អានតួអត្ថបទ
កម្ពុជា

បុគ្គលិកជាតិ​នៅ​តុលាការ​ខ្មែរក្រហម ដាក់​ឱសានវាទ​ត្រឹម​ដំណាច់​ខែ​មករា ពី​រឿង​ប្រាក់ខែ

នៅ​ថ្ងៃ​ពុធ ទី​២៣​មករា​នេះ បុគ្គលិក​ជាតិ ដែល​បម្រើការ​នៅ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​សរសេរ​លិខិត​មួយច្បាប់ ដាក់​ទៅ​កាន់​ផ្នែក​រដ្ឋបាល ដើម្បី​សួរនាំ​អំពី​ប្រាក់ខែ សម្រាប់​ខែ​ធ្នូ។ បុគ្គលិក​ជាតិ ដែល​ជា​ជំនួយការ​របស់​ចៅក្រម ដែល​កំពុង​ដំណើរការ​កាត់ទោស​លើ​សំណុំរឿង​០០២ ក៏​បាន​ព្រមាន​ថា ពួកគេ​នឹង​ធ្វើការ​រហូត​ដល់​បំណាច់​ខែ​មករា​នេះ ហើយ​បើ​នៅតែ​មិនមាន​ប្រាក់ខែ​តទៅទៀត ពួកគេ​នឹង​លាឈប់​ពី​ការងារ។​

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

សាលាក្តី​ខ្មែរក្រហម កំពុង​ប្រឈម​នឹង​វិបត្តិ​ថវិកា។ បុគ្គលិក​ជាតិ​ជាង​ពាក់​កណ្តាល ក្នុង​ចំណោម​បុគ្គលិក​សរុប ២៩២ នាក់ បាន​សរសេរ​លិខិត​ទៅ​កាន់​ការិយាល័យ​រដ្ឋបាល​សាលាក្តី ជា​បន្តបន្ទាប់ ដើម្បី​សួរនាំ​ពី​ប្រាក់ខែ ពិសេស​ប្រាក់ខែ នៅ​ខែ​ធ្នូ។

នៅ​ថ្ងៃ​ពុធ​នេះ បុគ្គលិក​ជាតិ​ទាំងអស់ នៅ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង បាន​សរសេរ​លិខិត សួរនាំ​ពី​ការយឺតយ៉ាវ​អំពី​ការបើក​ប្រាក់ខែ ដោយ​លើកឡើង​ថា ក្នុង​គោលដៅ​បង្កា​មិន​ឲ្យ​រាំងស្ទះ​ភ្លាមៗ​ដល់​ដំណើរការ​ក្តី លើ​សំណុំរឿង​០០២/១ ដែល​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​ល្អ និង​រលូន គឺ បុគ្គលិក​ជាតិ​ទាំងអស់ នៅ​អង្គជំនុំជម្រះ​សាលាដំបូង ដែល​ជា​ជំនួយការ​ប្រចាំ​ថ្ងៃ​របស់​ប្រធាន និង​ចៅក្រម​ជាតិ នឹង​បន្ត​បំពេញការងារ​មួយ​រយៈពេល​សិន រហូត​ដល់​ចុង​ខែ​មករា ឆ្នាំ​២០១៣។ នេះ​បើ​តាម​អ្នកនាំពាក្យ​សាលាក្តី លោក នេត្រ ភក្ត្រា។​

លោក នេត្រ ភក្ត្រា បាន​បន្ថែមថា បុគ្គលិក​ជាតិ​ទាំងនោះ ក៏បាន​លើក​ឡើង​ថា បើ​សិន​ជា​នៅ​ក្នុង​ករណី​ដែល​គ្មាន​ព័ត៌មាន ឬ​មួយ​ក៏​ប្រភព ដែល​អាច​ជឿជាក់​បាន​ណាមួយ​ថា ប្រាក់ខែ​របស់​គាត់ នឹង​ត្រូវ​ទូទាត់ និង​បើក​ឡើង​វិញ ក្នុង​រយៈពេល​មួយ​សមស្រប នៅ​ពេល​ខាង​មុខ​ទេ គឺ​មន្ត្រី​ជាតិ នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង នឹង​ពិចារណា​លទ្ធភាព នៃ​ការធ្វើ​ពហិការ មិន​បំពេញ​ការងារ ឬក៏​ប្រកាន់​យក​វិធានការ​ចាំបាច់​ណា​មួយ ដើម្បី​ដោះស្រាយ​ជីវភាព​ផ្ទាល់ខ្លួន។​

តាម​អ្នកនាំពាក្យ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បុគ្គលិក​ជាតិ​នៅ​តុលាការ​ខ្មែរក្រហម ផ្នែក​គ្រប់គ្រង​តុលាការ ផ្នែក​បកប្រែ និង​នៅ​ផ្នែក​អង្គជំនុំជម្រះ​តុលាការ​កំពូល ក៏​បាន​សរសេរ​លិខិត​សួរនាំ​ពី​រឿង​ប្រាក់ខែ​ផងដែរ។

​លោក នេត្រ ភក្ត្រា បាន​កត់សម្គាល់​ថា បើសិន​ជា​បញ្ហា​នេះ នៅពេល​ពន្យារពេល មិនទាន់​មាន​ដំណឹង​ឲ្យបាន​មុន​ថ្ងៃ​ទី​៣១​មករា​ទេ នោះ​​បុគ្គលិក​ជាតិ នឹង​ឈប់​ធ្វើការ ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ជំនុំ​ជម្រះ​ក្តី ដែល​នឹង​ក្លាយជា​ឧបសគ្គ​មួយ នៅ​ក្នុង​ដំណើរការ​ស្វែង​រក​យុត្តិធម៌ សម្រាប់​ប្រជាជន​កម្ពុជា។​

យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា សង្ឃឹមថា ប្រទេស​ម្ចាស់​ជំនួយ នឹង​ពិចារណា​លើ​បញ្ហា​ប្រឈម​ផ្នែក​ថវិកា​របស់​តុលាការ​ខ្មែរក្រហម នាពេលនេះ ហើយ​នឹង​អនុម័ត​លើ​កញ្ចប់​ថវិកា សម្រាប់​ដំណើរការ នៅ​ឆ្នាំ​២០១៣ ដែល​ភាគី​ជាតិ ត្រូវការ ៩,៣ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ ត្រូវ​ការប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ