អានតួអត្ថបទ
កម្ពុជា

វិបត្តិ​នៅ​សាលាក្តី​ខ្មែរក្រហម​នៅ​តែ​បន្ត​អូសបន្លាយ​គ្មាន​ច្រក​ចេញ​

វិបត្តិ​​ថវិកា​និង​បញ្ហា​សុខភាព​ជន​ជាប់ចោទ ​នៅតែ​បន្ត​យាយី​សាលាក្តី​ខ្មែរក្រហម​ដដែល រហូត​មក​ដល់​ចុង​សប្តាហ៍​នេះ។ សវនាការ​សំណុំ​រឿង០០២ ត្រូវ​បាន​ផ្អាក​ជា​ថ្មី​ម្តង​ទៀត ដោយសារ​តែ​ជន​ជាប់ចោទ នួន ជា វិល​ចូល​មន្ទីរពេទ្យ​វិញ ចំណែក​ឯ​បញ្ហា​ថវិកា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។ បុគ្គលិកនិង​មន្ត្រី​តុលាការ​ភាគី​កម្ពុជា​ដែល​មិន​បាន​បើក​ប្រាក់ខែ ​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ២០១២មក​នោះ នៅ​តែ​បន្ត​រង់ចាំ​ទាំង​មួហ្មង​និង​អស់​សង្ឃឹម​ ពីព្រោះ​គ្មាន​ដំណឹង​អ្វី​សោះ​ពី​ម្ចាស់​ជំនួយ។

អគារ​តុលាការ​ខ្មែរ​ក្រហម
អគារ​តុលាការ​ខ្មែរ​ក្រហម រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សវនាការ​សំណុំ​រឿង ០០២ នៃ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បាន​ផ្អាក​ជា​ថ្មី​ម្តង​ទៀត ​ចាប់តាំង​ពី​ថ្ងៃ​សុក្រ​មក ​ដោយសារ​តែ​បញ្ហា​សុខភាព​របស់​ជន​ជាប់ចោទ។ លោក នួន ជា អតីត​បងធំ​ទី​២ នៃ​របប​ខ្មែរក្រហម​ដែល​ជា​ជន​ជាប់ចោទ​ដ៏​សំខាន់​ម្នាក់ ​ត្រូវ​បាន​គេ​ដឹក​ចូល​មន្ទីរពេទ្យ​វិញ​ហើយ នៅ​ចុង​សប្តាហ៍​នេះ​បន្ទាប់​ពី​លោក​មាន​សភាព​ហេវហត់​ ចុះ​ខ្សោយ​កម្លាំង​យ៉ាង​ខ្លាំង។

អវត្តមាន​របស់ នួន ជា បាន​ធ្វើ​ឲ្យ​សវនាការ​ផ្អាក​ដំណើរ​ការ​ជា​ថ្មី​ម្តង​ទៀត។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ នេះ។ ទន្ទឹម​នឹង​ការ​ផ្អាក​សវនាការ​ជា​ថ្មី វិបត្តិ​ថវិកា​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ទៀត​របស់​សាលាក្តី នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ដដែល។ រហូត​មក​ទល់​ពេល​នេះ បុគ្គលិក និង​មន្ត្រី​ភាគី​កម្ពុជា​ជិត ៣០០ នាក់​មិន​បាន​ទទួល​ប្រាក់ខែ ​ឈាន​ដល់​ខែ​ទី​៣​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គ្មាន​ប្រទេស​ម្ចាស់​ជំនួយ​ណា​មួយ ​បាន​សន្យា​គាំទ្រ​ថវិកា​ដល់​ភាគី​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៣ នៅ​ឡើយ​ទេ។

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​សាលាក្តី​ខ្មែរក្រហម ​កាល​ពី​ថ្ងៃ​ទី​៤​ កុម្ភៈ នាយក​រដ្ឋមន្ត្រី​បារាំង Jean-Marc Ayrault បាន​បញ្ជាក់​ថា ប្រទេស​បារាំង​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​សាលាក្តី​ខ្មែរក្រហម ក្នុង​កម្រិត​៥ សែន​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០១៣​នេះ​ដូច​មុន​ដែរ ប៉ុន្តែ​ជំនួយ​នេះ​គឺ​សម្រាប់​ទ្រទ្រង់​ភាគី​អន្តរជាតិ​តែ​ប៉ុណ្ណោះ គឺ​គ្មាន​ថវិកា​សម្រាប់​ភាគី​កម្ពុជា​ទេ។ បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ភាគី​កម្ពុជា​នៅ​ខ្វះ​ថវិកា​ទាំងស្រុង​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​និង​មន្ត្រី​ជនជាតិ​ខ្មែរ​ ក្នុង​ឆ្នាំ ២០១៣​នេះ។

ទន្ទឹម​នឹង​វិបត្តិ​ថវិកា​ដ៏​ធ្ងន់ធ្ងរ​នេះ សវនាការ​សំណុំរឿង ០០២ ដែល​ជា​សំណុំរឿង​សំខាន់​ជាង​គេ​របស់​សាលាក្តី​ខ្មែរក្រហម​ ត្រូវ​បាន​ផ្អាក​ជា​ញឹកញាប់​ដោយសារ​តែ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ។ រហូត​មក​ទល់​ពេល​នេះ​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង ០០២ នៅ​សល់​តែ​៣​នាក់​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោកស្រី អៀង ធីរិទ្ធិ អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម​ត្រូវ​បាន​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​ ដោយសារ​ជំងឺ​បាត់​ការ​ចងចាំ។ ជន​ជាប់ចោទ​ទាំង​បី​ចុង​ក្រោយ​ មាន អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម អាយុ ៨៧ឆ្នាំ, នួន ជា អតីត​ប្រធាន​សភា អាយុ ៨៦ឆ្នាំ និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ អាយុ ៨២ឆ្នាំ។

ជន​ជាប់ចោទ​ដែល​មាន​វ័យ​ចាស់​ជរា​យ៉ាង​ខ្លាំង​ទៅ​ហើយ​នោះ​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ និង​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជា​ញឹកញាប់។ សវនាការ​នឹង​បន្ត​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ​ខាង​មុខ​ ទើប​បើក​ដំណើរការ​ឡើងវិញ ប្រសិន​បើ​សុខភាព​របស់ នួន ជា បាន​ធូរ​ស្បើយ​និង​អាច​ចេញពី​មន្ទីរពេទ្យ​វិញ​ដូច​ការ​គ្រោង​ទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ