពស់ ជាហេតុ​ធ្វើ​ឲ្យ​អាង​មិនអាច​គ្រប់គ្រង​ទឹក​ឲ្យ​មាន​ស្ថិរភាព​បាន។

បើតាម លោក ចាន់ យុ​ត្ថា ប្រសិនបើ​គេ​មិន​បង្ហូរទឹក​នេះ​ចេញ​ទេ ទឹកនឹង​មិនមាន​សម​មាត្រ​គ្នា ហើយ​វា​អាចធ្វើ​ឲ្យ​បាក់​ទំនប់ទឹក បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់ កាន់តែ​ធ្ងន់ធ្ងរ ដល់​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល។

ទោះជា​យ៉ាងណា លោក ចាន់ យុ​ត្ថា បាន​បន្តថា ការរំដោះ​ទឹក​ចេញពី​អាង​កំពីងពួយ​នេះ វា​ចៀស​មិន​ផុត​ពីការ​​ប៉ះពាល់​ដល់​ប្រជាជន​នៅ​ផ្នែក​ខាងក្រោម​អាង​នោះទេ។ ប៉ុន្តែ​ កាលពី​ម៉ោង១រសៀល អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​សុវត្ថិភាព​រួចរាល់​ហើយ។

គួរ​បញ្ជាក់ថា ទឹក​ដែល​ហូរ​ចេញពី​ការបើក​អាង​កំពីងពួយ​នេះ គឺ​ហូរ​ធ្លាក់​ទៅកាន់​អូរ​គគី ស្រុក​ឯក​ភ្នំ រួច​បន្ត​ធ្លាក់​ទៅ​បឹង​ទន្លេសាប។ ទឹកជំនន់​កំពុង​បន្ត​វាយលុក​ខេត្តបាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ និង​ខេត្ត​មួយចំនួនទៀត​តាម​ដង​ទន្លេមេគង្គ។ រហូតមកដល់​ពេលនេះ​ទឹកជំនន់​បានសម្លាប់​មនុស្ស ៨៣នាក់​ហើយ។

យ៉ាងណាក៏ដោយ បើតាម​មន្ត្រី​ក្រសួង​ធនធាន អាកាសធាតុ​ នៅ​ខេត្តបាត់ដំបង ​ថ្ងៃ​អង្គារ​ទី៨តុលា​នេះ មាន​ភាពល្អប្រសើរ​ជាងថ្ងៃមុន។ ចំណែក​ទឹក​ក៏បាន​ស្រក​ចុះ​ជាបណ្តើរៗហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ