អានតួអត្ថបទ
កម្ពុជា

គណបក្ស​សិទ្ធិ​មនុស្ស​និង​សមរង្ស៊ី​ត្រៀម​ក្រុម​ការងារ​ចរចា​រួចរាល់​អស់ហើយ

គណបក្ស​សិទ្ធិ​មនុស្ស​និង​សមរង្ស៊ី​ត្រៀម​ក្រុម​ការងារ​ចរចា​រួចរាល់​អស់​ហើយ។ គណបក្ស​ទាំងពីរ​គ្រោង​នឹង​ជួប​ចរចា​គ្នា​ដើម្បី​បង្កើត​សម្ព័ន្ធភាព​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១៦​និង​ទី​១៧​ខែ​កក្កដា​ក្រោយនេះ។ លោក សម រង្ស៊ី​និង​លោក កឹម សុខា​ ជា​អ្នក​ដឹកនាំ​គណៈប្រតិភូ​ក្នុងកិច្ច​ប្រជុំនោះ។

លោក ​កឹម​សុខា​​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ នឹង​​ទៅ​ជួប​​ថ្នាក់​ដឹកនាំ​​គណបក្ស​​សមរង្ស៊ី​​នៅ​ទីក្រុង​​ម៉ានីល
លោក ​កឹម​សុខា​​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ នឹង​​ទៅ​ជួប​​ថ្នាក់​ដឹកនាំ​​គណបក្ស​​សមរង្ស៊ី​​នៅ​ទីក្រុង​​ម៉ានីល RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​សមរង្ស៊ី​បាន​ប្រកាស​ប្រាប់​ដូចគ្នា​ថា ពួកគេ​បាន​ត្រៀម​ក្រុម​ការងារ​រួច​រាល់​ហើយ​សម្រាប់​ការ​ចរចា​បង្កើត​សម្ព័ន្ធ​ភាព​នា​ពេល​អនាគត។ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរិ៍​នេះថា គណបក្ស​របស់​លោក​បាន​ត្រៀម​ក្រុម​ការងារ​សម្រាប់​ការ​ចរចា​ជា​មួយ​គណបក្ស​សមរង្ស៊ី​​រួច​ហើយ។ ក្រុម​ការងារ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​​មានចំនួន​បីនាក់ពីក្នុង​ប្រទេស​​​​និង​ពីរ​នាក់​​​មក​ពី​ក្រៅ​ប្រទេស។ រីឯ​ខាង​គណបក្ស​សមរង្ស៊ី​វិញ អាច​មាន​ចំនួន​ពី​៣​ទៅ​៥​នាក់​ដែរ​​ហើយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​លោក សម រង្ស៊ី​ដែរ។

បើ​យោង​តាម​គម្រោង​ គណៈប្រតិភូ​នៃ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ​និង​លោក សម រង្ស៊ី​ គ្រោង​នឹង​ជួប​ចរចា​គ្នា​នៅ​ក្នុងទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១៦​និង​១៧​ខែកក្កដា​ក្រោយ​នេះ។ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​និយាយ​ថា លោក​មានក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​បង្រួប​បង្រួម​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ។ ហើយ​វា​ល្មម​ដល់​ពេល​សម្រាប់​ការ​រួបរួម​ផង។

លោក យឹម សុវណ្ណ​ អ្នកនាំពាក្យ​និង​ជា​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​​បាន​ថ្លែង​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរិ៍​នេះ​ថា គណបក្ស​របស់​លោក​​បាន​ត្រៀមក្រុម​ការងារ​ចរចា​​ជាមួយ​គណបក្ស​លោក​ កឹម សុខា រួចរាល់​ហើយ។ ប៉ុន្តែ​លោក យឹម សុវណ្ណ បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​គម្រោង​ចរចា​រវាង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​​នោះទេ។ បើ​ទោះ​បី​ជា​លោក យឹម សុវណ្ណ មិន​លម្អិត​ពី​គោល​បំណង​នៃ​ជំនួប​នោះ​ក៏​ដោយ ក៏​គេ​អាច​ដឹង​បានថា កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​រវាង​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​គឺ​មាន​គោលដៅ​ច្របាច់​បញ្ចូល​គ្នា​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ ប៉ុន្តែ​ត្រង់​ថា​លទ្ធផល​យ៉ាងណា​នោះ​ គេ​នៅ​មិន​ទាន់ដឹង​នៅ​ឡើយ​ទេ។

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១២​​កន្លងមកបាន​បង្ហាញ​ថា គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ជាង​៥​សែន​នាក់។ គណបក្ស​សមរង្ស៊ី​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​១លាន​២​សែននាក់។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំនួន​អ្នក​គាំទ្រ​ជាង​​៣​លាន​៦​សែន​នាក់។

សរុប​សម្រាប់​គណបក្ស​ធំៗ​ទាំង​បីនេះ សំឡេង​គាំទ្រ​មាន​ចំនួន​​៥​លាន​៣​សែននាក់​។ រីឯ​អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​កន្លងមក​មាន​ចំនួន​ជាង​៣​លាន​នាក់។ ដូច្នេះ គណបក្ស​ធំៗ​ទាំង​បី​នេះនឹង​ត្រូវ​ដណ្តើម​យក​សំឡេង​ដែល​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​​កាលពីការបោះឆ្នោត​ឃុំសង្កាត់​នាពេលកន្លងមក​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ