អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រឆាំង​​​​ចាប់​​ផ្តើម​​ពិភាក្សា​នៅ​ហ្វីលីពិន​​​អំពី​​​ការ​​រួប​​រួម​គ្នា​​

ថ្នាក់​​​ដឹក​នាំ​​​គណបក្ស​​​សម រង្ស៊ី​​និង​​​គណបក្ស​​​សិទ្ធិ​មនុស្ស​ ​​​ចាប់​​​ផ្តើម​​​ការ​​​ពិភាក្សា​គ្នា​​នៅ​​ប្រទេស​​ហ្វីលីពិន​​​​អំពី​​​ការ​​​​រួបរួម​​គ្នា​​​​​នៅ​​​ថ្ងៃ​​ចន្ទ​​​​នេះ​​ ក្នុង​​​គោលដៅ​​​ដើម្បី​​ឲ្យ​​​គណបក្ស​​​ទាំង​​ពីរ​​​​មាន​​​កម្លាំង​​​កាន់​​តែ​​​​ខ្លាំង​​ឡើង​​​ដើម្បី​​​ប្រជែង​​ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា។​ ក្រោយ​​ការ​​​បញ្ចប់​​​ការ​​​ពិភាក្សា​​​​អំពី​​​ការ​​​រួបរួម​​​គ្នាមក​​ ​គណបក្ស​​​សម រង្ស៊ី​​​នឹង​​​នៅ​​​បន្ត​​​ជជែក​​ពី​​​បញ្ហា​​​ផ្ទៃ​​​ក្នុង​​​​ទៀត។​​

លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា
លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ត្រូវការ​​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៦និង​ថ្ងៃ​ទី​១៧​កក្កដា ​​ដើម្បី​ជជែក​អំពី​ផែនការ​រួបរួម​គ្នា​ប្រជែង​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

 

​មាន​បៀបវារៈ​សំខាន់​ពីរ​ដែល​​ត្រូវ​គ្រោង​ដាក់​លើ​តុ​ពិភាក្សា​នាទីក្រុងម៉ានីប្រទេស​​ហ្វីលីពីន។​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​លោក​គីមសួរ ភីរិទ្ធ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​នេះ​ចន្ទ​នេះ​ថា គណបក្ស​ទាំងពីរ​នឹង​ជជែក​អំពី​របៀប​នាំ​នៃ​ការ​បញ្ចូល​គ្នា​និង​យុទ្ធ​សាស្ត្រ​​នៃ​ការ​ប្រជែង​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣​ក្រោយ​នេះ។

ការ​ចរចា ​រួបរួម​គ្នា​នេះ​ ត្រូវ​ដឹកនាំដោយ​លោក សម រង្ស៊ីនិង​លោក​គឹម សុខា។យោង​តាម​​លោក​គីមសួរ ភីរិទ្ធ ប្រតិភូ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សម រង្ស៊ី​ទាំងអស់​ជាង​២០​រូប រួមមាន​សមាជិក​អចិន្ត្រៃយ៍ និង​តំណាង​គណបក្ស​ខេត្ត​មួយ​ចំនួន​បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ដដែល​ដែល​មិន​បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ​អត្ថាធិប្បាយ​ថា លោក​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​នៃ​កិច្ចចរចារ​រវាង​គណបក្ស​ដែល​​អះអាង​ថា ជា​គណបក្ស​ប្រឆាំង​ទាំងពីរ​នេះ ប្រសិនបើ​គណបក្ស​ទាំងពីរ​ទុក​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ​នោះ។

ពី​គណបក្ស​សិទ្ធិមនុស្ស​វិញ លោក​អ៊ូ ចន្ទឬទ្ធិ​ដែល​ជា​អគ្គ​ហិរញ្ញិក​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដែរ​ថា លោក​មាន​ក្តី​សង្ឃឹម​ច្រើន​ថា គណបក្ស​ទាំងពីរ​នឹង​អាច​សម្រេច​បាន​លទ្ធផល​ល្អ​នៃ​ការ​រួបរួមគ្នា​នេះ។ មូលហេតុ​ចំបង​មួយ​ដែល​លើកទឹក​អោយ​គណបក្ស​ប្រឆាំង​ទាំងពីរ​ឈាន​​ជើង​ដើរ​រក​គ្នា​វិញ​នោះ គឺ​ការ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​ថ្មីៗ​នេះរបស់ គណបក្ស​សិទ្ធិមនុស្ស នេះ​បើ​តាម​លោក​អ៊ូ ចន្ទឬទ្ធិ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨​កក្កដា ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ចំណែកឯ​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​សម រង្ស៊ី​នឹង​នៅ​បន្ត​ជជែក​អំពី​ការងារ​ផ្ទៃក្នុង​របស់​គណបក្ស​បន្ត​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ