អានតួអត្ថបទ
កម្ពុជា

ទឹក​​ជំនន់​​​​ស្រក​​​​នៅ​​​​​​ប៉ៃលិន​​​ និង​​​សៀម​​រាប​​ ខណៈ​​ក្រុង​​និង​​ស្រុក​​ទាំង​៩​​នៅ​​បន្ទាយ​មាន​ជ័យ​​ ជន់​លិច​​​

ទឹកជំនន់​មានការ​ស្រក​ជាបណ្ដើរៗ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី០៧ តុលា នេះ​ ជាពិសេស​នៅ​ខេត្ត​ប៉ៃលិន និងខេត្ត​សៀម​រាប។ ប៉ុន្តែ ​ខេត្តបន្ទាយមានជ័យ​ នៅជាប់​ទល់ដែន​ថៃ​ឯណោះ​វិញ ទឹកជំនន់​នៅ​នៅតែ​គ្របដណ្ដប់​ទូទាំង​ក្រុង និង​ស្រុក​ទាំង៩​ដដែល។

ទិដ្ឋភាពទឹកជំនន់នៅក្រុងសៀមរាប
ទិដ្ឋភាពទឹកជំនន់នៅក្រុងសៀមរាប sokpheary
ផ្សាយពាណិជ្ជកម្ម

មកដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី០៧ តុលា​នេះ កំពស់​ទឹក​នៅ​ខេត្ត​ប៉ៃលិន​បាន​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ។ បើតាម​លោក ណុប សេរី​យុទ្ធ ស្នងការរង​ខេត្ត​ប៉ៃលិន ​ឲ្យ​ដឹងថា ផ្លូវ​មួយចំនួន​នៅក្នុង​ឃុំ​ស្ទឹងត្រង់ ​ដែល​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​កាលពី​ម្សិលមិញ ប្រជាជន​អាច​ដើរ និង​បើកបរ​បាន​វិញ​ហើយ ​នៅក្នុង​ថ្ងៃចន្ទ​នេះ។

គួររម្លឹកថា ខេត្ត​ប៉ៃលិន​ធ្លាប់​រងគ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​ម្ដង​ហើយ​កាលពី​ឆ្នាំ ១៩៩៤ ហើយ​នៅក្នុង​ឆ្នាំ២០១៣ នេះ លោក​ស្នងការរង​ខេត្ត​រូបនេះ​បញ្ជាក់ថា ទំហំ​ទឹកជំនន់​ឆ្នាំ២០១៣ នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ជំនន់​ឆ្នាំ ១៩៩៤ទៀត។ គួរ​បញ្ជាក់ថា នគរបាល កងរាជអាវុធហត្ថ ទាហាន​ប្រចាំ​ព្រំដែន និង​អាជ្ញាធរ​ភូមិ-ឃុំ​ កំពុងតែ​ចុះជួយ​សង្គ្រោះ និង​ផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ​ទាំងអស់​ នៅក្នុង​ខេត្ត​ប៉ៃលិន។

យ៉ាងណាក៏ដោយ លោក​ស្នងការរង ណុប សេរី​យុទ្ធ ក៏បាន​បញ្ជាក់​ពី​ផលវិបាក​មួយចំនួន​ក្នុងពេល​ជួយ​ជម្លៀស​ប្រជាជន។ ផលវិបាក​ដែល​បណ្ដា​ល​មកពី​ប្រជាជន មិន​ផ្ដល់​សហការ ហើយ​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​ខ្លួនឯង​មិន​ទទួលយក​ការជម្លៀស ​រហូត​ទាល់តែ​ទឹក​លិច​ដល់​ដំបូលផ្ទះ​ទើប​ស្រែក​រក​ជំនួយ។

នៅ​ខេត្ត​សៀមរាប​វិញ ទឹកជំនន់​ឆ្នាំនេះ​មាន​សភាព​ធ្ងន់ធ្ងរ​ដែរ តែ​មិន​ធ្ងន់​ដូច​កាល​ឆ្នាំ ២០១១ ឡើយ។ នេះ​បើតាម​លោក ទេព ប៊ុន​ឆាយ អភិបាលក្រុង​សៀមរាប។ លោក អភិបាលក្រុង​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹងថា ​ទឹកជំនន់​ខាងកើត​ក្រុង​សៀមរាប មាន​ភាព​ធូរស្រាល​ហើយ ចំណែកឯ​នៅ​ខាងលិច​ក្រុង​វិញ​ ទឹកជំនន់​នៅមាន​ច្រើនជាង​ខាងកើត​ក្រុង ​ដោយសារតែ​ខ្នង​ទំនប់​តា​កៅ​ បាន​បាក់​កាលពី​ពីរ​ថ្ងៃមុន។ លោក អភិបាលក្រុង​បន្តថា បើទោះជា​ខ្នង​ទំនប់​តាកៅ​បាន​បាក់​ក៏ពិតមែន ក៏​ទឹកជំនន់​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទបុរាណ​ឡើយ ហើយ​នៅថ្ងៃចន្ទ​នេះ​ដែរ​ ក៏មាន​បញ្ជា​ពី​អភិបាលខេត្ត​សៀមរាប ឲ្យ​រៀប​ចំបិទ​ទំនប់​ដែល​បាក់​នេះដែរ។ គួរ​រក​ម្លឹ​កថា ទឹកជំនន់​នៅ​សៀមរាប​ ក្នុង​ឆ្នាំ ២០១៣ នេះ​ បាន​ឆក់យក​ជីវិត​កុមារី​ពីរនាក់ ម្នា​ក់អាយុ ១ឆ្នាំ និង​ម្នាក់ទៀត​អាយុ៩ឆ្នាំ។

បើទោះជា​ខេត្ត ប៉ៃលិន និង​សៀមរាប ទឹកជំនន់​មានការ​ស្រក​ចុះ​ក៏ពិតមែន នៅ​ខេត្ត​បន្ទាយមានជ័យ​​ឯណោះ​វិញ​ទឹកជំនន់​នៅតែ​បន្ត​វាយប្រហារ​ស្រុក និង​ក្រុង​ទាំង៩របស់​ខេត្ត​មួយ​នេះ។ នេះ​បើតាម លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ។ អភិបាលខេត្ត​បន្ទាយមានជ័យ​នេះ​ដដែល​បាន​ឲ្យ​ដឹងថា ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​របស់លោកមាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំមុន។ ធ្ងន់ធ្ងរ​ត្រង់​ថា មកដល់ពេលនេះ ទឹកជំនន់​កំពុង​វាយប្រហារ​មកលើ​ស្រុក និង ក្រុងទាំង ៩ របស់​ខេត្ត​មួយ​នេះ។ ហើយ​ថា អាជ្ញា​ខេត្ត​បាន​កំពុងតែ​ជម្លៀស​ប្រជាជន​មកកាន់​ទីទួល​សុ​វត្ថិភាព ទីទួល​សុ​វត្ថិភាព​ដែលមាន​ចម្ងាយ​ប្រមាណ១៥ គីឡូម៉ែត្រ ពី​តំបន់​ទឹក​លិច។ ការជម្លៀស​ដែលមាន​ចំងាយ​ឆ្ងាយ​បែបនេះ​គឺ​ដោយសារ​ស្រុក ភូមិ​មួយចំនួន​ត្រូវបាន​លិចលង់​ទាំងស្រុង។ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ដែរថា ការជម្លៀស​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្វើឡើង​តាមរយៈ​ទូក​សុ​វ​ត្ថិភាព​​ប្រចាំខេត្ត និង ទូក​សហគមន៍​របស់​ប្រជាពលរដ្ឋ​ដែលមាន​ប្រមាណ​ជាង ១០ គ្រឿង។

ហើយ​មកដល់ពេលនេះ កាកបាទក្រហម អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ អង្គការ Caritas និង សម្បុរ​សជន​នានា​កំពុងតែ​ផ្ដល់ជំនួយ ជា​ស្បៀងអាហារ ថ្នាំ​សង្កូវ និង​របស់របរ​ប្រើប្រាស់​ដល់​ប្រជាជន​រងគ្រោះ ​ក្នុង​ខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយ លោក​អភិបាល​ខេត្ត​ក៏បាន​ប្រាប់​ដែរ​ថា ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ដោយសារ​គាត់​ចេញទៅ​ដាក់មង​ ក្នុងពេល​ទឹកជំនន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ