អានតួអត្ថបទ
កម្ពុជា

ទឹក​ជំនន់​បន្ត​ស្រក​ចុះ ​ខណៈ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​១២២​នាក់​

មន្ត្រី​​ជំនាញ​​លើកឡើង​ ទាក់ទង​​​ស្ថាន​​ភាព​​គ្រោះ​ទឹក​ជំន​ន់​​​នៅ​​​ទូទាំង​​​ប្រទេស​​ ​​ថា​ ទឹក​ជំនន់​ដែល​​បង្ក​ដោយ​​ទឹក​​ភ្លៀង​ និង​​ទឹក​ទន្លេ​​​មេគង្គ គិត​​ត្រឹម​​ព្រឹក​​ថ្ងៃ​ទី​១២​​តុលា​នេះ ​មាន​ការ​ស្រក​​ចុះ​​គួរ​ឲ្យ​កត់​​សំគាល់​ហើយ។ ប៉ុន្តែ ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ពី​ចំនួន​១០៤​នាក់ ដល់​ ១២២​នាក់ ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ។

ជំនន់ទឹកភ្លៀងលិចផ្លូវមួយកន្លែង ក្នុងទីក្រុងភ្នំពេញ។
ជំនន់ទឹកភ្លៀងលិចផ្លូវមួយកន្លែង ក្នុងទីក្រុងភ្នំពេញ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក ញឹម វណ្ណដា ទេស​រដ្ឋម​ន្ត្រី និង​ជា​អនុ​ប្រធាន​ទី១ នៃ​គណៈកម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​កំពុង​បន្ត​តាមដាន​ស្ថាន​ភាព​ជំនន់​ទឹកភ្លៀង និង​ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​នេះ​ថា ​ទឹកជំនន់​ដែល​បាន​កើតឡើង​ធ្ងន់ធ្ងរ​ជាង​មួយខែ​កន្លងទៅនេះ ចាប់ផ្តើម​ស្រក​ទៅវិញ​ជា​បណ្តើ​រៗហើយ។

លោក​បាន​បន្តថា នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់​ដំបង ដែល​ស្ថានភាព​ទឹកជំនន់​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ​នោះ កម្រិត​ទឹកបាន​ស្រក​គួរ​ឲ្យ​កត់​សម្គាល់ ​លែង​ក្លាយ​ជា​ការ​បារម្ភ​ទៅ​ជា​ទឹក​ជំនន់​ទៀត​ហើយ។

ប៉ុន្តែ ​បើតាម​លោក ញឹម វណ្ណា ​ដដែល ​នៅ​ផ្លូវជាតិ​លេខ៥​ចន្លោះ​ពី​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ​រហូត​ដល់​ស្រុក​មង្គល​បូរី និង​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ​ទឹក​នៅ​បន្ត​លិច​ផ្លូវជាតិ​នេះ​នៅ​ឡើយ ដោយ​សារតែ​មុខទឹក​ត្រូវ​ហូរ​ពី​តំបន់​ផ្សេង​របស់​ខេត្ត​ទាំងអស់នោះ ធ្លាក់ចូល​ទៅកាន់​បឹង​ទន្លេសាប។

គួរ​បញ្ជាក់​ថា ទឹក​ជំនន់​នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​កាលពី​ថ្ងៃទី​១០​តុលា​កន្លងទៅនេះ បានធ្វើ​ឲ្យ​ពន្ធនាគារ​ខេត្ត​ត្រូវ​ជន់​លិច​កម្ពស់​ចន្លោះ​ពី ១ ម៉ែត្រ​កន្លះ ដល់១ម៉ែត្រ៧០សង់ទីម៉ែត្រ។ ទឹក​បាន​លិច​​ចូលទៅក្នុង​បន្ទប់​ពន្ធនាគារ។ ស្ថានភាព​នេះ​បាន​បង្ខំ​ឲ្យ​អ្នកទោស​ជាង១០០០នាក់​ត្រូវបាន​ផ្ទេរ​ទៅកាន់​ពន្ធនាគារ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង។

ដោយ​ឡែក ស្ថាន​ភាព​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​មេគង្គ​ ដូចជា ស្ទឹងត្រែង ក្រចេះ កំពង់ចាម​ កណ្តាល​ ព្រៃវែង កម្រិត​ទឹក​ជំនន់​ក៏បាន​ស្រកស្រុត​ជា​បន្ត​បន្ទាប់​ផងដែរ។ នេះ​បើតាម​លោក ញឹម វណ្ណដា។

ទោះ​យ៉ាង​ណា បើ​តាម​ការបញ្ជា​ក់រប​ស់លោក ញឹម វណ្ណដា ទឹក​​អាច​​ស្រក​ចុះ​​ឆាប់រហ័ស​​ក្នុង​រយៈពេល២ ឬ៣ថ្ងៃ​​ខាងមុខ​ទៀត ប្រសិនបើ​កម្ពុជា​ចៀស​ផុតពី​ឥទ្ធិពល​ព្យុះ និងគ្មាន​ភ្លៀង​ធ្លាក់​បន្តទៀត​នោះ។ ប៉ុន្តែ​ លោក​បន្ថែមថា បើទោះបីជា​​​ទឹកជំនន់​នៅពេលនេះ​​បានចាប់ផ្តើម​ស្រក តែ​ចំនួន​អ្នកស្លាប់​បាន​កើន​ចំនួន​រហូតដល់​ទៅ១២២នាក់ ដែល​ភាគច្រើន​ជា​កុមារ។

យ៉ាងណាក៏ដោយ របាយ​ការ​ណ៏​សរុប​ពី​ផលប៉ះពាល់​នៃ​ទឹកជំនន់​ នៅ​មិនទាន់​បូកសរុប​នៅឡើយ​ទេ ខណៈដែល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​តាម​ខេត្ត​ដែល​ប៉ះពាល់ និងមន្ត្រី​កាកបាទ​ក្រហម​​កម្ពុជា​ កំពុងតែ​មមាញឹក​ចុះ​ផ្តល់ជំនួយជួយ​សង្គ្រោះបន្ទាន់​ ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ទាំងអស់នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ