អានតួអត្ថបទ
រុស្ស៊ី-លីប៊ី

ទីក្រុង​​ម៉ូស្គូ​​បាន​​ទទួល​​ជួប​​បេសកជន​​​របស់​​ភាគី​​បះបោរ​​លីប៊ី

ការទទួល​ជួបនេះ ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Serguei Lavrov បាន​ប្រព្រឹត្ត​ទៅ រំលង​តែ ៦ថ្ងៃ ក្រោយពី​គាត់​បាន​ធ្វើ​ជំនួប​បែបនេះ នៅទីក្រុង​ម៉ូស្គូដែរ ជាមួយ​តំណាង​របប​លោកកាដាហ្វី ដើម្បី​រក​ច្រកចេញ ពី​អធិករណ៍​រ៉ាំរ៉ៃ នៅលីប៊ី ដោយ​សន្តិវិធី។

លោក​Abdel Rahman Shalkamតំណាង​ក្រុម​ប្រឆាំង​លីប៊ី ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​ម៉ូស្គូ
លោក​Abdel Rahman Shalkamតំណាង​ក្រុម​ប្រឆាំង​លីប៊ី ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​ម៉ូស្គូ ©Reuters
ផ្សាយពាណិជ្ជកម្ម

បេសកជន​របស់​ភាគី​បះបោរ​លីប៊ី ដែល​ដាក់ទិស​ផ្តួល​របបក្រុងទ្រីប៉ូលី គឺ លោក Abdel Rahman Shalkam។ គាត់ធ្លាប់​ធ្វើជា រដ្ឋមន្ត្រី​ការបរទេស​លីប៊ី ហើយ​នាពេលចុង​ក្រោយ បាន បំពេញ​មុខងារ​ ជា​តំណាង​អចិន្ត្រៃយ៍​របស់​លីប៊ី ប្រចាំ នៅអ.ស.ប.ទៅផង មុននឹង​ឆ្លងទៅ​នៅ​ខាង​ភាគី​ប្រឆាំង។

ក្រោយពី​គាត់​បាន​ទទួល​ជួប​ចរចា រសៀល​ម្សិលមិញ នៅ​ម៉ូស្គូ ដោយ​ប្រមុខ​ការទូត​រុស្ស៊ី លោក​Abdel Rahman Shalkam បាន​ថ្លែង​ថា កង​អាកាស​អូតង់​ដែល​វាយប្រហារ ទៅលើ​ទីតាំង​កងទ័ព​រដ្ឋាភិបាល លីប៊ី គឺ​ប្រតិបត្តិ​តាម​សេចក្តី​សម្រេច លេខ ១៩៧៣ ចេញថ្ងៃ​១៧​មីនា ដោយ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. ដើម្បី ការពារ​ជីវិត​បណ្តាជន​ស៊ីវិល។  ប៉ុន្តែ ព្រម​ជាមួយ​នេះ ភាគី​ប្រឆាំង នៅលីប៊ី ជំទាស់​ទល់​នឹង​អន្តរាគមន៍ ជា​យថាហេតុ នៃ​ទ័ព​ជើងគោក​អូតង់ ចូល​ក្នុង​ដែនដី​លីប៊ី។  ភាគី​ប្រឆាំង​នៅ​លីប៊ី មិន​យល់ព្រម​ធ្វើ​កិច្ច​ចរចា​អ្វីណា ជាមួយ​រូប​លោក កាដាហ្វី​ឡើយ។

តាម​ប្រសាសន៍ លោក​Abdel Rahman Shalkam ដែលជា​បេសកជន​ជាន់ខ្ពស់ តំណាង​ឲ្យ ភាគី​បះបោរ នៅលីប៊ី “យើង​យក​ចិត្ត​ទុកដាក់ ជា​ពន្លឹក​ទៅលើ​ការធ្វើ​សង្វាត ជាមួយ​រុស្ស៊ី ពីព្រោះ រុស្ស៊ី​ជា​ប្រទេស​សំខាន់​ណាស់ ជា​មហាអំណាច-សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា សន្តិសុខ​អ.ស.ប.។ យើងបាន​ឯកភាព​រក្សា​ទំនាក់ទំនង ជាប់ជានិច្ច ជាមួយ ទីក្រុងម៉ូស្គូ ជុំវិញ​ដំណើរ​វិវឌ្ឍន៍ទៅ នៃ​ស្ថានការណ៍ នៅលីប៊ី។

ពីចំណែកខ្លួន លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov បានថ្លែង​ថា ៖ ​ទីក្រុង​ម៉ូស្គូ មើលឃើញ​តួនាទី​ខ្លួន គឺ​នៅត្រង់​ជួយ​ជម្រុញ បញ្ឈប់​ការបង្ហូរ​ឈាម​ឲ្យ​បាន យ៉ាង​ឆាប់បំផុត រវាង​កងទ័ព​រដ្ឋាភិបាល និង កងកម្លាំង​បះបោរ នៅលីប៊ី។
ម៉ូស្គូ​ប្រាកដ​ក្នុងចិត្ត​ថា ស្ថានការណ៍​ដែល​ត្រូវតែ​កើតមាន ចៀសមិនផុត នៅលីប៊ី គឺ ៖
ទី១- បញ្ឈប់​ការបាញ់គ្នា
ទី២- ចុះ​ឲ្យ​បាន​ជា​កិច្ច​ព្រមព្រៀង​ស្តី​អំពី​យុទ្ធសន្តិភាព
ទី៣- បន្ទាប់មក ប្រព្រឹត្ត​ទៅ សង្វាត​ដោយ​ចំពោះ ឬ ដោយ​ប្រយោល រវាង​ភាគី​បដិបក្ខហើយ នៅ​ទីបំផុត គឺ សម្រេច​ឲ្យ​បាន​នូវ​ការបង្រួប​បង្រួម​ជាតិ ក្នុង​ផលប្រយោជន៍ ប្រជាជន​លីប៊ី​ទាំងមូល ក្នុង​ផលប្រយោជន៍​អធិបតេយ្យ និង​បូរណភាព​ដែនដី​រដ្ឋលីប៊ី​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ