អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​​អេហ្ស៊ីប​​ស្លាប់​​ឬ​​នៅ​​រស់​?​​

តើ​​​​អតីត​​​ប្រធានាធិបតី​​ Hosni​​ Moubarak​​ ស្លាប់​​​ឬ​​​នៅ​​​រស់ ​?​​នេះ​​​​ជា​​​សំណួរ​​​ដែល​​​កំពុង​​​ចោទ​​​ឡើង​​​នៅ​​​ក្នុង​​​មតិ​​​សាធារណៈ​​​អេហ្ស៊ីប​។​ ​​មក​​​ទល់​​​ថ្ងៃ​​​ពុធ​​​នេះ​​ គេ​​​នៅ​​​ពុំ​ទាន់​​​ដឹង​​​ព័ត៌មាន​​​អ្វី​​​ច្បាស់​​​លាស់​​​ស្តី​ពី​​​ស្ថានភាព​​​សុខភាព​​​របស់​​​លោក​​ Moubarak​ ​​នៅ​​​ឡើយ​​​ទេ។​​ ដោយ​ហេតុ​​​ថា​​ព័ត៌មាន​​​ដែល​​​បា​ន​​​ផ្សាយ​​​នៅ​​​ក្នុង​​​​ប្រទេស​​​​មាន​​​ភាព​​​ផ្ទុយ​​​គ្នា​ខ្លាំង​​​​​មែន​​ទែន ។​​ ​បើ​​​គេ​​​ជឿ​​​តាម​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ផ្លូវការ​​អេហ្ស៊ីប​​ Mena​​​​ "Moubarak​​​ ប្រហែល​​​ជា​​​ស្លាប់​​​​នៅ​​​មន្ទីរ​ព្យាបាលរោគ​​​ហើយ"។​ ប៉ុន្តែ​​​ប្រភព​​​មន្ទីរ​ពេទ្យ​​​​​​និង​​​ប្រភព​​​យោធា​​​​​បាន​​​ជូន​​ដំណឹង​​ថា​​​ "អតីត​ប្រធានាធិបតី​អេហ្ស៉ីប​​កំពុង​​តែ​​​សន្លប់​​​បាត់​​ស្មារតី »។​​

អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Moubarak ប្រហែលជាស្លាប់ហើយនៅក្នុងមន្ទីរព្យាបាលរោគ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការMena
អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Moubarak ប្រហែលជាស្លាប់ហើយនៅក្នុងមន្ទីរព្យាបាលរោគ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការMena Reuters
ផ្សាយពាណិជ្ជកម្ម

នរណាក៏បានដឹងដែរ ថា​លោក Hosni Moubarak ពុំមានសុខភាពល្អទេ ។ នេះហើយ​គឺជា​ព័ត៌មាន​​​តែ​មួយ​គត់​​ដែល​សាធារណជន​អេហ្ស៊ីប ​បានជ្រាបដឹងពិតប្រាកដ។ លោក Hosni Moubarak អតីតប្រធានាធិបតីអេហ្ស៊ីបដែលមានអាយុ​​៨៤​ឆ្នាំ​និង​គ្រប់គ្រង​អំណាច​រយៈ​ពេល​៣០​ឆ្នាំ​នៅក្នុងប្រទេស​ ត្រូវបានតុលាការអេហ្ស៊ីបផ្តន្ទាទោស​ឲ្យជាប់​គុក​អស់​មួយ​ជីវិត​ដោយ​ហេតុ​​ការបញ្ជា​បាញ់សម្លាប់​ពួកបាតុករ​ក្នុងអំឡុង​ពេលបះបោរដែល​​បាន​ផ្តួល​ទម្លាក់​គាត់​នៅឆ្នាំ​២០១១​។

លោកMoubarak ឥឡូវនេះ កំពុង​តែសន្លប់​បាត់​ស្មារតីនិង​ដកដង្ហើម​តាមសិប្បនិម្មិត​-នេះ បើ​យោង​តាម​​ការ​ជូនដំណឹង​​របស់ក្រុម​មន្ត្រី​យោធាអេហ្ស៊ីប​។ ប៉ុន្តែ​បើគេ​ជឿ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​​​​ផ្លូវការអេហ្ស៊ីប​ឈ្មោះ Mena ​វិញ“លោក Hosni Moubarak​ ប្រហែល​​ជា​ស្លាប់​បាត់​ទៅ​ហើយ​​នៅ​មន្ទីរ​ព្យាបាលរោគ"​។

 ដោយពិត មន្ទីរ​ពេទ្យ​យោធានៅ Maadi​ ប៉ែកខាងត្បូងអេហ្ស៊ីប ​ជាទីដែល លោក Hosni Moubarak​ ស្ថិតនៅព្យាបាលនោះ​- ពុំបានប្រគល់នូវ​កំណត់ហេតុសុខភាព​​ផ្លូវការ​​​​ណា​មួយ​ឡើយ ពាក់ព័ន្ធនឹងសុខភាពរបស់លោក Moubarak។ ប៉ុន្តែគេគ្រាន់តែ​ ​ដឹងថា លោក  Moubarak មានជម្ងឺបេះដូងនិង​​​បញ្ហាដាច់សរសៃខួរក្បាល​ ហេតុនេះហើយ​បាន​ជា​គាត់ ត្រូវ​បាន​គេបញ្ជូន​​​ទៅ​កាន់មន្ទីរព្យាបាល​យោធា​មួយ​ជា​បន្ទាន់​ ។​

តាំងពីពេលនោះមក ព័ត៌មានអ្វីៗ​ស្តីពី​ស្ថានភាព​សុខភាព​​របស់​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​នេះ​ ត្រូវ​​​បាន​​គេ​​បិទ​ខ្ទប់​ជិតស្លុងដែរ។ ម្យ៉ាងទៀត បន្ទាប់ពីការផ្សាយដំណឹង​អំពីមរណភាព​របស់​លោក Hosni Moubarak នៅ​មន្ទីរ​ព្យាបាលរោគ​ ​​កាលពី​​យប់មិញមក បាតុកម្ម​និង​ឧប្បត្តិហេតុ​​ខ្លះ ក៏បានកើតមានដែរ។

ជាដំបូង គឺក្រុម​បក្សព័ន្ធ​​របស់​​លោក Moubarak ដែលកាន់រូបថត​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​​មក​ជា​មួយ​ផង បានធ្វើដំណើរមកដល់​មុខមន្ទីរព្យាបាល​យោធា​​នៅ  Maadi ដែល​ស្ថិត​​នៅ​ពី​ខាង​មុខ​នៃ​ទន្លេ Nil ហើយបន្តិចក្រោយមក ខាងបក្សព័ន្ធ​អ្នកប្រឆាំងលោក Moubarak ក៏​មក​ដល់​ដែរដែល ​ចេញ​មក​ពី​ទីលាន​​បដិវត្តន៍ Tahrir  ។​ ភ្លាមៗនេះ គូ​បដិបក្ស​ទាំង​​ពីរ​ក្រុម​ បាន​ដំឡើង​​សរសៃ​កដាក់គ្នា ​រហូតដល់មានការប៉ះទង្គិចគ្នាដែរ។  ខាងកងកម្លាំងរក្សាសណ្តាប់​ធ្នាប់​​ នៅទីនោះ ក៏មិនបានធ្វើ អន្តរាគមន៍អ្វីដែរ តែ​ទីបំផុត​ទៅ​ ឧប្បត្តិហេតុនេះ ក៏​បាន​ស្ងប់​ស្ងាត់​ទៅវិញ​ដោយ​​ឯកឯង។ ​​

នៅជុំវិញ ស្ថានភាពសុខភាពលោកMoubarak នេះ ក៏មាន​ប្រតិកម្ម​ទម្លាក់​ការ​ទទួលខុស​ត្រូវ​​​ទៅ​លើរដ្ឋ​អំណាចអេហ្ស៊ីបដែរ ។​ ​​មេធាវី​​ម្នាក់ របស់លោក Moubarak បាន​ចោទ​អាជ្ញាធរ​អេហ្ស៊ីប​ថា​បាន​បដិសេធ ​តាំងពី​មួយ​សប្តាហ៍​មកហើយ​ មិន​ព្រម​ដឹក​បញ្ជូន​លោក​ Moubarak ​ទៅកាន់​នៅ​មន្ទីរពេទ្យ​ធំទេ​ ដោយបាន​​​​យក​​លេស​ថា ខា្លច​មានគំនាបពី បក្ស​ព័ន្ធ​​ប្រឆាំង​នៅ​លើទី​លាន​បដិវត្តន៍ Tahrir។ ការពោលអាងរបស់អាជ្ញាធរ​អេហ្ស៊ីបបែបនេះ​​គឺគ្រាន់​តែជា​មធ្យោបាយ​​ដោះកុនមួយ និងក៏ ​​ដើម្បី​បំភាន់មតិ​សាធារណៈ​តែ​​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ